COVID-19
អន្តរជាតិ
WHO ប្រាប់​រដ្ឋ​អាហ្វ្រិក​ឲ្យ​ប្រយ័ត្ន ខណៈ​ករណី​ឆ្លង COVID-19 នៅ​អាហ្វ្រិក​ខាងត្បូង​ហក់​ឡើង​
21, Jul 2020 , 10:01 am        
រូបភាព
គ្រូពេទ្យអាហ្វ្រិកខាងត្បូងកំពុងពិនិត្យសុខភាពអ្នកជំងឺ។ រូបភាព AFP
គ្រូពេទ្យអាហ្វ្រិកខាងត្បូងកំពុងពិនិត្យសុខភាពអ្នកជំងឺ។ រូបភាព AFP
​ករណី​ឆ្លង​ជំងឺ COVID-19 នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង បាន​ហក់​ឡើង​ខ្ពស់​មិន​ធ្លាប់​មាននៅ​ថ្ងៃទី​២០ ខែកក្កដា​។ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ដាស់តឿន​ប្រទេស​តំបន់​អាហ្វ្រិក​ឯទៀត​ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន​របស់​ពួកគេ​ទល់នឹង​ការកើនឡើង​ជំងឺ​ផ្លូវដង្ហើម​មួយ​នេះ​។

 
 
​អាហ្វ្រិក​ខាងត្បូង នៅ​ថ្ងៃទី​២០ ខែកក្កដា បាន​រាយ​ករ​ណ៍​ពី​ករណី​ឆ្លង​ជំងឺ COVID-19 ប្រចាំថ្ងៃ​ដល់​ទៅ​១៣៣៧៣​នាក់ ដែល​តួលេខ​ឆ្លង​ច្រើនជាងគេ​មួយ​លើ​ពិភពលោក​។ តួលេខ​នេះ ធ្វើ​ឲ្យ​ករណី​ឆ្លង​សរុប​នៅ​ប្រទេស​តំបន់​អាហ្វ្រិក​មួយ​នេះ​មាន​ដល់​ជិត​៣៨​ម៉ឺន​នាក់ ហើយ​ចំនួន​អ្នក​ស្លាប់មាន​៥១៧៣​នាក់​ផងដែរ​។​
 
​ការ​ហក់​ឡើង​យ៉ាង​ឆាប់រហ័ស​បែបនេះ ត្រូវបាន​អង្គការសហប្រជាជាតិ​ចាត់ទុកជា​សារ​ព្រមាន​មួយ​សម្រាប់​ប្រទេស​ក្នុង​ទ្វីប​ក្រីក្រ​មួយ​របស់​ពិភពលោក​។ អ្នកជំនាញ​ជំងឺ​អាសន្ន​របស់ WHO លោក  Mike Ryan និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​២០ ខែកក្កដា ថា ប្រទេស​អាហ្វ្រិក​មួយចំនួន​មានបុត​ស្វា​ណា កេ​ន​យ៉ា ហ្សំ​ប៊ី ណា​មី​ប៊ី និង​ស៊ីម​បា​វ៉េ ក៏បាន​រាយការណ៍​ពី​ការកើនឡើង​ការឆ្លង​ជំងឺ COVID-19 នៅ​ប៉ុន្មាន​ថ្ងៃ​មកនេះ​។​
 
«​ថ្វីបើ​ចំនួន [​ករណី​ឆ្លង​] នៅ​ប្រទេស​ទាំងនោះ​នៅ​តូច ខ្ញុំ​គិតថា យើ​ចាប់ផ្ដើម​ឃើញ​ការកើនឡើង​ការឆ្លង​ជា​បន្តបន្ទាប់​នៅ​ប្រទេស​អនុតំបន់​សាហា​រ៉ា ហើយ​ខ្ញុំ​គិតថា យើង​ត្រូវ​គិតគូរ​ពី​បញ្ហា​នេះ​ឲ្យ​ម៉ត់ចត់​។​» លោក Ryan បញ្ជាក់​បែបនេះ​ដោយ​បន្ថែមថា អាហ្វ្រិក​ខាងត្បូង​ជា​ប្រផ្នូល​មិនល្អ ហើយ​អាចជា​ការព្រមាន​នូវ​អ្វីដែល​នឹង​កើតឡើង​នៅ​អាហ្វ្រិក​។ 
 
​មកទល់ពេលនេះ ស្ថានការណ៍​ជំងឺ COVID-19 នៅ​អាហ្វ្រិក ស្ថិតក្នុង​កម្រិត​ទាប​នៅឡើយ បើ​ប្រៀបធៀប​នឹង​ស្ថានការណ៍​នៅ​អាមេរិក ឥណ្ឌា និង​អាមេរិក​ឡាទីន​។ នៅ​អាមេរិក ករណី​ឆ្លង​ត្រូវបាន​រាយការណ៍​ខ្ទង់​៦​ម៉ឺន​នាក់​ប៉ុន្មាន​ថ្ងៃ​មកហើយ ដែល​ចំនួន​អ្នក​ឆ្លង​សរុប​មាន​ដល់​ជិត​បួន​លាន​នាក់ និង​ស្លាប់​១៤​ម៉ឺន​នាក់​។ ប្រេ​ស៊ី​ល រងគ្រោះ​ខ្លាំងជាងគេ​នៅ​អាមេរិក​ខាងត្បូង ជាមួយ​ករណី​ឆ្លង​សរុប​ជាង​ពីរលាន​នាក់ និង​ស្លាប់​៨​ម៉ឺន​នាក់​។​
 
​ក្នុង​សន្និសីទ​សារព័ត៌មាន​ដដែល​នោះ អគ្គនាយក WHO  Tedros Adhanom Ghebreyesus ក៏​ព្រមាន​ពី​ស្ថានភាព​គ្រោះថ្នាក់​ក្នុងចំណោម​ជនជាតិដើម​ផងដែរ​។ បើតាម​លោក Tedros គិត​ត្រឹម​ដើមខែ​កក្កដា ជនជាតិ​ចំនួន​ច្រើនជាង​៧​ម៉ឺន​នាក់ ឆ្លង COVID-19 នៅ​អាមេរិក ក្នុងនោះ​ជាង​២​ពាន់​នាក់​បាន​ស្លាប់​៕
 

Tag:
 WHO
  អាហ្វ្រិក
© រក្សាសិទ្ធិដោយ thmeythmey.com