ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មូលហេតុ​ស្មាន​មិន​ដល់​នៃ​ការ​រលាក​រ៉ាំរ៉ៃ​ក្នុង​រាងកាយ​
14, Mar 2021 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការ​រលាក​រ៉ាំរ៉ៃ​ក្នុង​រាងកាយ​ផ្សារភ្ជាប់​នឹង​ជំងឺ​គួរឱ្យ​ព្រួយបារម្ភ​ជាច្រើន​រួមបញ្ចូល​ទាំង​ជំងឺ​បេះដូង ជំងឺហឺត ជំងឺ​រលាក​ពោះវៀន ជំងឺមហារីក និង​ជំងឺ​ទឹកនោមផ្អែម​ដែល​តម្រូវឱ្យមាន​ការផ្លាស់​ប្ដូរ​របប​អាហារ​និង​របៀបរបប​រស់នៅ​ដើម្បី​ចៀសវាង​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​។ ថា​តើ​ការ​កត្តា​អ្វីខ្លះ​ដែល​បង្កបញ្ហា​នេះ​?



ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​កត្តា​ស្មាន​មិន​ដល់​នៃ​បញ្ហា​រលាក​រ៉ាំរ៉ៃ​ក្នុង​រាងកាយ ៖
 
១. ស្ត្រេ​ស​ពេក​
 
​ភាព​ស្ត្រេ​ស​ធ្វើឱ្យ​រាងកាយ​បញ្ចេញ​អ័រម៉ូន cortisol ដែល​ជួយ​ក្នុងការ​គ្រប់គ្រង​ការ​រលាក​។ ប៉ុន្តែ​ប្រសិនបើ​ស្ត្រេ​ស​ពេក​កម្រិត​នៃ​អ័រម៉ូន cortisol ក៏​កើនឡើង​ខ្ពស់​ដែល​យូរ​ទៅ​បង្ក​ជា​បញ្ហា​រាងកាយ​មិនសូវ​ឆ្លើយតប ឬ​ប្រតិកម្ម​នឹង​វា​វិញ​។ ជា​លទ្ធផល​ការ​រលាក​ក្នុង​រាងកាយ​ក៏​នឹង​កើតឡើង​ដោយ​អ័រម៉ូន cortisol ប្រែជា​គ្មាន​ប្រសិទ្ធភាព​អ្វី​ទៀត​។​
 
២. ការទទួល​ទាន​អាហារ​ដែល​អាច​បង្ក​ការ​រលាក​ក្នុង​រាងកាយ​
 
​អាហារ​មួយចំនួន​ដែល​អ្នក​ទទួលទាន​អាច​បង្កបញ្ហា​រលាក​រ៉ាំរ៉ៃ​ក្នុង​រាងកាយ​គួរឱ្យ​ព្រួយបារម្ភ​។ អាហារ​ទាំងនោះ​ភាគច្រើន គឺ​អាហារ​សម្បូរ​ខ្លាញ់​ឆ្អែត អាហារ​កែឆ្នៃ និង​អាហារ​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​។​
 
៣. ឥទ្ធិពល​នៃ​ថ្នាំ​មួយចំនួន​
 
​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​ថ្នាំ​មួយចំនួន​អាច​បង្កបញ្ហា​រលាក​រ៉ាំរ៉ៃ​ក្នុង​រាងកាយ​។ សូម្បី​ថ្នាំ​ប្រឆាំង​ការ​រលាក​ក៏​អាច​បង្ក​ជា​បញ្ហា​រលាក​ថ្លើម​ដែរ​ប្រសិនបើ​ទទួលទាន​ច្រើន​និង​ក្នុង​រយៈពេល​យូរ​។​
 
៤. ការជក់បារី​
 
​ទម្លាប់​នៃ​ការជក់បារី​មិន​ត្រឹមតែ​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​សួត​និង​ជំងឺ​បេះដូង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​អ្វីមួយ​ដែល​បង្ក​ការ​រលាក​រ៉ាំរ៉ៃ​ក្នុង​រាងកាយ​ផងដែរ​។​
 
៥. ការទទួល​ទាន​គ្រឿង​ស្រវឹង​លើស​កម្រិត​
 
​ការទទួល​ទាន​គ្រឿង​ស្រវឹង​លើស​កម្រិត​ច្រើនជាង ១ កែវ​ក្នុង​មួយថ្ងៃ​ចំពោះ​នារី និង​លើសពី ២ កែវ​ក្នុង​មួយថ្ងៃ​សម្រាប់​បុរស​ក៏​ជា​កត្តា​ចម្បង​មួយ​នៃ​បញ្ហា​រលាក​រ៉ាំរ៉ៃ​ក្នុង​រាងកាយ​ផងដែរ​។​
 
៦. ភាពធាត់​ជ្រុល​
 
​ភាពធាត់​ជ្រុល​មិន​ត្រឹមតែ​អាក្រក់​ចំពោះ​សន្លាក់​ដោយ​បង្ក​ការ​រលាក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺ​សុខភាព​រាងកាយ​ទាំងមូល​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​រក្សា​ទម្ងន់​ត្រឹមត្រូវ​មួយ​ដោយ​ជ្រើសរើស​របប​អាហារ​មាន​សុខ​ភាពល្អ​និង​ព្យាយាម​ធ្វើ​លំ​ហាត់ប្រាណ​ឱ្យបាន​ទៀងទាត់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​
 

© រក្សាសិទ្ធិដោយ thmeythmey.com