មេធាវី តបទៅតុលាការថា លោក កឹម សុខា យល់ច្បាស់ណាស់ពីអ្វី ដែលមានសិទ្ធិ និងមិនមានសិទ្ធិ
ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេធាវី តបទៅតុលាការថា លោក កឹម សុខា យល់ច្បាស់ណាស់ពីអ្វី ដែលមានសិទ្ធិ និងមិនមានសិទ្ធិ
21, Jul 2020 , 1:20 pm        
រូបភាព
លោក កឹម សុខា (ពាក់វ៉ែនតាខ្មៅនិងបង់ក្រមា) និងភរិយារបស់លោក (ឈរជិតលោក) ថតជាមួយសហការី នៅក្នុងបរិវេណអង្គរធំ
លោក កឹម សុខា (ពាក់វ៉ែនតាខ្មៅនិងបង់ក្រមា) និងភរិយារបស់លោក (ឈរជិតលោក) ថតជាមួយសហការី នៅក្នុងបរិវេណអង្គរធំ
ដោយ: ថ្មីៗ
ក្រោយចុះខេត្តជាបន្តបន្ទាប់ លោក កឹម សុខា ប្រធានអតីតគណបក្សប្រឆាំង ក៏ទទួលបានលិខិតមួយពីតុលាការ ដោយដាស់តឿនលោកថា «ប្រយ័ត្នហួសព្រំដែន»។ មេធាវីរបស់លោក បានចេញមកតបនឹងតុលាការ។



អ្នកស្រី ម៉េង សុភារី មេធាវីម្នាក់របស់លោក កឹម សុខា បានយកលិខិតរបស់តុលាការ ទៅបង្ហោះលើគណនីហ្វេសប៊ុក នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ដោយអមជាមួយសំណេរ ដូច្នេះថា៖«លោក កឹម សុខា តែងតែគោរពច្បាប់ កន្លងមក បច្ចុប្បន្ន និង ទៅអនាគត។ គាត់យល់ដឹងច្បាស់ណាស់នូវអ្វីដែលគាត់មានសិទ្ធិ និងមិនមានសិទ្ធិ»។

អ្នកស្រី សរសេរបន្តថា៖«លិខិតមួយសន្លឹកនេះ បញ្ជាក់ឲ្យសាធារណជនជាតិនិងអន្តរជាតិ យល់ឃើញកាន់តែច្បាស់ហើយថា លោក កឹម សុខា សូម្បីតែច្បាប់មិនបានហាមឃាត់សិទ្ធិដើរហើរ ក្នុងប្រទេស ឬជួបប្រជាពលរដ្ឋ ដែលស្រឡាញ់រាប់អាន សម្តែងសេចក្តីនឹករលឹកគាត់ ឬ [គាត់] ទៅទីកន្លែងសក្ការបូជា ក៏ត្រូវទទួលការក្រើនរំលឹក ឬអាចថាជាការផ្តល់ភ្លើងលឿងភ្លាមៗ ឲ្យមានការប្រុងប្រយ័ត្នផងដែរ»។

សំណេរចុងក្រោយរបស់អ្នកស្រី ម៉េង សុភារី ដែលសរសេរថា «លិខិតមួយសន្លឹកនេះ....ប្រុងប្រយ័ត្នផងដែរ» គឺដូចគ្នាបេះបិទទៅនឹងសំណេររបស់លោក ចាន់ ចេន ជាមេធាវីម្នាក់ដែររបស់លោក កឹម សុខា។ លោក ចាន់ ចេន បង្ហោះសំណេរនេះ លើគណនីហ្វេសប៊ុករបស់លោក មុនអ្នកស្រី ម៉េង សុភារី តែបន្តិចប៉ុណ្ណោះ។

រយៈពេលប៉ុន្មានថ្ងៃនេះ គេ សង្កេតឃើញលោក កឹម សុខា និងសហការីមួយចំនួន បានចុះទៅខេត្តនានាជាប់ៗគ្នា រួមមាន កំពង់ចាម ត្បូងឃ្មុំ សៀមរាប ពោធិ៍សាត់ កំពត បន្ទាយមានជ័យ និង បាត់ដំបង ជាដើម។ តាមរយៈរូបភាព ដែលបង្ហោះលើបណ្តាញសង្គម គេ ឃើញលោក បានជួបប្រជាពលរដ្ឋខ្លះៗ និងបានទៅកន្លែងសក្ការបូជា ដូចជា អ្នកតាឃ្លាំមឿង ជាដើម។

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ លោក កឹម សុខា សរសេរលើទំព័រហ្វេសប៊ុក ថ្លែងអំណរគុណ ចំពោះព្រះសង្ឃ និងប្រជាពលរដ្ឋ ពីបណ្តារាជធានី-ខេត្តមួយចំនួន ដែលកន្លងមក បាននិមន្ត និងអញ្ជើញទៅសួរសុខទុក្ខលោក ដល់គេហដ្ឋាន។ ជាមួយគ្នានេះ លោក ក៏អរគុណព្រះសង្ឃ និងប្រជាពលរដ្ឋ ដែលបានស្កាត់ទៅជួបសួរសុខទុក្ខ និងសម្តែងមនោសញ្ចេតនានឹករលឹកចំពោះលោក ក្នុងគ្រាដែលលោក ធ្វើដំណើរទៅតាមបណ្តាខេត្តមួយចំនួន នាពេលថ្មីៗនេះ ទោះបីមិនមានការជូនដំណឹង ឬការផ្សព្វផ្សាយក៏ដោយ។

លោក បង្ហាញបំណងតាមរយៈសំណេរថា៖«ខ្ញុំព្រះករុណា ខ្ញុំ នៅតែមានក្តីនឹករលឹក ចង់ជួប ចង់ស្តាប់ និង ចង់និយាយឆ្លើយឆ្លងសួរសុខទុក្ខជាមួយបងប្អូន នៅទីកន្លែងនានាបន្តទៀត ឲ្យតែមានឱកាស...»។

លោកចៅក្រម កួយ សៅ ប្រធានក្រុមប្រឹក្សាជំនុំជម្រះលើសំណរឿងរបស់លោក កឹម សុខា និង ជាអ្នកសរសេរលិខិតជូនទៅលោក កឹម សុខា អះអាងថា ក្រុមប្រឹក្សាជំនុំជម្រះ ទទួលបានរបាយការណ៍ពីមន្រ្តីគនរបាលយុត្តិធម៌ អំពីសកម្មភាពមួយចំនួនរបស់លោក កឹម សុខា ជាពិសេសនៅតាមបណ្តាខេត្ត ដោយលោក បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ក៏ដូចជាការប្រមូលផ្តុំ និង ការជួបជុំជាមួយអ្នកគាំទ្រ។

លោកចៅក្រម កួយ សៅ បញ្ជាក់ក្នុងលិខិត ដែលផ្ញើជូនលោក កឹម សុខា នៅថ្ងៃទី២០ ខែកក្កដា យ៉ាងដូច្នេះថា៖«ក្រុមប្រឹក្សាជំនុំជម្រះ កត់សម្គាល់ឃើញថា សកម្មភាពអស់ទាំងនេះ អាចនឹងឈានទៅហួសព្រំដែន ឬនាំទៅដល់ការបំពានលើកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការ ដែលតម្រូវដាក់លើ [លោក កឹម សុខា ជា] ជនជាប់ចោទ»។

លោកចៅក្រម សង្កត់ធ្ងន់ថា លោក កឹម សុខា នៅជាប់បម្រាមមួយចំនួន ជាពិសេស បម្រាមមិនឲ្យធ្វើនយោបាយ។ លោកចៅក្រម ប្រាប់លោក កឹម សុខា ឲ្យមានស្មារតីគោរពឲ្យបានហ្មត់ចត់ និងត្រូវប្រកាន់ភ្ជាប់កាតព្វកិច្ច ដែលតុលាការ បានដាក់។

សំណុំរឿងរបស់លោក កឹម សុខា បានឆ្លងកាត់ការជំនុំជម្រះប៉ុន្មានលើករួចមកហើយ តែមានទាន់ឈានដល់ការសម្រេចសេចក្តីនោះទេ។ ដោយសារតែបារម្ភពីជំងឺកូវីដ-១៩ ការជំនុំជម្រះលើសំណុំរឿងរបស់លោក ត្រូវផ្អាកសិន។

លោក កឹម សុខា ត្រូវចោទពីបទសន្ទិដ្ឋិភាពជាបររទេស។ បទចោទនេះ ចង់សំដៅថា លោក លួចទៅគប់គិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។

លោក ត្រូវកម្លាំងសមត្ថកិច្ច ចូលចាប់ដល់គេហដ្ឋាន កាលពីយប់ថ្ងៃទី២ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ហើយយកទៅឃុំនៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ។ ជាប់ពន្ធនាគារបានមួយឆ្នាំ លោក ក៏ត្រូវអនុញ្ញាតឲ្យទៅរស់នៅក្នុងគេហដ្ឋានជាមួយគ្រួសារវិញ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្រោមមកទៀត លោក ត្រូវបានតុលាការ ផ្តល់សិទ្ធិឲ្យដើរដោយសេរីក្នុងប្រទេសកម្ពុជា តែហាមចេញទៅបរទេស និងនៅហាមលោក មិនឲ្យធ្វើសកម្មភាពនយោបាយ៕

Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com