ជាតិ
សេដ្ឋកិច្ច
សម្ដេច ហ៊ុន សែន​៖ កម្ពុជា បាន​ទៅរក​ទុន​៤០០​លាន​ដុល្លារ ពី​ចិន ដើម្បី​បង្កើន​ឃ្លាំង​ស្រូវ​
21, Jul 2020 , 8:19 pm        
រូបភាព
សម្ដេច ហ៊ុន សែន កំពុងបើកម៉ាស៊ីនច្រូតស្រូវនៅស្រុកព្រៃកប្បាស (រូបពីទំព័រហ្វេសប៊ុក SPM)
សម្ដេច ហ៊ុន សែន កំពុងបើកម៉ាស៊ីនច្រូតស្រូវនៅស្រុកព្រៃកប្បាស (រូបពីទំព័រហ្វេសប៊ុក SPM)
​ភ្នំពេញ​៖ កម្ពុជា​ត្រូវការ​បង្កើន​ឃ្លាំង​ស្រូវ​បន្ថែម ដើម្បី​ប្រមូល​ទិញស្រូវ​ក្នុងស្រុក​និង​រក្សា​តម្លៃ​ស្រូវ​បាន​ដោយ​ខ្លួនឯង​។ ការបង្កើន​ឃ្លាំង​ស្រូវ​នេះ កម្ពុជា​បាន​រកប្រាក់​ប្រមាណ​៤០០​លាន​ដុល្លារ ពី​ចិន ដើម្បី​ធ្វើ​ឃ្លាំង​ប្រមូល​ទិញស្រូវ​។ នេះ​បើតាម​ការលើកឡើង​រប​ស់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កសិករ នៅ​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ នៅ​ព្រឹក​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២០​។

 
​សម្ដេច ហ៊ុន សែន អះអាងថា បច្ចុប្បន្ន​កម្ពុជា​កំពុង​ខិតខំ​ជំរុញ​ឲ្យ​មានការ​វិនិយោគ ដោយ​ធ្វើ​ឃ្លាំង​ទុក​ស្រូវ ម៉ាស៊ីនកិនស្រូវ ឡស​ម្ងួ​ត​ស្រូវ ដើម្បី​រក្សាបាន​តម្លៃ​ស្រូវ​។ សម្ដេច ទទួលស្គាល់ថា ស្រូវ​នៅ​កម្ពុជា​កន្លងមក​ខ្វះ​ទីផ្សារ ខ្វះ​ឃ្លាំង​ទុក​ស្រូវ និង​ខ្វះ​អ្នកប្រមូល​ទិញ​។ 
 
​លើសពីនេះ សម្ដេច បញ្ជាក់ថា កន្លងមក​កម្ពុជា​អាច​នាំចេញ​ស្រូវ​ចេញ​ដោយ​ខ្លួនឯង​ប្រមាណ​កន្លះ​លាន​តោន​ប៉ុណ្ណោះ​។ ដោយឡែក​នៅសល់​ស្រូវ​ជាង​៣​លាន​តោន​ទៀត បាន​លក់​ឲ្យ​វៀតណាម​ប្រមាណ​៧០​ភាគរយ និង​ថៃ​ប្រមាណ​៣០​ភាគរយ​។ ជាមួយគ្នា​ដែរ ការនាំចេញ​ស្រូវ​នេះ ធ្វើ​ឲ្យ​កម្ពុជា​បាត់​តម្លៃបន្ថែម​យ៉ាងច្រើន ដូចជា កន្ទក់ ចុងអង្ករ និង​អង្កាម ពិសេស​គឺ​កម្លាំង​ក្នុងស្រុក​។ 
 
​ប្រមុខ​រដ្ឋាភិបាល មានប្រសាសន៍ថា​៖«​អ៊ីចឹង បាន​ឥឡូវនេះ យើង​ហៅ​ក្រុមហ៊ុន​មកពី​ក្រៅប្រទេស ដោយ​ផ្ដល់ឱកាស​ឲ្យ​គេ​វិនិយោគ ហើយ​យើង​ក៏បាន​ទៅរក​ទុន​ពី​ចិន​ប្រមាណ​ជា​៤០០​លាន​ដុល្លារ កំពុងតែ​ពង្រាយ​ធ្វើ​ឃ្លាំង​និង​តំបន់​ក្នុង​ការប្រមូលទិញ​»​។ 
 
​ប្រមុខ​រដ្ឋាភិបាល បន្តថា បើ​កម្ពុជា​អាច​ពង្រាយ​ឃ្លាំង​ស្រូវ​ឬ​តំបន់​ប្រមូល​ទិញស្រូវ​បាន កម្ពុជា​នឹង​រក្សាបាន​នូវ​តម្លៃ​ស្រូវ​ល្អ​និង​មាន​ម្ចាស់ការ​លើ​តម្លៃ​ស្រូវ​របស់ខ្លួន​។ 
​ទន្ទឹមនឹងនេះ ប្រមុខ​រដ្ឋាភិបាល ក៏បាន​ទទួលស្គាល់ថា ល្បឿន​នៃ​ការផលិត​ស្រូវ​កម្ពុជា​ដើរ​លឿន​ជាង ការវិនិយោគ​និង​ការកែច្នៃ ដោយសារ​ការនាំ​ទាមទារ​ឲ្យ​មាន​លក្ខខណ្ឌ​ច្រើនយ៉ាង​តាម​ស្ដង់ដា​៕ 
 
 

Tag:
 កសិកម្ម​
  ស្រូវ​
  តាកែវ
© រក្សាសិទ្ធិដោយ thmeythmey.com