ជាតិ
​កំពង់ស្ពឺ​មាន​កសិដ្ឋាន​ចិញ្ចឹមសត្វ​ជិត​៥០០​កន្លែង ហើយ​ពលរដ្ឋ​ជាង​១​ម៉ឺន​នាក់​រួមគ្នា​ចងក្រង​ជា​សហគមន៍​កសិកម្ម​
21, Jul 2020 , 3:45 pm        
រូបភាព
អភិបាលខេត្តកំពង់ស្ពឺ
អភិបាលខេត្តកំពង់ស្ពឺ
ដោយ:
​កំពង់ស្ពឺ ៖ ស្ថិតនៅ​មិន​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ​ក៏ពិតមែន តែ​ខេត្ត​នេះ​មាន​ប្រជាជន​ភាគច្រើន​ប្រកប​របរ​កសិកម្ម​ក្រៅពី​ធ្វើស្រែ​ចម្ការ​។  កសិដ្ឋាន​ចិញ្ចឹមសត្វ​មាន​ជិត​៥០០​កន្លែង ហើយ​ការ​ចងក្រង​គ្នា​ជា​សហគមន៍​ដើម្បី​ពង្រីង​មុខរបរ​ទូទាំង​ខេត្ត​មាន​ចំនួន​៥៥​សហគមន៍​ផងដែរ​។ នេះ​បើតាម​របាយការណ៍​រប​ស់​រដ្ឋបាល​ខេត្តកំពង់ស្ពឺ​។​

 
​នា​សន្និសីទ​សារព័ត៌មាន​ស្ដីពី «​វឌ្ឍនភាព និង​ទិសដៅ​បន្ត​របស់​រដ្ឋបាលខេត្ត​កំពង់ស្ពឺ​» ដែល​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល កាលពី​ថ្ងៃទី​១៩ ខែកក្កដា អាជ្ញាធរខេត្ត បាន​បង្ហាញថា ខេត្ត​មាន​កសិដ្ឋាន​ចិញ្ចឹមសត្វ​ចំនួន ៤៩៤​កន្លែង ដែលមាន​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​សាច់ ២២៥​កន្លែង​។ ក្រៅពី កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​សាច់ មាន​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ពូជ កសិដ្ឋាន​ចិញ្ចឹម​មាន់​និង​ទា កសិដ្ឋាន​ចិញ្ចឹម​គោ ក្របី​ផងដែរ​។ 
 
​បើតាម​លោក​អភិបាលខេត្ត វ៉ី សំណាង ខេត្តកំពង់ស្ពឺ​មានដំណើរ​ការគ្រប់គ្រង និង ចងក្រង​សហគមន៍​ទូទាំង​ខេត្ត​ចំនួន ៥៥​សហគមន៍ មាន​សមាជិក​សរុប​ចំនួន ១០.៦១៦​នាក់ ដែល​កំពុងដំណើរការ​ធ្វើ​អាជីវកម្ម​ទៅលើ​មុខរបរ​ផ្សេងៗ​ដូចជា ដាំ​បន្លែ ផលិត​ស្ករត្នោត ធ្វើ​ឥណទាន​កសិកម្ម​ខ្នាតតូច ផ្គត់ផ្គង់​នាំចូល​សម្ភារ​ពី​ខាងក្រៅ​លក់​ក្នុង​សហគមន៍ និង​ប្រមូលផ្តុំ​ផលិតផល​ក្នុង​សហគមន៍​លក់​ចេញទៅ​ទីផ្សារ​។ 
 
​បច្ចុប្បន្ន សហគមន៍​ចំនួន​២ បាន​ចុះកិច្ចសន្យា​ដោយមាន​ទិដ្ឋាការ​ពី​មន្ទីរ គឺ​សហគមន៍​ផលិត​ស្ករត្នោត និង​សហគមន៍​ផលិត​ស្រូវ​ផ្ការំដួល​សរីរាង្គ ដែលមាន​សមាជិក​សរុប​ចំនួន ១៣១ គ្រួសារ​។ លើសពីនេះ សហគមន៍​ដែល​ចុះកិច្ចសន្យា​ក្នុង​កម្រិត​ព្រមព្រៀង​ត្រឹម​ភាគី​អ្នក​ផលិត និង​អ្នកទិញ​មាន​ចំនួន ៣​សហគមន៍ គឺ​សហគមន៍​ផលិត​បន្លែ​ចម្រុះ និង​សហគមន៍​ផលិត​ស្រូវ​ក្រអូប មាន​សមាជិក​អ្នក​ផលិត​សរុប​ចំនួន ៦៤៥ គ្រួសារ​។ 
 
​សម្រាប់​ដំណាំ​រួមផ្សំ​ដូចជា សណ្តែកដី សណ្តែកបាយ ពោត ដំឡូងជ្វា​បន្លែ​គ្រប់មុខ និង​ឪឡឹក សរុប​ផ្ទៃដី​ចំនួន ៤៣៧​ហិកតា​។ ដោយឡែក​ការប្រមូល​ផល​អំពៅ​សរុប​លើ​ផ្ទៃដី​សរុប ៣៦.៤២១,៣២ ហិកតា ទិន្នផល​ជា​មធ្យម ៦០​តោន​ក្នុង​មួយ​ហិកតា បរិមាណ​ផល​សរុប​ចំនួន ១.៨០៧.២៣៦,៦​តោន និង​ដំឡូង​មី​ប្រមូល​ផល​លើ​ផ្ទៃដី​ចំនួន ៥.៧៦៦,៨០ ហិកតា ទិន្នផល​ជា​មធ្យម ១៨​តោន​ក្នុង​មួយ​ហិកតា បរិមាណ​ផល​សរុប​ចំនួន ១០៣.៨០២,៤០​តោន​៕
 

Tag:
 កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com