អន្តរជាតិ
ផ្កាយរណបយោធាទី១របស់កូរ៉េខាងត្បូង ត្រូវបង្ហោះទៅទីលំហដោយជោគជ័យ ការបាញ់បង្ហោះរ៉ុក្កែត Falcon 9 ទៅក្នុងអវកាស។ រូបភាព៖ AFP
× ផ្កាយរណបទំនាក់ទំនងយោធាទីមួយ របស់កូរ៉េខាងត្បូង ត្រូវបានក្រុមហ៊ុន Space X បាញ់បង្ហោះដោយជោគជ័យនៅថ្ងៃទី២១ ខែកក្កដា។ ផ្កាយរណបនេះ នឹងជួយពង្រឹងសមត្ថភាពយោធាកូរ៉េខាងត្បូងបន្ថែមទៀត ដើម្បីការពារខ្លួនពីការវាយប្រហាររបស់កូរ៉េខាងជើង។
តាមរយៈសេចក្តីថ្លែងការណ៍មួយ រដ្ឋបាលកម្មវិធីលទ្ធកម្មការពារជាតិកូរ៉េខាងត្បូង (DAPA) បានអះអាងថា រ៉ុក្កែត Falcon 9 នាំយកផ្កាយរណប ANASIS-II របស់កូរ៉េខាងត្បូង ទៅដាក់ក្នុងគន្លងផែនដីបានដោយជោគជ័យ។ ការបាញ់រ៉ុក្កែតនេះ ប្រព្រឹត្តទៅមជ្ឈមណ្ឌលអាវកាស Kennedy នៅក្នុងរដ្ឋ Florida។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap ។
ក្រុមហ៊ុន SpaceX បានបញ្ជាក់ថា ផ្កាយរណបយោធាកូរ៉េខាងត្បូងមួយនេះ បានផ្ដាច់ចេញពីរ៉ុក្កែតក្នុងរយៈពេល ៣២នាទី បន្ទាប់ពីត្រូវបានបាញ់នាម៉ោង៥:៣០ ថ្ងៃទី២០ ខែកក្កដា (ម៉ោងនៅអាមេរិក)។ បើតាមការរំពឹងទុក ផ្កាយរណបនេះ នឹងអាចធ្វើគោចរ បានចំនួន៣៦០០០គីឡូម៉ែត្រ ក្នុងរយៈពេលពីរសប្តាហ៍។ ប្រសិនបើគ្មានការប្រែប្រួលទេ យោធាកូរ៉េខាងត្បូង នឹងគ្រប់គ្រងលើផ្កាយរណបមួយនេះ នៅក្នុងខែតុលាខាងមុខ បន្ទាប់ពីធ្វើតេស្តសាកល្បងរួច។
ទាក់ទិននឹងផ្កាយរណបទំនាក់ទំនងយោធានេះ កូរ៉េខាងត្បូង បានអះអាងថា ខ្លួនគឺជាប្រទេសទី១០ ដែលជាមានផ្កាយរណបបយោធាលើអវកាស។ ផ្កាយរណបទំនាក់ទំនងយោធានេះ នឹងជួយពង្រឹងសមត្ថភាពយោធា និងសមត្ថភាពប្រតិបត្តិការយោធាកូរ៉េខាងត្បូង ជាពិសេស អាចការពារខ្លួនពីការវាយប្រហាររបស់កូរ៉េខាងជើង។
សូមបញ្ជាក់ថា ផ្កាយរណប ANASIS-II នឹងជំនួស ផ្កាយរណប ANASIS-I ចាស់របស់កូរ៉េខាងត្បូង ដែលត្រូវបានប្រើប្រាស់ទាំងក្នុងវិស័យស៊ីវិលផង និងយោធាផង។ ផ្កាយរណប ANASIS-II នេះ នឹងប្រើប្រាស់សម្រាប់តែគោលដៅយោធាតែមួយគត់ និងគ្របដណ្តប់លើប្រព័ន្ធទំនាក់ទំនងយ៉ាងទូលំទូលាយ និងសុវត្ថិភាព។ ចំណែកព័ត៌មានផ្សេងទៀត ពាក់ព័ន្ធផ្កាយរណបនេះ គេមិនទាន់បានបញ្ចេញឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com