ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
សាលាឧទ្ធរណ៍​ព្រះសីហនុ នឹង​ដំណើរ​ការចាប់​ពីថ្ងៃ​១​កញ្ញា​ទៅ
21, Jul 2020 , 9:59 pm        
រូបភាព
លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ស្ថិតក្នុងអង្គប្រជុំជាមួយសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០   ស្តីពីការពិនិត្យវឌ្ឍនភាពការងារ និងចំណាត់ការលើសំណុំរឿង ក្នុងសាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង
លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ស្ថិតក្នុងអង្គប្រជុំជាមួយសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ស្តីពីការពិនិត្យវឌ្ឍនភាពការងារ និងចំណាត់ការលើសំណុំរឿង ក្នុងសាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង
ដោយ: ថ្មីៗ
​សាលាឧទ្ធរណ៍​តំបន់​ព្រះសីហនុ នឹង​ចាប់ផ្តើម​ដំណើរ​ជា​ផ្លូវការ ពីថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០២០​តទៅ​។ នេះ​បើតាម​ប្រកាស​របស់លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ដែល​ចេញ​នៅ​ថ្ងៃទី​២១ ខែកក្កដា​។

 
​តាមពិត សាលាឧទ្ធរណ៍​តំបន់​ព្រះសីហនុ ត្រូវដាក់​ឲ្យ​ដំណើរការ ស្រប​នឹង​សាលាឧទ្ធរណ៍​តំបន់​ត្បូងឃ្មុំ និង​សាលាឧទ្ធរណ៍​តំបន់​បាត់ដំបង តាំងពី​ខែមេសា ឆ្នាំ​២០២០​មកម្ល៉េះ ប៉ុន្តែ ដោយសារតែ​ពេលនោះ អគារ​នៃ​សាលាឧទ្ធរណ៍​តំបន់​ព្រះសីហនុ មិនទាន់​សាងសង់​រួចរាល់ ទើបត្រូវ​ពន្យារពេល​មកដល់ពេលនេះ​វិញ​។ 
 
​លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ័​ថា ដល់​ខែកញ្ញា ឆ្នាំ​២០២០ អគារ​សាលាឧទ្ធរណ៍​តំបន់​ព្រះសីហនុ នឹង​អាច​សាងសង់​រួចរាល់ ហើយនឹង​អាច​ចាប់ផ្តើម​បើក​ដំណើរការបាន​។ 
 
​លោក លើកឡើងថា ប្រធាន អនុប្រធាន ចៅក្រម អគ្គព្រះរាជអាជ្ញា អគ្គ​ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និង មន្ត្រីរដ្ឋបាល​ផ្សេងទៀត​នៃ​សាលាឧទ្ធរណ៍​តំបន់​ទាំង​៣ ត្រូវបានតែងតាំង​រួចរាល់​ហើយ​។ យ៉ាងណា លោក អះអាងថា អាច​នឹងមាន​ការតែងតាំង​មន្ត្រី​មួយចំនួន​តាម​ក្រោយ​ទៀត​។​
 
​ពីមុន កម្ពុជា មាន​សាលាឧទ្ធរណ៍​ភ្នំពេញ​តែមួយ​ប៉ុណ្ណោះ គឺ​ស្ថិតក្នុង​បរិវេណ​នៃ​ក្រសួងយុត្តិធម៌ នៅមុខ​ព្រះបរមរាជវាំង ។ តែ​បច្ចុប្បន្ន សាលាឧទ្ធរណ៍ ត្រូវបាន​បង្កើតឡើង​៣​បន្ថែមទៀត​។ 
 
​សាលាឧទ្ធរណ៍​ភ្នំពេញ និង​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​ភ្នំពេញ ក្តោប​សំណុំរឿង​ក្នុង​រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង សំណុំរឿង​ដែល​តុលាការ​កំពូល ទម្លាក់​មក​ឲ្យ​វិញ​។ 
 
​លោក យូ ប៊ុន​ឡេង ជា​ប្រធាន​សាលាឧទ្ធរណ៍​ភ្នំពេញ ហើយ​លោក អ៊ុំ សេង​ស៊ី​វុត្ថា ជា​អនុប្រធាន​។ 
 
​សាលាឧទ្ធរណ៍​តំបន់​ព្រះសីហនុ និង​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​តំបន់​ព្រះសីហនុ ទទួលខុសត្រូវ​លើ​សំណុំរឿង ដែល​កើត​នៅ​៥​ខេត្ត គឺ​ខេត្ត​ព្រះសីហនុ តាកែវ កំពត កំពង់ស្ពឺ និង​កោះកុង​។​
 
​លោក សុខ កល្យាណ ជា​ប្រធាន​សាលាឧទ្ធរណ៍​តំបន់​ព្រះសីហនុ ឯ​លោក អ៊ិន ម៉ា​និត្យ ជា​អនុប្រធាន​។​
 
​សាលាឧទ្ធរណ៍​តំបន់​ត្បូងឃ្មុំ និង​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​តំបន់​ត្បូងឃ្មុំ ទទួលបន្ទុក​លើ​សំណុំរឿង ដែល​កើត​នៅ​បណ្តា​ខេត្ត​ចំនួន​១០ រួមមាន​ខេត្ត​ត្បូងឃ្មុំ​ផ្ទាល់ ខេត្តកំពង់ចាម កំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រៃវែង និង​ស្វាយរៀង​។​
 
​លោក ម៉ុង មុនី​ចរិយា គឺជា​ប្រធាន​សាលាឧទ្ធរណ៍​ត្បូងឃ្មុំ ដោយមាន​លោក វ៉េង ប៊ុនធឿន ជា​អនុប្រធាន​។ 
 
​សំណុំរឿង ដែល​អាច​បញ្ជូន​បន្តទៅ​សាលាឧទ្ធរណ៍​តំបន់​បាត់ដំបង និង​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​តំបន់​បាត់ដំបង គឺជា​សំណុំរឿង ដែល​កើត​នៅ​៧​ខេត្ត គឺ​ខេត្តបាត់ដំបង កំពង់ឆ្នាំង ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ និង​សៀមរាប​។​
 
​នៅ​សាលាឧទ្ធរណ៍​បាត់ដំបង គឺ​លោក សម ប៊ុន​ថុ​ន ជា​ប្រធាន ហើយ​លោក ធូ មណី ជា​អនុប្រធាន​។ 
 
​ការបង្កើត​សាលាឧទ្ធរណ៍​បន្ថែម​នេះ គឺ​រដ្ឋាភិបាល ចង់​បង្ខិត​សេវា​យុត្តិធម៌ ឲ្យ​កាន់តែ​ទៅជិត​ប្រជាពលរដ្ឋ​៕ 

Tag:
 សាលាឧទ្ធរណ៍​តំបន់
© រក្សាសិទ្ធិដោយ thmeythmey.com