ជាតិ
ឧទ្យាននុរក្សចាប់ខ្លួនជនល្មើស២នាក់ ដែលបាញ់សត្វព្រៃនៅខេត្តរតនគិរី
× ជនល្មើស២នាក់ ដែលលួចបរបាញ់សត្វព្រៃ តំបន់ការពាររបៀងអភិរក្សជីវចម្រុះ ស្ថិតក្នុងស្រុកវើនសៃខេត្តរតនគិរី ត្រូវបានមន្ត្រីឧទ្យានុរក្សចាប់ខ្លួន កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០។ នេះបើតាមទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថានចុះផ្សាយ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០។
តាមក្រសួងបរិស្ថាន ជនល្មើសត្រូវចាប់ខ្លួនជាមួយនឹងសពសត្វឈ្លូស២ក្បាល និងសត្វក្ដាន់ញ៉ែង១ក្បាល ដែលជាប្រភេទសត្វកម្រ និងជិតផុតពូជ និងអាវុធកែច្នៃរំសេវផ្ទុះចំនួន២ដើម ដែលមានរំសេវមួយប្រអប់តូច និងគ្រាប់វាលកងមួយប្រអប់តូច។
សពសត្វព្រៃទាំង៣ក្បាល ត្រូវបានមន្ត្រីឧទ្យានុរក្សដុតចោល ហើយអាវុធដែលដកហូតបាន ក៏ត្រូវយកទៅរក្សាទុកនៅមន្ទីរបរិស្ថានខេត្តរតនគិរី។ ចំណែកជនល្មើស ក៏ត្រូវបានបញ្ជូលទៅមន្ទីរបរិស្ថានខេត្តរតនគិរីដែរ ដើម្បីកសាងសំណុំរឿង ទៅតុលាការ និងផ្តន្ទាទោសតាមច្បាប់។ នេះបើតាមការផ្សាយពីហ្វេសប៊ុក ក្រសួងដដែល។
គួររំឭកថា ក្នុងរយៈពេល៦ខែឆ្នាំ ២០២០ មន្ត្រីឧទ្យានុរក្ស និងមន្ត្រីអង្គការដៃគូនានា ដោះអន្ទាក់ចាប់សត្វព្រៃនៅតាមតំបន់ការពារធម្មជាតិនានា បានជាង២ម៉ឺនអន្ទាក់ និងរឹបអូសបានរណារយន្តអារឈើ បាន២៣៦៩គ្រឿង នៅទូទាំងប្រទេសកម្ពុជា៕
ក្ដាន់ញ៉ែង
© រក្សាសិទ្ធិដោយ thmeythmey.com