COVID-19
អន្តរជាតិ
នេ​ប៉ាល់ នឹង​បើក​ជើងហោះហើរ​អន្តរជាតិ​ឡើងវិញ ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍​
22, Jul 2020 , 8:29 am        
រូបភាព
ព្រលានយន្តហោះអន្តរជាតិ Tribhuvan ក្នុងប្រទេស នេប៉ាល់ (The Himalayan Times)
ព្រលានយន្តហោះអន្តរជាតិ Tribhuvan ក្នុងប្រទេស នេប៉ាល់ (The Himalayan Times)
ដោយ:
រដ្ឋាភិបាល​នេ​ប៉ាល់ នៅ​ថ្ងៃទី ២១ ខែកក្កដា បានប្រកាសថា ខ្លួន​នឹង​បើក​ដំណើរការ​ជើងហោះហើរ​អន្តរជាតិ​ឡើងវិញ នៅ​ពាក់កណ្ដាល​ខែសីហា​ខាងមុខ ក្នុង​គោលដៅ​ជំរុញ​វិស័យ​ទេសចរណ៍​ដែល​រងគ្រោះ​ដោយសារ COVID-19 ។

 
​នេ​ប៉ាល់​ដែលជា​ប្រជាជាតិ​ក្នុង​តំបន់​អាស៊ី​ខាងត្បូង បាន​បិទ​ព្រលានយន្តហោះ​ខ្លួន ចាប់តាំងពី​ចុងខែ​មីនា ដើម្បី​ប្រយុទ្ធ​នឹង​ការ​រាលដាល COVID-19 ដែល​មកដល់ពេលនេះ​បាន​ចម្លង​មនុស្ស​១៧ ៨៤៤​នាក់ ហើយ​សម្លាប់​៤០​នាក់​ក្នុងប្រទេស​នេះ​។ ការបិទ​នេះ បាន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិស័យ​ទេសចរណ៍​ដែលជា​វិស័យ​ដ៏​សំខាន់​មួយ​របស់​សេដ្ឋកិច្ច​ប្រទេស​នេះ​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP រដ្ឋមន្ត្រី​ទេសចរណ៍ និង​អាកាសចរណ៍​ស៊ីវិល​នេ​ប៉ាល់  Yogesh Bhattarai អះអាងថា ការសម្រេចចិត្ត​បើក​ជើងហោះហើរ​ទាំង​ក្នុងស្រុក​និង​អន្តរជាតិ​ជាថ្មី​ចាប់ពី​ថ្ងៃទី​១៧ ខែសីហា​នេះ ត្រូវបាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​មួយ កាលពី​ថ្ងៃទី ២០ ខែកក្កដា​។ 
 
«​ខាង​ក្រសួង​កំពុងធ្វើការ​លើ​វិធាន​សុវត្ថិភាព​សម្រាប់​ការគ្រប់គ្រង​ព្រលានយន្តហោះ ប្រតិបត្តិ​ករ​ជើងហោះហើរ និង​អ្នកដំណើរ​សម្រាប់​គោលបំណង​នេះ​»​។ លោក​រដ្ឋមន្ត្រី និយាយ​ដូច្នេះ ដោយ​បន្ថែមថា រាល់​អ្នកដំណើរ​ដែល​ម​ក​ដល់ និង​ចាកចេញ នឹង​តម្រូវ​ឲ្យ​មាន​លិខិត​បញ្ជាក់ថា ពួកគេ​គ្មាន​ជំងឺ COVID-19 ។ 
 
​ម្យ៉ាងទៀត លោក Bhattarai លើកឡើងថា អ្នកដំណើរ​ដែល​មកដល់​ទឹកដី​នេ​ប៉ាល់ ក៏​នឹង​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ផងដែរ ។ ក៏ប៉ុន្តែ​លោក​ពុំបាន​បញ្ជាក់​ពេលវេលា​ជាក់លាក់​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​ឡើយ​។  
 
​យោងតាម​របាយការណ៍​របស់​រដ្ឋាភិបាល នេ​ប៉ាល់ ប្រមាណ​១​ភាគ​៣​នៃ​អ្នកដំណើរ​សរុប​ទាំង​១,២​លាន​នាក់​ដែល​ទៅលេង​កម្សាន្ត​នៅ​នេ​ប៉ាល់​កាលពី​ឆ្នាំមុន គឺ​ស្ថិតក្នុង​អំឡុង​រដូវ​ស្លឹកឈើ​ជ្រុះ (​ចន្លោះ​ពីថ្ងៃ​ទី​២២ កញ្ញា ដល់ ថ្ងៃទី ២១ ធ្នូ​)​។ អ្នកទេសចរ​ទាំងនោះ គឺ​ភាគច្រើន​ជា​អ្នក​ចូលចិត្ត​ដើរ​កម្សាន្ត​តាម​ព្រៃភ្នំ​៕

Tag:
 ​នេ​ប៉ាល់​
  ទេសចរណ៍​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com