ជាតិ
អាជ្ញាធរកំពង់ស្ពឺ នឹងសិក្សាពីលទ្ធភាពធ្វើផ្លូវទៅតំបន់ខ្នងផ្សាដែលកំពុងមានសក្តានុពលទេសចរណ៍ ខ្នងផ្សា កំពង់ស្ពឺ
× មានព្រំព្រទល់ជាប់ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង តំបន់ទេសចរណ៍ភ្នំខ្នងផ្សា កំពុងទទួលបានចាប់អារម្មណ៍ខ្លាំងពីអ្នកទេសចរ ដែលអាចផ្ដល់ចំណូលមួយផ្នែកដល់ពលរដ្ឋ។ ដើម្បីជាការទាក់ទាញអ្នកទេសចរ ទៅកម្សាន្តនៅតំបន់នោះ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានឲ្យដឹងថារដ្ឋបាលខេត្តនឹងសិក្សាធ្វើផ្លូវ និងរៀបចំឲ្យមានបន្ទប់ទឹកដែរនៅតំបន់នោះ។ លោកបានលើកឡើងបែបនេះក្នុងសិន្នសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅបន្តរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ» នៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២០។
របាយការណ៍របស់ខេត្តកំពង់ស្ពឺ បានបង្ហាញថា ក្នុងឆ្នាំ ២០១៩ មានភ្ញៀវទេសចរចំនួន ៣១៧.៥៩១នាក់ ដែលទទួលបានពីតំបន់រមណីយដ្ឋានទាំង ១៣ កន្លែងមានតំបន់រមណីយដ្ឋានប្រវិត្តសាស្ត្រ ៤ កន្លែង តំបន់រមណីយដ្ឋានធម្មជាតិ ៨ កន្លែង និងតំបន់ទេសចរណ៍បែបផ្សងព្រេងមាន ២ ទីតាំងដែលកំពុងមានពេញនិយមពីអ្នកទេសចរដូចជា ភ្នំឱរ៉ាល់ និងភ្នំខ្នងផ្សា។
មន្ត្រីឧទ្យានុរក្សនៅតំបន់ទេសចរណ៍បែបផ្សងព្រេងទាំងពីរខាងលើធ្លាប់ប្រាប់សារព័ត៌មានThmeyThmey25 បានឲ្យដឹងថានៅត្រីមាសទី១ ឆ្នាំ២០២០ មានអ្នកទេសចរចំនួន ៥.៦០០នាក់ទៅលេងនៅភ្នំឱរ៉ាល់។ ដោយឡែកនៅតំបន់ភ្នំខ្នងផ្សានៅត្រីមាសទី១ ឆ្នាំ២០២០ មានទេសចរទៅដល់ចំនួន ២.០០០នាក់ ទៅ ៣.០០០នាក់។
ខេត្តកំពង់ស្ពឺមានចម្ងាយ ៤៨គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ដើម្បីទៅដល់ខ្នងផ្សា ភ្ញៀវទេសចរ ត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ ៤ ទៅកាន់ទីរួមខេត្តកំពង់ស្ពឺ រួចឆ្លងស្ពានខេត្តកំពង់ស្ពឺប្រមាណ ១ គីឡូម៉ែត្របត់ស្តាំ ប្រមាណ ១គីឡូ នឹងឃើញផ្លូវបត់ឆ្វេង មានស្លាកសញ្ញាប្រាប់ផ្លូវទៅឱរ៉ាល់ បន្ទាប់មកនត្រូវធ្វើដំណើរបត់ចូលតាមច្រកឱរ៉ាល់ ប្រហែល ៥០គីឡូម៉ែត្រ នឹងដល់រង្វង់មូលឱរ៉ាល់ រួចបន្តដំណើរទៅមុខ តាមផ្លូវលំប្រមាណ ៣៥គីឡូម៉ែត្រ ដោយជិះកាត់ ទេទឹកពុះ នឹងទៅដល់ភូមិរលាក់កងជើង ដែលជាភូមិនៃភ្នំខ្នងផ្សា៕
© រក្សាសិទ្ធិដោយ thmeythmey.com