កីឡាជាតិ
ជាតិ
លោក Claude Azema ចាត់ទុកលោកស្រី កែ ឡេង ជាបេតិកភណ្ឌក្នុងកីឡាប៉េតង់
21, Jul 2020 , 6:02 pm        
រូបភាព
លោក Claude Azema ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា និងលោកស្រី កែ ឡេង (រូបក្នុងរង្វង់)
លោក Claude Azema ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា និងលោកស្រី កែ ឡេង (រូបក្នុងរង្វង់)
ដោយ:
លោក Claude Azema ប្រធានសហព័ន្ធកីឡាប៊ូលនិងប៉េតង់ពិភពលោក ចាត់ទុកលោកស្រី កែ ឡេង ជាបេតិកភណ្ឌក្នុងវិស័យកីឡាប៉េតង់។ លោកអះអាងថា អតីតកីឡាការិនីប៉េតង់រូបនេះ មិនត្រឹមតែមានសមត្ថភាពខ្លាំងនោះទេ តែជាស្ត្រីដ៏អស្ចារ្យ១រូប ដែលមានការប្រមូលអារម្មណ៍បានល្អ។ មូលហេតុដែលលោកប្រដូចបែបនេះ ដោយសារលោកស្រី កែ ឡេង ជាស្ត្រីដំបូងគេលើពិភពលោក ដែលបានឈ្នះមេដាយមាសពិភពលោក៤ជំនាន់ជាប់គ្នា។



អត្ថបទទាក់ទង
 

ប្រធានសហព័ន្ធកីឡាប៊ូលនិងប៉េតង់ពិភពលោក លោក Claude Azema កាលពីពេលថ្មីៗ បានបង្កើតវីដេអូឃ្លីបមួយរៀបរាប់ពីស្នាដៃ និងភាពអស្ចារ្យរបស់លោកស្រី កែ ឡេង ក្នុងវិស័យកីឡាប៉េតង់។ ក្នុងវីដេអូជាភាសាអង់គ្លេស ដែលមានរយៈពេលជាង៣នាទី ប្រធានសហព័ន្ធរូបនេះ បានរៀបរាប់ពីប្រវត្តិ ដែលលោកបានស្គាល់លោកស្រី កែ ឡេង លើកដំបូង និងប្រៀបធៀបលោកស្រីជាមួយកីឡាករកីឡាការិនីល្បីៗលំដាប់ពិភពលោកជាច្រើនរូប។

អ្វីដែលគួរឲ្យកត់សម្គាល់ត្រង់ចំណុចមួយលោក Claude Azema បានប្រដូចលោកស្រី កែ ឡេង ទៅនឹងប្រាសាទអង្គរវត្ត របាំព្រះរាជទ្រព្យ និងល្ខោនស្បែកធំ ដែលជាសម្បត្តិបេតិកភណ្ឌរបស់កម្ពុជា។ ត្រង់ចំណុចនេះ លោក Claude សង្កត់ធ្ងន់ថា លោកស្រី កែ ឡេង ក៏ជាបេតិកភណ្ឌមួយក្នុងវិស័យកីឡាប៊ូល និងប៉េតង់ផងដែរ។

លោកបានរៀបរាប់ដូច្នេះថា៖«ខ្ញុំចង់និយាយពាក្យមួយ«បេតិកភណ្ឌ»ដែលវចនានុក្រមទាំងអស់ឲ្យនិយមន័យស្របគ្នាថា វាអាចជាអគារដ៏ស្រស់ស្អាតមួយ ឧទាហរណ៍អង្គរវត្តរបស់កម្ពុជា, វាក៏អាចជាស្នាដៃដ៏អស្ចារ្យមួយ ដូចជារបាំព្រះរាជទ្រព្យរបស់កម្ពុជា ឬល្ខោនស្បែកធំ ហើយវាក៏អាចសំដៅដល់បុគ្គលដ៏គួរឲ្យស្ញប់ស្ញែងផងដែរ។ ដូច្នេះខ្ញុំអាចនិយាយបានថា លោកស្រី កែ ឡេង ជាបេតិកភណ្ឌក្នុងវិស័យកីឡាប៊ូលនិងប៉េតង់»។

ការចាត់ទុកបែបនេះរបស់លោក Claude ធ្វើឡើងក្រោយលោកស្រី កែ ឡេង ប្រកាសចូលនិវត្តន៍ពីអាជីពជាកីឡាការិនីប៉េតង់។ តែយ៉ាងណា ប្រធានសហព័ន្ធរូបនេះ មិនបានបញ្ជាក់លម្អិតពីហេតុផល ដែលជំរុញឲ្យលោកប្រើប្រាស់ពាក្យនេះឡើយ។ ទោះបីយ៉ាងក្តី តាមរយៈស្នាដៃរបស់លោកស្រី កែ ឡេង ដែលបានឈ្នះមេដាយមាសពិភពលោក៤ជំនាន់ជាប់គ្នា វាអាចជាហេតុផលនៃការលើកឡើងបែបនេះរបស់លោក Claude។

លោកស្រី កែ ឡេង អតីតកីឡាការិនីប៉េតង់ជម្រើសជាតិ បានក្លាយជាស្ត្រីដំបូងគេលើពិភពលោក ក្រោយឈ្នះមេដាយមាស៤ជំនាន់ជាប់គ្នា គឺនៅឆ្នាំ២០១៣, ២០១៥, ២០១៧ និង២០១៩។ តាមរយៈស្នាដៃនេះ លោកស្រី ទទួលបានការកោតសរសើរ និងស្ញប់ស្ញែងយ៉ាងខ្លាំងពីប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាលើពិភពលោក។

គួររំលឹកថា កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ លោកស្រី កែ ឡេង បានប្រកាសជាផ្លូវការពីការបញ្ចប់អាជីពជាកីឡាការិនីប៉េតង់ ដោយសារកត្តាសុខភាព និងភ្នែកមិនអំណោយផល។ លោកស្រី ត្រូវបានតែងតាំងឲ្យធ្វើជាទីប្រឹក្សារបស់សហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជា។ អតីតកីឡាការិនីមកពីខេត្តកំពង់ឆ្នាំងរូបនេះ រំពឹងថា កីឡាការិនី ស៊្រាង សុរ៉ាឃីម នឹងអាចស្នងតំណែងខ្លួនលើវិញ្ញាសាវាយយកពិន្ទុ ទោះបីបច្ចុប្បន្នកីឡាការិនីរូបនេះ ពុំទាន់មានសមត្ថភាពខ្លាំងដូចលោកស្រីក៏ដោយ៕

Tag:
 ប៉េតង់
  កែ ឡេង
  Claude Azema
© រក្សាសិទ្ធិដោយ thmeythmey.com