Ronaldo ក្លាយជាកីឡាកររកបាន៥០គ្រាប់លឿនបំផុតនៅ Serie A នៅ៥០ឆ្នាំចុងក្រោយ
កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ក្លាយជាកីឡាកររកបាន៥០គ្រាប់លឿនបំផុតនៅ Serie A នៅ៥០ឆ្នាំចុងក្រោយ
21, Jul 2020 , 11:30 pm        
រូបភាព
Cristiano Ronaldo បានក្លាយជាកីឡាករបាល់ទាត់ដែលអាចស៊ុតបញ្ចូលទីបាន ៥០ គ្រាប់លឿនជាងគេបំផុតក្នុងក្របខណ្ឌ Serie A នារយៈពេល ៥០ឆ្នាំចុងក្រោយ បន្ទាប់ពីរកបាន២គ្រាប់ម្នាក់ឯងក្នុងការប្រកួតដែល Juventus ឈ្នះ Lazio ដោយលទ្ធផល ២-១។



ក្នុងជំនួបលីគកំពូលអ៊ីតាលីសប្តាហ៍ទី៣៤ នាកីឡដ្ឋាន Allianz Arena នៅយប់ថ្ងៃទី២០ ខែកក្កដា Ronaldo បានសម្រេចទី២គ្រាប់ម្នាក់ឯងដែលធ្វើបាននៅនាទី៥១ និង៥៤ ដើម្បីជួយក្រុមរហស្សនាមសេះបង្កង់ទទួលបាន៣ពិន្ទុបន្ថែមពីក្រុម Lazio។

មិនត្រឹមតែជួយក្រុមដែលដឹកនាំដោយអ្នកចាត់ការទូទៅលោក Maurizio Sarri កាន់តែខិតជិតការលើកពាន Serie A រដូវកាល ២០១៩-២០ នេះនោះទេ ខ្សែប្រយុទ្ធសញ្ជាតិវ័យព័រទុយហ្គាល់ វ័យ៣៥ឆ្នាំរូបនេះ ថែមទាំងបង្កើតកំណត់ត្រាថ្មីដែលមិនទាន់មានកីឡាករណាអាចធ្វើបានលើទឹកដីអ៊ីតាលីក្នុងរយៈពេលកន្លះសតវត្សរ៍ចុងក្រោយ។ កំណត់ត្រាថ្មីគឺ Ronaldo បានក្លាយជាកីឡាករដំបូងដែលអាចរកបានចាប់ពី៥០គ្រាប់លឿនបំផុតនៅ Serie A ដោយចំណាយពេល២រដូវកាលប៉ុណ្ណោះ។

Ronaldo ដែលផ្លាស់ចេញពី Real Madrid នៅឆ្នាំ២០១៨ បានបង្ហាញខ្លួនសម្រាប់ Juventus ចំនួន៦១ប្រកួត និងសុទ្ធបញ្ចូលទីសរុបបាន៥១គ្រាប់។

ក្រៅពីនេះ ម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យ ថែមទាំងក្លាយជាកីឡាករដំបូងបំផុតក្នុងប្រវត្តិសាស្ត្រដែលអាចស៊ុតបញ្ចូលទីបានលើសពី៥០គ្រាប់ ក្នុងក្របខណ្ឌ៣ផ្សេងគ្នាគឺ Premier League, La Liga និង Serie A ដែលមិនទាន់មានកីឡាករណាម្នាក់អាចធ្វើបាននៅឡើយទេ។ Ronaldo រកបាន ៨៤ គ្រាប់ឲ្យ Manchester United សម្រាប់ការបង្ហាញខ្លួន១៩៦លើក សម្រាប់រយៈពេល៦រដូវកាល និងរកបាន ៣១១គ្រាប់ឲ្យក្រុមយក្សអេស្ប៉ាញ Real Madrid ដោយប្រើ២៩២ ប្រកួត។

ដោយឡែក ខ្សែប្រយុទ្ធ Edin Dzeko ក៏ធ្វើបានលើសពី៥០គ្រាប់ ក្នុងក្របខណ្ឌ ៣ផ្សេងគ្នាផងដែរ តែនៅ Bundesliga របស់អាល្លឺម៉ង់ អង់គ្លេស និងអ៊ីតាលី។ ខ្សែប្រយុទ្ធសញ្ជាតិបូស្នីរូបនេះរកបាន៦៩គ្រាប់សម្រាប់ក្រុម VfL Wolfsburg, ៥០គ្រាប់ឲ្យ Manchester City និង ៦៩គ្រាប់ហើយសម្រាប់ក្រុម AS Roma ដែលរូបគេកំពុងប្រកបអាជីពសព្វថ្ងៃ៕

Tag:
 Cristiano Ronaldo
  Serie A
© រក្សាសិទ្ធិដោយ thmeythmey.com