COVID-19
អន្តរជាតិ
ប្រទេស​អឺរ៉ុប ឯកភាព​លើ​កញ្ចប់​លុយ​៨៥៨​ពាន់​លាន​ដុល្លារ​ដើម្បី​ងើប​ចេញពី​វិបត្តិ COVID-19
21, Jul 2020 , 6:24 pm        
រូបភាព
ប្រធានគណៈកម្មការអឺរ៉ុប អឺស៊ុឡា វ៉ុន ដឺ លៃអេន ជល់កែងដៃជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប ឆាល មីឈែល ក្រោយរដ្ឋសមាជិកឯកភាពលើកញ្ចប់ថវិកាស្រោចស្រង់សេដ្ឋកិច្ច។ រូបភាព AFP
ប្រធានគណៈកម្មការអឺរ៉ុប អឺស៊ុឡា វ៉ុន ដឺ លៃអេន ជល់កែងដៃជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប ឆាល មីឈែល ក្រោយរដ្ឋសមាជិកឯកភាពលើកញ្ចប់ថវិកាស្រោចស្រង់សេដ្ឋកិច្ច។ រូបភាព AFP
​រដ្ឋ​សមាជិក​អឺរ៉ុប ត្រូ​ចំណាយពេល​ដល់​ទៅ​បួន​យប់​បួន​ថ្ងៃ​ដើម្បី​អនុម័ត​កញ្ចប់​ថវិកា​ដ៏​ច្រើន​សម្បើម សំដៅ​ជួយ​ស្រោចស្រង់​សេដ្ឋកិច្ច​ចេញពី​វិបត្តិ COVID-19 ។ មេដឹកនាំ​សហភាព​អឺរ៉ុប បង្ហាញ​ក្ដី​រីករាយ​ចំពោះ​ការយល់ព្រម​លើ​កញ្ចប់​ទឹកប្រាក់​ដែល​ត្រូវ​ផ្ដល់​រហស្សនាម​ថា ផែនការ​ម៉ា​សាល់​សម័យ COVID-19 ដែល​កើតចេញពី​ការប្រឹងប្រែង​ខ្លាំងក្លា​របស់​អាល្លឺម៉ង់ និង​បារាំង ព្រោះ​រដ្ឋ​សមាជិក​ខ្លះ​មិន​ចង់​ចាយលុយ​ច្រើន​សម្រាប់​ស្ថានការណ៍​បច្ចុប្បន្ន​។​

 
​កញ្ចប់​ទឹក​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ចំនួន​៧៥០​ពាន់​លាន​អឺរ៉ូ ស្មើនឹង​៨៥៨​ពាន់​លាន​ដុល្លារ ត្រូវបាន​អនុម័ត​ដោយ​មេដឹកនាំ​រដ្ឋ​សមាជិក​ទាំង​២៧ នៅ​ថ្ងៃទី​២១ ខែកក្កដា ក្រោយ​ការចរចា​យ៉ាង​តឹងតែង​ដែល​ចាប់ផ្ដើម​នៅ​ចុង​សប្ដាហ៍​មុន​។ ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង គំរាម​ដើរ​ចេញពី​កិច្ចប្រជុំ ដោយសារ​ខឹង​មេដឹកនាំ​រដ្ឋ​សមាជិក​ខ្លះ​ជំទាស់​ការចំណាយ​ច្រើន​បែបនេះ​។​
 
​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប ឆាល មី​ឈែល ដែល​ដឹកនាំ​កិច្ចប្រជុំ​ប៉ុន្មាន​ថ្ងៃ​មកនេះ បានបង្ហាញ​ក្ដី​រីករាយ​ចំពោះ​លទ្ធផល​នេះ​។ លោក​និយាយថា​៖ «​នេះ​ជាការ​ចរចា​ដ៏​លំបាក​ក្នុងពេល​ដ៏​លំបាក​សម្រាប់​ប្រជាជន​អឺរ៉ុប ហើយ​ចាត់ទុក​ជំនួប​កំពូល​បួន​ថ្ងៃនេះ ជា​ការរត់​ម៉ារ៉ាតុន​ដែល​ប្រជាជន​អឺរ៉ុប​មកពី​២៧​ប្រទេស ទទួលជោគជ័យ​ដូចគ្នា​។​» 
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក ម៉ា​ក្រុង និង​អធិការបតី​អាល្លឺម៉ង់ អែន​ជែ​ឡា មឺ​ហ្គែ​ល ប្រឹងប្រែង​ខ្លាំង​ក្នុង​ការរក​ច្រកចេញ ព្រោះ​កញ្ចប់​ថវិកា​ស្រោចស្រង់​នេះ រង​ការជំទាស់​ពី​ហូ​ឡង់ អូទ្រីស ស៊ុយអែត ហ្វាំ​ង​ឡង់ និង​ដា​ណឺ​ម៉ាក​ដែលមាន​ជំហរ​មិន​ចង់​ចាយលុយ​ច្រើន​។ ក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​លោកស្រី មឺ​ហ្គែ​ល ក្រោយ​កិច្ចប្រជុំ​នៅ​ទីក្រុង​ព្រុ​ច​សែ​ល លោក ម៉ា​ក្រុង បាន​ហៅ​លទ្ធផល​នេះ​ជាការ​ផ្លាស់ប្ដូរ​ជា​ប្រវត្តិសាស្ត្រ​មួយ​។​
 
​ក្នុង​កញ្ចប់​លុយ​នេះ ទឹកប្រាក់​ចំនួន​៣៩០​ពាន់​លាន​ដុល្លារ នឹង​ស្ថិតក្រោម​ទម្រង់​ជា​ជំនួយ​សម្រាប់​ប្រទេស​រងគ្រោះ​ដោយសារ COVID-19 ។ ទំហំ​ទឹកប្រាក់​នេះ ទាប​ជាង​សំណើ​របស់​បារាំង និង​អាល្លឺម៉ង់​ដែល​ចង់បាន​៥០០​ពាន់​លាន​ដុល្លារ​។ ទឹកប្រាក់​ចំនួន​៣៦០​ពាន់​លាន​ដុល្លារ​ទៀត គឺជា​កម្ចី​។ អេ​ស្ប៉ា​ញ និង​អ៊ីតាលី​ដែល​រងគ្រោះ​ខ្លាំង​ដោយ​ជំងឺ​មួយ​នេះ ស្ថិតក្នុង​ចំណោម​រដ្ឋ​សមាជិក​ដែល​ទទួលបាន​កម្ចី​ច្រើន​ពី​កញ្ចប់​ជំនួយ​នេះ​។​
 
​នាយករដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ ផេ​ដ្រូ សាន់​ឆេស ចាត់ទុក​ទឹកប្រាក់​នេះ​ជា​ផែនការ​ម៉ា​សាល់​សម្រាប់​អឺរ៉ុប​។ លោក​អះអាងថា កញ្ចប់​ទឹកប្រាក់​នេះ នឹង​ជួយ​សេដ្ឋកិច្ច​យ៉ាប់យ៉ឺន​របស់​អេ​ស្ប៉ា​ញ​ឲ្យ​បាន​ខ្លាំងក្លា​នៅ​រយៈពេល​៦​ឆ្នាំ​បន្ទាប់​។ ប៉ុន្តែ​នាយករដ្ឋមន្ត្រី​ហូ​ឡង់ ម៉ាក រូត ព្រមាន​ថា ការចេញ​ទឹកប្រាក់​តែម្ដង​នេះ មិនមាន​លើក​ទី​ពីរ​ឡើយ​។​
 
​រដ្ឋ​សមាជិក​នឹង​មិនអាច​ប្រើប្រាស់​ថវិកា​នេះ​តាម​អំពើ​ចិត្ត​ដែរ​។ ការប្រើប្រាស់​លុយ​ជំនួយ​នេះ នឹង​ស្ថិតក្រោម​ការត្រួតពិនិត្យ​តឹងរ៉ឹង ហើយ​ត្រូវ​ស្របតាម​គោលនយោបាយ​របស់​អឺរ៉ុប​ដូចជា​កំណែទម្រង់សេដ្ឋកិច្ច និង​បញ្ហា​បរិស្ថាន​ផងដែរ​៕

Tag:
 ​អឺរ៉ុប​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com