ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! ដឹង​ទេ​? ទទួលទាន​ទឹក​នៅពេល​ពោះ​ទទេ ល្អ​ណាស់​ចំពោះ​សុខភាព​
22, Jul 2020 , 6:59 pm        
រូបភាព
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ដឹង​ហើយ​ថា​ការ​ទទួលទាន​ឱ្យបាន​គ្រប់គ្រាន់ គឺ​ចាំបាច់​ណាស់​សម្រាប់​រក្សាសុខ​ភាពល្អប្រសើរ​។ ប៉ុន្តែ​តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​ការ​ទទួលទាន​ទឹក​នៅពេល​ពោះ​ទទេ​មិនទាន់​ញ៊ាំ​អ្វី​អាច​ផ្ដល់​អត្ថប្រយោជន៍​កាន់តែ​ពិសេស​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​មូលហេតុ​ដែល​អ្នក​គួរ​ព្យាយាម​ទទួលទាន​ទឹក​នៅពេល​ពោះ​ទទេ ៖

 
១. សម្អាត​បន្សាប​ជាតិពុល​ពី​ក្នុង​រាងកាយ​
 
​ការទទួល​ទាន​ទឹក​នៅពេល​ពោះ​ទទេ​ជួយ​ក្នុង​ការសម្អាត​ពោះវៀន​ដែល​បង្កើន​សមត្ថភាព​ពោះ​វៀន​ក្នុងការ​ស្រូបយក​សារធាតុចិញ្ចឹម​។ វា​ក៏​ជួយ​កម្ចាត់​ជាតិពុល​ផ្សេងៗ​ពី​ក្នុង​រាងកាយ​ផងដែរ​។​
 
២. រក្សា​សុខភាព​ស្បែក​ល្អប្រសើរ​
 
​ទឹក​ជួយ​ក្នុងការ​កម្ចាត់​ជាតិពុល​ពី​ក្នុង​ឈាម​ដែល​ជួយ​រក្សា​សុខភាព​ស្បែក​ល្អប្រសើរ​។ ក្រៅពី​ព្យាយាម​ទទួលទាន​ទឹក​ឱ្យបាន​យ៉ាងហោចណាស់ ២ កែវ​ភ្លាមៗ​ក្រោយពី​ក្រោកពីដំណេក​នៅពេល​ព្រឹក​ហើយ​នោះ អ្នក​ក៏​មិនត្រូវ​ភ្លេច​ទទួលទាន​ទឹក​ឱ្យបាន​ច្រើន​គ្រប់គ្រាន់​បន្ថែម​ពេញ​មួយថ្ងៃ​ជាប្រចាំ​ដែរ​។​
 
៣. រក្សា​សុខភាព​ពោះវៀន​ល្អប្រសើរ​
 
​ការទទួល​ទាន​ទឹក​នៅពេល​ពោះ​ទទេ​អាចជួយ​សម្រួល​ដល់​ចលនា​ពោះវៀន​ដែល​ទប់ស្កាត់​បញ្ហា​ពិបាក​រំលាយ​អាហារ ទល់លាមក និង​ឆ្លង​មេរោគ​ក្នុង​ពោះវៀន​។​
 
៤. ទប់ស្កាត់​ក្រួស​ក្នុង​តម្រងនោម​
 
​ការទទួល​ទាន​ទឹក​នៅពេល​ពោះ​ទទេ​ពិតជា​អាចជួយ​ទប់ស្កាត់​កា​រក​កើង​ឡើង​នូវ​ក្រួស​ក្នុង​តម្រងនោម​បាន​គួរឱ្យកត់សម្គាល់​។ វា​ក៏​ជួយ​ទប់ស្កាត់​ការឆ្លង​មេរោគ​ក្នុង​ផ្លោក​នោម​ផងដែរ​។​
 
៥. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​
 
​ការ​ទទួលទាន​ទឹកបាន​ច្រើន​គ្រប់គ្រាន់​អាចជួយ​កម្ចាត់​រាល់​ជាតិពុល​និង​ទប់ស្កាត់​ការឆ្លង​មេរោគ​មិនឱ្យ​រីក​រាលដាល​ពេញ​រាងកាយ​។ ជា​លទ្ធផល​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​នឹង​កាន់តែ​រឹងមាំ​ឡើង ហើយ​អ្នក​អាច​ចៀស​ផុតពី​ហានិភ័យ​នៃ​រោគ​ឆ្លង​ជាច្រើន​។​
 
៦. ព​ន្លឿ​ន​ដំណើរការ​នៃ​ការដុត​រំលាយ​អាហារ​ក្នុង​រាងកាយ​
 
​អត្រា​នៃ​ការដុត​រំលាយ​អាហារ​នឹង​ត្រូវបាន​កើនឡើង​តាមរយៈ​ការទទួល​ទាន​ទឹក​ច្រើន​គ្រប់គ្រាន់​ជាប្រចាំ​។​
 
៧. ជួយ​ឱ្យ​ស្រក​ទម្ងន់​
 
​ការទទួល​ទាន​ទឹក​ឱ្យបាន​ច្រើន​ក្នុងកំឡុងពេល​តម​អាហារ​អាចជួយ​ឱ្យ​អ្នក​ស្រក​ទម្ងន់​ឆាប់រហ័ស​។ នេះ​ក៏​ព្រោះតែ​ទឹក​គ្មាន​ផ្ទុក​ជាតិ​កាឡូរី​ឡើយ​។ ការទទួល​ទាន​វា​ថែមទាំង​ធ្វើឱ្យ​អ្នក​ឆាប់​ឆ្អែត​ទៀតផង​។​
 
​ហេតុអ្វី​ទើប​ការ​ទទួលទាន​សំខាន់​ខ្លាំង​ចំពោះ​សុខភាព​?
 
​នេះ​ក៏​ព្រោះតែ​ការទទួល​ទាន​មិនបាន​ច្រើន​គ្រប់គ្រាន់​អាច​បង្កបញ្ហា​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាងកាយ​ដែលជា​កត្តា​ចម្បង​នៃ​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ផ្សេងៗ​។ កង្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ​រយៈពេល​យូរ​អាច​បណ្ដាលឱ្យ​ឈឺក្បាល ឈឺ​រលាក​សន្លាក់ លើសឈាម ឬ​ស​ដូង​បាត ធាត់​ជ្រុល មហារីក​សុដន់ ក្រួស​ក្នុង​តម្រងនោម និង​ជំងឺមហារីក​ស្បូន​ជាដើម​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​ព្យាយាម​ទទួលទាន​ទឹក​ឱ្យបាន​ច្រើន​គ្រប់គ្រាន់​ចាប់ពី​ពេល​ភ្ញាក់ឡើង​និង​បន្ត​ទទួលទាន​ពេញ​មួយថ្ងៃ​ជាប្រចាំ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com