ជាតិ
សុខភាព
​ជំងឺ​បាក់​ទឹកចិត្ត ភ័យខ្លាច​/​ថប់​បារម្ភ កើនឡើង​៣​ដង​នា​អំឡុង​វិបត្តិ​កូ​វីដ​-១៩
22, Jul 2020 , 9:51 am        
រូបភាព
ជំងឺ​បាក់​ទឹកចិត្ត​(Depression) ជំងឺ​ភ័យខ្លាច​/​ថប់​បារម្ភ (Anxiety Disorders) អាច​កើតឡើង​សម្រាប់មនុស្ស​គ្រប់​វ័យ មិន​ថា ចំពោះ​កុមារ មនុស្ស​វ័យ​ជំទង់ មនុស្សពេញវ័យ និង​មនុស្ស​ចាស់​ឡើយ។ រូបថត Pixabay
ជំងឺ​បាក់​ទឹកចិត្ត​(Depression) ជំងឺ​ភ័យខ្លាច​/​ថប់​បារម្ភ (Anxiety Disorders) អាច​កើតឡើង​សម្រាប់មនុស្ស​គ្រប់​វ័យ មិន​ថា ចំពោះ​កុមារ មនុស្ស​វ័យ​ជំទង់ មនុស្សពេញវ័យ និង​មនុស្ស​ចាស់​ឡើយ។ រូបថត Pixabay
​ភ្នំពេញ​៖ ការ​រា​តត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ (COVID-19)​ ក្នុង​ពិភពលោក បានផ្តល់​ផល​អវិជ្ជមាន​ជាខ្លាំង​លើ​សុខភាព​ផ្លូវចិត្ត​ ពិសេសបង្កជាជំងឺ​បាក់​ទឹកចិត្ត​ (Depression) ជំងឺ​ភ័យខ្លាច​/​ថប់​បារម្ភ (Anxiety Disorders)​ លើមនុស្ស​គ្រប់​វ័យ មិន​ថា ចំពោះ​កុមារ មនុស្ស​វ័យ​ជំទង់ មនុស្សពេញវ័យ និង​មនុស្ស​ចាស់​ឡើយ​។ នេះ​បើ​យោងតាម របាយការណ៍​ស​ង្ខ​បរ​បស់​អង្គការ​សហ​ប្រជាជន​ស្តីពី​«​គោលនយោបាយ​សង្ខេប កូ​វីដ​-១៩​និង​តម្រូវ​ការធ្វើសកម្មភាព​សម្រាប់​សុខភាព​ផ្លូវចិត្ត​»​។​

 
​របាយការណ៍​ដែល​ស្រង់​ដោយ​ក្រសួងសុខាភិបាល​ចុះផ្សាយ​នៅថ្ងៃ​ទី​២១​កក្កដា ឆ្នាំ​២០២០ បាន​បង្ហាញថា​ពលរដ្ឋ​ដែល​ជំងឺ​បាក់​ទឹកចិត្ត និង​ជំងឺ​ភ័យខ្លាច​/​ថប់​បារម្ភ ដោយសារតែ​បញ្ហា​ឆ្លង​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​នោះ មាន​កើន​ឡើងដល់​៣​ដង ដែលមាន​អត្រា​ប្រេវ៉ា​ឡង់​កើន​ពី​៣៥​ទៅ​៦០​ភាគរយ ក្នុងចំណោម​ប្រជាពលរដ្ឋ​ទូទៅ​។  ជាមួយនឹង​គ្នា​នេះ មន្ត្រី​សុខា​ភិ​បាល និង​ក្រុមគ្រូពេទ្យ​ដែល​ថែទាំ និង​ពិនិត្យ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ក្រៅ​ពីអាច​កើត​ជំងឺ​ខាងលើ ក៏មាន​បញ្ហា​នៃ​ការ​សម្រាន្ត​មិន​លក់ ពី​៣៥​ទៅ​៥០ ផងដែរ​។ 
 
បញ្ហា​សុខភាព​ផ្លូវចិត្ត​លើ​កុមារ និង​មនុ​ស្សវ័យ​ជំទង់ ក៏​ប៉ះពាល់​ក្នុង​អត្រា​ប្រេ​វ៉ាឡង់​ពី​៣០​ទៅ​៧៧​ភាគរយ​​ រីឯ​ការប្រើប្រាស់​គ្រឿង​ស្រវឹង និង​គ្រឿង​ញៀន ក៏បាន​កើនឡើង​ប្រមាណ​២០​ភាគរយ​ផងដែរ ក្នុងចំណោម​ក្រុមមនុស្ស​វ័យ​១៥​ទៅ​៤៩​ឆ្នាំ​។ ​ការ​រាតត្បាត​នេះ បានធ្វើឱ្យ​ពលរដ្ឋ​កើត​​ជំងឺផ្លូវចិត្ត​ ដែល​យ​ជះឥទ្ធិពល​អវិជ្ជមាន​ទៅលើ​ស្ថានភាព​សុខភាព​និង​សង្គម ព្រមទាំង​មានផល​អាក្រក់​លើ​សេដ្ឋកិច្ច​គ្រួសារ សេដ្ឋកិច្ចជាតិ ក្នុង​រយៈ​ខ្លី​និង​វែង​។  
 
​ពលរដ្ឋ​ដែល​កើត​បញ្ហា​ផ្លូវចិត្ត ក្នុងស្ថានភាព​នៃ​ជំងឺ​កូ​វីដ​-១៩ អាចមាន​ប្រតិកម្ម​ជា​ញឹកញាប់​ដូចជា​ការ​កង្វល់​ពី​ការ​ប្រឈម​ឆ្លង​ជំងឺ​កូ​វីដ​, កង្វល់​ពី​ប្រសិទ្ធភាព​នៃ​ការថែទាំ និង​ព្យាបាល​វេជ្ជសាស្ត្រ​, កង្វល់​ការ​ឃា្ល​ត​ឆ្ងាយ​ពី​មិត្តភក្តិ មនុស្ស​ជាទី​ស្រលាញ់​, កង្វល់​ពី​ការ​កាត់ផ្តាច់ ឬ​កាត់បន្ថយ​ទំនាក់ទំនង​ក្នុង​សហគមន៍​, កង្វល់​ពី​ការបាត់បង់​ការងារ បាត់បង់​ប្រភព​ចំណូល​របស់​បុគ្គល​និង​គ្រួសារ ដោយសារ​ការបិទ​អាជីវកម្ម និង​ការបាត់បង់​សកម្មភាព​កំសាន្ត​នានា .....​។​


កង្វល់ជាច្រើន​កើតឡើង​នា​អំឡុង​នៃការរាតត្បាត COVID-19 ដូចជាភ័យ​​ពី​ការ​ប្រឈម​ឆ្លង​, កង្វល់​ពី​ប្រសិទ្ធភាព​នៃ​ការថែទាំ ភ័យខ្លាចបាត់បង់សមាជិកគ្រួសារ ឬបញ្ហាអាជីវកម្ម​ផ្សេងៗ។ រូបថត Pixabay
 
​ដើម្បី​បង្ការបញ្ហា​សុខភាព​ផ្លូវចិត្ត​ដែល​អាច​ឈានដល់​ស្ថានភាព​ធ្ងន់ធ្ងរ ក្រសួងសុខាភិបាល​បាន​ណែនាំ និង​លើទឹក​ចិត្ត​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ពិចារណា​នូវ​ការទទួលបាន​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ facebook, ត្រូវ​កាត់បន្ថយ​ការតាមដាន​ព័ត៌មាន​ដែល​ទាក់ទង​នឹង​ជំងឺ​កូ​វីដ អាចធ្វើឱ្យ​អារម្មណ៍​​ភ័យខ្លាច និង​តក់​ស្លុត។ បើ​អាច​ពលរដ្ឋ​មើល​ ឬ​ស្តាប់​ព័ត៌មាន​ដែល​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​១​ទៅ​២​ដង​ក្នុង​មួយថ្ងៃ ដោយ​ត្រូវ​ព្យាយាម​រក​ប្រភព​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​ត្រឹមត្រូវ និង​ពិតប្រាកដ​។  ដូចជា​ពលរដ្ឋ​អាច​ទូរ​សព្ទ​ទៅ​១១៥ របស់​ក្រសួង​សុខ​ភិ​បាល  តាមដាន​ព័ត៌មាន​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងសុខាភិបាល និង​​អង្គការ​សុខភាព​ពិភពលោកជាដើម​។ 
 
​សម្រាប់​កុមារ និង​មនុ​ស្សវ័យ​ជំទង់​វិញ ដើម្បី​បង្ការ​ការកើត​បញ្ហា​ចិត្ត ឪពុកម្តាយ ត្រូវ​ជជែក ចែករំលែក​និង​ពន្យល់​ពួកគេ​អំពី​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​, ​វិធី​រក្សា​សុវត្ថិភាពនៃ​ការឆ្លង​ជំងឺ​កូ​វីដ​។ ឪពុកម្តាយ​ ក៏ត្រូវ​រក្សា​ទម្លាប់​ជាមួយ​កូនៗ​ជាប្រចាំ និង​មាន​ពេល​សម្រាក គេង លំ​ហាត់ប្រាណ និង​បរិភោគ​ឱ្យបាន​គ្រប់គ្រាន់​ ពិសេស​ផ្តល់ឱកាស​កុមារ និង​មនុ​ស្សវ័យ​ជំទង់ ​រក្សា​ទំនាក់ទំនង​ជាមួយ​មិត្តភក្តិ និង​គ្រួសារជាដើម​។ 
 
​វិធី​បង្ការ​នៃ​ការកើត​បញ្ហា​ផ្លូវ​ចំពោះ​អ្នក​ដាក់ឱ្យ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ គឺ​ត្រូវ ទទួលយក និង​យល់ថា​ពេលវេលា​នេះ ពេលវេលា​ពិសេស​និង​ខុស​ពេលមុន ទោះបីជា​លោកអ្នក​មិន​ចង់ឃើញ​ក៏ដោយ​, ត្រូវ​រក្សា​ទំនាក់ទំនង និង​វិធី​ផ្សារភ្ជាប់​ជាមួយ​អ្នកដទៃ តាមរយៈ​ហ្វេ​ស​ប៊ុ​ក និង​ទូរ​សព្ទ​...​ដោយ​មិនត្រូវ​ភ័យខ្លាច​ប៉ះពាល់​ការប្រាស្រ័យ​ទំនង​អ្នក​ជាមួយ​អ្នក​ទៃ​ឡើយ​។  ក្នុងអំឡុងពេល​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃនោះ លោកអ្នក អាច​អាន​សៀវភៅ មើល​រឿង​កំសាន្ត​សប្បាយៗ និង​សមាធិ ក្នុង​រយៈពេល​៦​ទៅ​៧​នាទី​ឱ្យបាន​២​ទៅ​៣​ដង​ក្នុង​មួយថ្ងៃ​។ 


 មន្ត្រីរបស់ក្រសួងភិបាលមួយរូបកំពុងអង្គុយពិនិត្យ សកម្មភាពអ្នកដំណើរនៅអាកាសយានអន្តរជាតិភ្នំពេញ តាមរយៈកុំព្យូទ័រ។ រូបថត៖CDC

ចំពោះ​ក្រុមគ្រូពេទ្យ និង​អ្នក​ថែទាំ​អ្នកជំងឺ​កូ​វីដ​-១៩​វិញ គឺ​ត្រូវ​ទទួលយក​ស្ថានភាព​ដែល​ខ្លួន​កំពុង​ជួបប្រទះ​, ត្រូវ​ត្រួតពិនិត្យ​ខ្លួន​ជានិច្ច​ (​ពាក់​ម៉ាស់ លាងដៃ រក្សា​តម្លា​ត​សង្គម​ឱ្យបាន​ត្រឹមត្រូវ​),​ត្រូវបំពេញ​ការងារ​ក្នុង​ភាពជា​ក្រុម ជា​ដៃគូ ប្រកបដោយ​ការប្រុងប្រយ័ត្ន​,  មានការ​ពិគ្រោះ​ជាមួយ​ក្រុម​ការងារ​និ​ងិ​មិត្តភក្តិ​ជាប្រចាំ​, ត្រូវមាន​ភាពជឿជាក់​លើ​ខ្លួន និង​អនុវត្ត​វិធានការ​ការពារ​កុំឱ្យ​ឆ្លង​កូ​វីដ​-១៩​ខ្លួនឯង និង​អ្នកដទៃ​ឱ្យបាន​ល្អប្រសើរ​បំផុត​។ ទន្ទឹមនឹង​គ្នា​នេះ​ពេទ្យ និង​អ្នក​ថែទាំ​អ្នកជំងឺ​កូ​វីដ​-១៩  ត្រូវ​ចៀសវាង​ការងារ​មិនមាន​ពេល​សម្រាក​, កុំ​បរិភោគ​អាហារ​ផ្អែម និង​កាហ្វេ​ច្រើន​, កុំ​ប្រើប្រាស់​គ្រឿង​ស្រវឹង  និង​ថ្នាំ​ងងុយដេក​ហួសហេតុ ពិសេស​កុំ​ព្យាយាម​វាយតម្លៃ​ច្រើន​ហួសហេតុ​ពី​ផល​អវិជ្ជមាន​នៃ​ការងារ​របស់ខ្លួន​ដែល​បានធ្វើ​។ 
 
​ក្រសួងសុខាភិបាល​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ទាំងអស់ ប្រសិនបើ​មាន​ភាព​តានតឹង​ផ្លូវ​ចិត្ត​លើសពី​២​សប្តាហ៍​ដែល​ធ្វើឱ្យប៉ះពាល់​ដ​ល់ការងារ ឬ​ទម្លាប់​ប្រចាំថ្ងៃ គួរតែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ អ្នកជំនាញ​ផ្លូវចិត្ត ឬ​ស្វែងរក​ការគាំទ្រ ឬ​ទៅពិនិត្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​៕ 
 
 
 

Tag:
 COVID-19
  ជំងឺ​បាក់​ទឹកចិត្ត​
© រក្សាសិទ្ធិដោយ thmeythmey.com