ពីនេះ ពីនោះ
សុខភាព
កុំ​រំលង​! ទម្លាប់​អ្វីខ្លះ​ជួយ​ដុតបំផ្លាញ​ជាតិ​ខ្លាញ់​ឆាប់រហ័ស​?
23, Jul 2020 , 6:59 am        
រូបភាព
​ធ្លាប់​ដឹង​ទេ​ថា​ទម្លាប់​មួយចំនួន​អាចជួយ​ដុតបំផ្លាញ​ជាតិ​ខ្លាញ់​បាន​យ៉ាង​ប្រសើរ​? មាន​អ្វី​ខ្លះទៅ​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​ទម្លាប់​ដែល​អ្នក​មិនគួរ​មើលរំលង​ប្រសិនបើ​ចង់​ដុតបំផ្លាញ​ជាតិ​ខ្លាញ់​ឆាប់រហ័ស​ពី​ក្នុង​រាងកាយ ៖

 
១. ទទួលទាន​តែ​
 
​កម្រិត​នៃ​អ័រម៉ូន Cortisol នឹង​ត្រូវបាន​គ្រប់គ្រង​តាមរយៈ​ការទទួល​ទាន​តែ​ខ្មៅ​និង​តែ​បៃតង​។ អ័រម៉ូន Cortisol ទទួលខុសត្រូវ​ចំពោះ​ការប្រមូលផ្ដុំ​ជាតិ​ខ្លាញ់​នៅត្រង់​ផ្នែក​កណ្ដាល​នៃ​រាងកាយ​។ តែ​បៃតង​មាន​ផ្ទុក​សារធាតុ epigallocatechin ឬ EGCG ដែល​អាច​ដុតបំផ្លាញ​កាឡូរី​បាន​កាន់តែច្រើន​ពេញ​មួយថ្ងៃ​។​
 
២. ធ្វើ​លំ​ហាត់ប្រាណ​
 
​ការមិនធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ​នឹង​បណ្ដាលឱ្យ​រាងកាយ​ងាយ​ស្តុក​ទុក​នូវ​ទម្ងន់ ឬ​ជាតិ​ខ្លាញ់​ដែល​លើស​។ ដើម្បី​ស្រក​ទម្ងន់​អ្នក​គួរ​ចាំ​ក្នុង​ចិត្ត​ថា​ត្រូវ​ព្យាយាម​ធ្វើ​សកម្មភាព​រាងកាយ​ផង​ដោយ​មិនមែន​គិត​ខ្វល់​តែ​ពី​បរិមាណ​កាឡូរី ឬ​ខំ​តែ​តម​អាហារ​ឡើយ​។ ប្រសិនបើ​អ្នក​មិនទាន់​បានធ្វើ​លំ​ហាត់ប្រាណ​អ្វី​សោះ ចូរ​ចាប់ផ្ដើម​។ ប៉ុន្តែ​ប្រសិនបើ​ធ្វើ​ហើយ​ហាក់ដូចជា​មិនបាន​ផល ចូរ​ព្យាយាម​ជ្រើសរើស​លំ​ហាត់ប្រាណ​ដែល​សមស្រប​បំផុត និង​ទុកពេល​ឱ្យ​រាងកាយ​បាន​សម្រាក​គ្រប់គ្រាន់​ដើម្បី​ស្ដារ​ភាពប្រសើរ​ឡើងវិញ​។​
 
៣. បង្កើន​ការទទួល​ទាន​អាហារ​សម្បូរ​វីតាមីន D
 
​ដើម្បី​ព​ន្លឿ​ន​ការ​ស្រក​ទម្ងន់​និង​ពង្រឹង​សុខភាព​ឆ្អឹង អ្នក​ចាំបាច់​គួរ​ព្យាយាម​រួមបញ្ចូល​វីតាមីន D និង​កាល់ស្យូម​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។​
 
៤. រួមបញ្ចូល​ខ្ញី​ក្នុង​របប​អាហារ​
 
​ខ្ញី​ជា​ភ្នាក់ងារ thermogenic មាន​ប្រសិទ្ធិភាព​ដុត​រំលាយ​ជាតិ​ខ្លាញ់​កាឡូរី​បាន​យ៉ាង​ប្រសើរ​តាមរយៈ​ការបង្កើន​សីតុណ្ហភាព​ក្នុង​រាងកាយ​។ ខ្ញី​ក៏មាន​សមត្ថភាព​បង្កើន​ការរំលាយ​អាហារ​និង​ព​ន្លឿ​ន​ការដុត​រំលាយ​អាហារ​ក្នុង​រាងកាយ​ដែល​ប្រសើរ​បំផុត​ជួយ​ក្នុងការ​សម្រក​ទម្ងន់​។​
 
៥. រួមបញ្ចូល​ម្ទេស​ក្រហម​ក្នុង​របប​អាហារ​
 
​ការរួមបញ្ចូល​ម្ទេស​ក្រហម​ក្នុង​របប​អាហារ គឺ​ពិតជា​ល្អ​ណាស់​ដើម្បី​បង្កើន​ការដុត​បំផ្លាញ​កាឡូរី​។ ម្យ៉ាងវិញទៀត​ការទទួល​ទាន​ម្ទេស​ក្រហម​ក៏​ជួយ​បន្ថយ​ការ​ឃ្លាន​អាហារ​ផ្អែម​គួរឱ្យកត់សម្គាល់​ផងដែរ​។ សារធាតុ capsaicin ក្នុង​ម្ទេស​ក្រហម​ទទួលទាន​ខុសត្រូវ​បង្កើន​សីតុណ្ហភាព​រាងកាយ​ដុតបំផ្លាញ​កាឡូរី​បាន​កាន់តែច្រើន​។​
 
៦. បង្កើន​ការទទួល​ទាន​ប្រូតេអ៊ីន​
 
​ប្រូតេអ៊ីន​ក៏​ចាំបាច់​ណាស់​ដើម្បី​គ្រប់គ្រង​ភាព​ឃ្លាន​របស់​អ្នក​និង​ជួយ​បំពេញ​សារធាតុចិញ្ចឹម​បន្ថែម​ក្នុង​របប​អាហារ​។ មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ ប្រូតេអ៊ីន​ក៏​ជួយ​ព​ន្លឿ​ន​ការដុត​រំលាយ​អាហារ​ក្នុង​រាងកាយ​ផងដែរ​។ របប​អាហារ​មាន​ផ្ទុក​ប្រូតេអ៊ីន​ខ្ពស់​អាច​បង្កើន​ការដុត​បំផ្លាញ​កាឡូរី​បាន​ចន្លោះ​ពី ៨០ ទៅ ១០០ កាឡូរី​ក្នុង​មួយថ្ងៃ​។ ដូច្នេះ​ប្រសិនបើ​អ្នក​មិន​ទទួលទាន​អាហារ​សម្បូរ​ប្រូតេអ៊ីន​ទេនោះ អ្នក​ក៏​មិនអាច​ស្រក​ទម្ងន់​បាន​ប្រសើរ​ដូច​ចិត្ត​ដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com