COVID-19
អន្តរជាតិ
ចិន ធ្វើតេស្តវ៉ាក់សាំង COVID-19 ជំហានចុងក្រោយនៅប្រេស៊ីល គំរូវ៉ាក់សាំងCOVID-19 របស់ក្រុមហ៊ុនSinovac។រូបភាព៖ Xinhua
× វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 មួយប្រភេទដែលផលិតដោយក្រុមហ៊ុនចិន បានឈានមកដល់ការធ្វើតេស្តដំណាក់កាលទី៣ ដែលជាការពិសោធចុងក្រោយហើយនៅថ្ងៃទី២១ ខែកក្កដា។ ការធ្វើតេស្តនេះត្រូវបានធ្វើឡើងនៅប្រេស៊ីល។
វ៉ាក់សាំងឈ្មោះថា CoronaVac ត្រូវបានផលិតដោយក្រុមហ៊ុនឱសថឯកជនចិនឈ្មោះ Sinovac។ វ៉ាក់សាំងនេះ ជាវ៉ាក់សាំងមួយក្នុងចំណោមបីដែលបានអនុញ្ញាតឲ្យធ្វើការសាកល្បងក្នុងដំណាក់កាលពី៣ ដែលជាការធ្វើតេស្តលើមនុស្សជាទ្រង់ទ្រាយធំ មុននឹងទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់ជាផ្លូវការ។
វ៉ាក់សាំង នេះមានឈ្មោះថា CoronaVac ដែលត្រូវដាក់ឲ្យធ្វើតេស្តលើគ្រូពេទ្យប្រស៊ីលចំនួន ៩ពាន់រូប មកពីរដ្ឋផ្សេងៗគ្នាចំនួន៦។ មនុស្សម្នាក់ៗនឹងទទួលបានវ៉ាក់សាំងចំនួន២ដូស ក្នុងរយៈពេល៣ខែ ហើយត្រូវស្ថិតក្រោមការសិក្សាយ៉ាងហ្មត់ចត់។ លោក Joao Doria អភិបាលក្រុង Sao Paulo បានអះអាង គេអាចនឹងទទួលបានលទ្ធផលបឋមនៅក្នុងរយៈពេល៩០ថ្ងៃខាងមុខទៀត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP ។
ការតេស្តវ៉ាក់សាំងនៅប្រទេសប្រេស៊ីលរបស់ក្រុមហ៊ុនចិនមានការសហការជាមួយវិទ្យាស្ថាន Butantan របស់ប្រេស៊ីល ដែលជាមជ្ឈមណ្ឌលស្រាវជ្រាវសុខភាពសាធារណៈ។ បើសិនជាវ៉ាក់សាំងមានសុវត្ថិភាព និងប្រសិទ្ធភាព វិទ្យាស្ថាន Butantan នឹងមានសិទ្ធិផលិតវ៉ាក់សាំងនេះចំនួន១២០លានដូស។
ក្រៅតែពីវ៉ាក់សាំង Coronavac ដែលផលិតដោយក្រុមហ៊ុន Sinovac ឈានដល់ការធ្វើតេស្តចុងក្រោយ គេមានវ៉ាក់សាំងចំនួន២ទៀតដែលស្ថិតក្នុងការធ្វើតេស្តដំណាក់កាលចុងក្រោយដូចគ្នា។ ក្នុងនោះមានវ៉ាក់សាំងដែលអភិវឌ្ឍដោយសាកលវិទ្យាល័យ Oxford និងក្រុមហ៊ុនឱសថ AstraZeneca ដែលកំពុងធ្វើតេស្តនៅប្រទេសអង់គ្លេសនិងអាហ្វ្រិកខាងត្បូង។ ចំណែកឯមួយទៀតគឺវ៉ាក់សាំងផលិតដោយក្រុមឱសថ Sinopharm ដែលបានចាប់ផ្តើមធ្វើតេស្តនៅអេមីរ៉ាតអារ៉ាប់រួម៕
© រក្សាសិទ្ធិដោយ thmeythmey.com