អន្តរជាតិ
អាមេរិក ផ្ដល់​រង្វាន់​៥​លាន​ដុល្លារ​សម្រាប់​ដំណឹង​ឈានដល់​ការចាប់​ប្រធាន​តុលាការ​កំពូល​វ៉េ​ណេ​ស៊ុយ​អេ​ឡា​
22, Jul 2020 , 1:56 pm        
រូបភាព
ប្រធានតុលាការកំពូលវ៉េណេស៊ុយអេឡា លោក Maikal Moreno Perez និងប្រធានាធិបតីលោក នីកូឡាស់ ម៉ាឌុយរ៉ូ ។ រូបភាព Reuters
ប្រធានតុលាការកំពូលវ៉េណេស៊ុយអេឡា លោក Maikal Moreno Perez និងប្រធានាធិបតីលោក នីកូឡាស់ ម៉ាឌុយរ៉ូ ។ រូបភាព Reuters
ដោយ:
​ក្រសួងការបរទេស​អា​មេ​រិ​ក បានប្រកាស​ផ្ដល់ប្រាក់​រង្វាន់​រហូតដល់​៥​លាន​ដុល្លារ សម្រាប់​ព័ត៌មាន​ឈានដល់​ការចាប់ខ្លួន ប្រធាន​តុលាការ​កំពូល​វ៉េ​ណេ​ស៊ុយ​អេ​ឡា លោក Maikal Jose Moreno Perez ។ បច្ចុប្បន្ន លោក Perez ត្រូវ​អាមេរិក​ចោទថា លាងលុយកខ្វក់​។

 
​ក្នុង​សេចក្តីថ្លែងការណ៍ នៅ​ថ្ងៃទី ២១ ខែកក្កដា រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ និយាយថា លោក Perez បាន​ប្រព្រឹត្ត​អំពើពុករលួយ ក្រោមរូបភាព​ទទួល​សំណូក​ទាំង​ជា​លុយ ឬ​ទ្រព្យសម្បត្តិ ជា​ថ្នូរ​នឹង​ការកែប្រែ​លទ្ធផល​សំណុំរឿង​ដែល​លោក​ទទួលបន្ទុក​ក្នុងពេល​ជាច្រើន​ឆ្នាំ​មកនេះ​។ 
 
«​លោក Perez បាន​ស៊ីសំណូក​ជា​ថ្នូរ​នឹង​ការប្រើ​អំណាចតុលាការ​ក្នុង​រឿងក្តី​ជាង​២០​ករណី ដូចជា បញ្ជា​ឲ្យ​ចៅក្រម​សាលា​ឧ​ទ្ទ​រណ៍​ដោះលែង​ជនជាប់ចោទ ឬ​ទម្លាក់ចោល​រឿងក្តី​ជាដើម​»​។ លោក​រដ្ឋមន្ត្រី ប៉ុ​ម​ប៉េ​អូ និយាយ​ដូច្នេះ​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ប្រមុខ​ការទូត​អាមេរិក​រូបនេះ អះអាងថា ការផ្ដល់ប្រាក់​រង្វាន់​តា​ម​ប្រមាញ់​បុគ្គល​រូបនេះ គឺ​បង្ហាញ​ជំហរ​ម៉ឺងម៉ាត់​របស់​ក្រុង​វ៉ាស៊ីនតោន​ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ជា​ប្រព័ន្ធ​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។ 
 
​បន្ថែម​ពីលើ​នេះ ប្រធាន​តុលាការ​កំពូល Moreno Perez ដែល​ជាប់​ឈ្មោះ​ក្នុង​បញ្ជីខ្មៅ​របស់​ក្រសួង​រតនាគារ​អាមេរិក ចាប់តាំងពី​ឧសភា ឆ្នាំ​២០១៧ ត្រូវបាន​ដាក់បញ្ចូល​ក្នុង​បញ្ជីខ្មៅ​ដាច់ដោយឡែក​មួយទៀតរ​បស់​ក្រសួងការបរទេស នៅ​ថ្ងៃទី​២១ ខែកក្កដា ជាមួយ​ភរិយា​លោក ពាក់ព័ន្ធ​ប្រព្រឹត្ត​អំពើ​ពុករ​លួច​ធ្ងន់ធ្ងរ​។ នេះ​មានន័យថា ប្តី​ប្រពន្ធ​មួយគូ​នេះ លែង​អាច​ជាន់​ទឹកដី​អាមេរិក​ជា​រៀងរហូត​។ 
 
​មែនទែនទៅ រដ្ឋបាល​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ កាលពី​ថ្មីៗ​នេះ បាន​បង្កើន​ការដាក់​សម្ពាធ​កាន់តែខ្លាំង​លើ​មេដឹកនាំ​វ៉េ​ណេ​ស៊ុយ​អេ​ឡា លោក នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ និង​ដៃជើង​របស់លោក​។ មេ​តុលាការ​កំពូល​ខាងលើ គឺជា​មនុស្ស​ជំនិត​របស់លោក ម៉ា​ឌុយ​រ៉ូ ។ ក្រុង​វ៉ាស៊ីនតោន លែង​ទទួលស្គាល់​លោក ម៉ា​ឌុយ​រូ ជា​ប្រធានាធិបតី​នៃ​ប្រទេស​ហ៊ុម​ព័ន្ធ​ដោយ​វិបត្តិ​មួយ​នេះ ហើយក៏​ព្យាយាម​ទម្លាក់​លោក​ពី​អំណាច​ផងដែរ​៕
 
 
 

Tag:
 សហរដ្ឋអាមេរិក​
  វ៉េ​ណេ​ស៊ុយ​អេ​ឡា​
© រក្សាសិទ្ធិដោយ thmeythmey.com