សង្គមអន្តរជាតិ​
អន្តរជាតិ
របាយការណ៍ UN៖ ក្នុងពេល​១០​ឆ្នាំ កូរ៉េខាងជើង​បាត់បង់​ព្រៃឈើ ២១ ម៉ឺន​ហិកតា
22, Jul 2020 , 9:59 pm        
រូបភាព
ដោយ:
​កូរ៉េខាងជើង បាន​បាត់បង់​ផ្ទៃដី​ព្រៃឈើ​សរុប​ប្រមាណ ២១០ ០០០ ហិកតា ក្នុង​រយៈពេល​១០​ឆ្នាំ​ចុងក្រោយ​។ របាយការណ៍​របស់​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ បានបង្ហាញ​បែបនេះ នៅ​ថ្ងៃទី ២២ ខែកក្កដា ដោយ​លើកឡើង​ពី​បញ្ហា​កាប់បំផ្លាញ​ព្រៃឈើ​កាន់តែ​ធ្ងន់ធ្ងរ​ក្នុង​រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ​។​

 
​យោងតាម​របាយការណ៍​របស់​អង្គការ​កសិកម្ម​និង​ចំណីអាហារ (FAO) ផ្ទៃដី​ព្រៃរបស់​កូរ៉េខាងជើង សល់​ត្រឹម ៦,០៣​លាន​ហិកតា ក្នុង​ឆ្នាំ​២០២០​នេះ ដែល​ធ្លាក់ចុះ​ពី ៦,២៤​លាន​ហិកតា កាលពី​ឆ្នាំ​២០១០​។ 
 
​ការធ្លាក់ចុះ​នេះ គឺ​ស្របទៅនឹង​ការថយចុះ​ជា​លំដាប់​នៃ​តំបន់​ព្រៃឈើ​ក្នុងប្រទេស​កូរ៉េខាងជើង ក្នុង​រយៈពេល​ជាង ៣ ទសវត្សរ៍​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ដោយ​ដកស្រង់​របាយការណ៍រ​បស់ FAO ។​
 
​ផ្ទៃ​ដីព្រៃ​ក្នុងប្រទេស​កូរ៉េខាងជើង ត្រូវបាន​ប៉ាន់​ស្មានថា​មាន​ចំនួន ៦,៩១​លាន​ហិកតា ក្នុង​ឆ្នាំ​១៩៩០ នៅពេល​របាយការណ៍​ត្រូវបាន​ចេញផ្សាយ​លើកដំបូង​។ វិសាលភាព​ព្រៃឈើ​នេះ បាន​ធ្លាក់​ចុះមក​ត្រឹម ៦,៤៦​លាន​ហិកតា ក្នុង​ឆ្នាំ​២០០០​។​
 
​មែនទែនទៅ កូរ៉េខាងជើង ល្បីឈ្មោះ​ខាង​កាប់បំផ្លាញ​ព្រៃឈើ ហើយ​ការបំផ្លិចបំផ្លាញ​ខ្លាំង​បំផុត​បានកើត​ឡើង​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៩០ នៅពេលដែល​ទុរ្ភិក្ស​គ្របដណ្ដប់​ប្រទេស​នេះ ហើយ​បង្ខំ​ឲ្យ​ប្រជាជន​កាប់​ដើមឈើ​សម្រាប់​ធ្វើស្រែ​ចិញ្ចឹម​ក្រពះ​។ 
 
​យ៉ាងណាមិញ រដ្ឋាភិបាល​កូរ៉េខាងត្បូង​និង​ខាងជើង បាន​ព្រមព្រៀងគ្នា​លើ​កិច្ចសហប្រតិបត្តិការ​ការពា​រ​ព្រៃឈើ ក្នុង​ឆ្នាំ​២០១៨ រួមមាន កិច្ចប្រឹងប្រែង​រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ការកាប់បំផ្លាញ​ព្រៃឈើ​ជាដើម​។ ក៏ប៉ុន្តែ វា​មាន​លទ្ធផល​តិចតួច​ណាស់​៕ 
 
 

Tag:
 កូរ៉េខាងជើង​
  UN
© រក្សាសិទ្ធិដោយ thmeythmey.com