ជាតិ
អង្គការអន្តរជាតិ៣៣ស្នើមេដឹកនាំ១៣ប្រទេសជួយជំរុញកម្ពុជាឲ្យគោរពសិទ្ធិមនុស្ស ដើម្បីរក្សា EBA
22, Jul 2020 , 4:08 pm        
រូបភាព
កម្មកររោងចក្រកាត់ដេរប្រមាណ៩ពាន់នាក់ដែលត្រូវទទួលបានវគ្គបណ្ដុះបណ្ដាលជំនាញទន់ពីក្រសួងការងារ កាលពីថ្ងៃទី២៨ មិថុនា ២០២០(រូបពីទំព័រហ្វេសប៊ុករបស់ក្រសួងការងារ)
កម្មកររោងចក្រកាត់ដេរប្រមាណ៩ពាន់នាក់ដែលត្រូវទទួលបានវគ្គបណ្ដុះបណ្ដាលជំនាញទន់ពីក្រសួងការងារ កាលពីថ្ងៃទី២៨ មិថុនា ២០២០(រូបពីទំព័រហ្វេសប៊ុករបស់ក្រសួងការងារ)
​ភ្នំពេញ​៖ អង្គការ​អន្តរជាតិ​៣៣ បាន​សរសេរ​លិខិត ចំហ​រួមគ្នា​មួយ ស្នើ​ទៅ​ប្រទេស​១៣ ឲ្យ​ចូលរួម​ជាមួយ​សហភាព​អឺរ៉ុប ក្នុងការ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​គោរព​សិទ្ធិមនុស្ស ដើម្បី​រក្សាបាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​សព្វ​មុខ​លើ​លែង​តែ​អាវុធ (EBA) ទាំងស្រុង​ដដែល មុននឹង​សេចក្តីសម្រេច​នៃ​ការដក EBA ២០​ភាគរយ ចូល​ជា​ធរមាន នៅ​ទី​១២ សីហា ឆ្នាំ​២០២០​។ 


 
​ការស្នើសុំ​របស់​អង្គការ​អន្តរជាតិ​ទាំង​៣៣ ធ្វើឡើង ខណៈពេល​វេលា នៅសល់​កាន់តែ​ខ្លី គឺ​ប្រមាណ​៣​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ សម្រាប់​រដ្ឋាភិបាល​កម្ពុ​ជា ក្នុងការ​កែប្រែ​ជំហរ ដើម្បី​កុំ​ឲ្យ​បាត់​ផ្នែក​ណាមួយ​នៃ EBA​។ អង្គការ​អន្តរជាតិ​ទាំង​៣៣ មានដូចជា International Commission of Jurists (ICJ), Global Witness, Clean Clothes Campaign, និង Human Rights Watch (HRW) ជាដើម​។  
 
​តាមរយៈ​លិខិត​ចំហ នៅ​ថ្ងៃទី​២១ ខែកក្កដា អង្គការ​អន្តរជាតិ​ទាំងនោះ សរសេរ​ដូច្នេះ​ថា​៖«​យើង​ស្នើ​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​១៣ អំពាវនាវ​បន្តទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​អនុវត្ត​កាតព្វកិច្ច​របស់ខ្លួន ក្រោម​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ និង​គាំទ្រ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​សហភាព​អឺរ៉ុប ក្នុងការ​នាំមក​នូវ​ការគោរព​សិទ្ធិមនុស្ស នីតិរដ្ឋ និង លទ្ធិប្រជាធិបតេយ្យ​...»​។ 
 
​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា ចាត់ទុក​លិខិត​ចំហ​របស់​អង្គការ​អន្តរជាតិ​ទាំង​៣៣ ថា​គ្រាន់តែ​ជា​វោហារ​សព្ទ​នយោបាយ​។ លោក បញ្ជាក់ថា រដ្ឋាភិបាល​កម្ពុជា នៅតែ​រក្សា​ជំហរ​ដដែល គឺ​មិន​ចរចា​អ្វី​ជាមួយ​សហភាព​អឺរ៉ុប​ទៀតឡើយ​។ 
 
​លោក បន្តថា កន្លងមក រដ្ឋាភិបាល បាន​ចរចា​ជាមួយ​សហភាពរ​អឺរ៉ុប​រួចហើយ ហើយ​ការសម្រេចចិត្ត​យ៉ាងណា គឺ​អាស្រ័យ​លើ​សហភាព​អឺរ៉ុប​។ យ៉ាងណា លោក យល់ថា វា ជា​រឿង​អយុត្តិធម៌ បើ​សហភាព​អឺរ៉ុប សម្រេច​ដក EBA ២០​ភាគរយ​ពី​កម្ពុជា​មែន​។ 
 
​មិន​ខុសពី​ការអះអាង​របស់​ប្រមុខ​រដ្ឋាភិបាល អ្នកនាំពាក្យ​រូបនេះ សង្កត់ធ្ងន់ថា រឿង​សំខាន់បំផុត សម្រាប់​កម្ពុជា គឺ​ត្រូវ​រក្សា​សន្តិភាព​និង​សុខក្សេមក្សាន្ត​ជូន​ប្រជាជន​ខ្មែរ ដោយ​មិន​ឲ្យ​អ្នកណា​មក បំផ្លាញ​ឡើយ​។ 
 
​បើ​បាត់ EBA ២០​ភាគរយ​មែន គួបផ្សំ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​ផង តើ​រដ្ឋាភិបាល បារម្ភ​ពី​សេដ្ឋកិច្ចកម្ពុជា ដែល​អាច​នឹងមាន​សភា​ព​កាន់តែ​ធ្ងន់ធ្ងរ​ឬទេ​? អ្នកនាំពាក្យ ឆ្លើយ​នឹង​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ​យ៉ាងខ្លី​ថា​៖«​យើង ត្រៀម​រួច​អស់ហើយ​»​។ 
 
​ប្រទេស​ទាំង​១៣​នោះ សុទ្ធតែ​ប្រកាន់យក​របប​ប្រជាធិបតេយ្យ រួមមាន អូស្ត្រាលី កាណាដា ហ្វាំ​ង​ឡង់ បារាំង អាល្លឺម៉ង់ ឥណ្ឌា ជប៉ុន នូ​វែ​ល​សេ​ឡង់ ស៊ុយអែត ហូ​ឡង់ កូរ៉េខាងត្បូង អង់គ្លេស និង សហរដ្ឋអាមេរិក​។​
 
ទោះបីជា​កន្លងមក សមាគម​ក្នុង​វិស័យ​កាត់ដេរ​និង​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា (EuroCham) បានស្នេីទៅ​គណៈកម្មការ​អឺរ៉ុប​យ៉ាងណាក៏ដោយ ក៏​ភាគី​រដ្ឋាភិបាល មិន​អើពើ​នឹង​រឿង EBA បន្ត​ទៀតឡើយ​។​

Tag:
 EBA
© រក្សាសិទ្ធិដោយ thmeythmey.com