ជាតិ
សេដ្ឋកិច្ច
កសិដ្ឋាន​ចិញ្ចឹម​គោ មាន់ និង​ទា នៅ​កំពង់ចាម នឹង​បង្កើត​ការងារ​ជិត​១៥០​កន្លែង​
23, Jul 2020 , 8:59 am        
រូបភាព
រូបៈ ក្រសួងកសិកម្ម
រូបៈ ក្រសួងកសិកម្ម
​ភ្នំពេញ​៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) កាលពី​ថ្ងៃទី ២០ ខែកក្កដា បានអនុម័ត​គម្រោង​ក​សិ​ដ្ឋា​ន​ចិញ្ចឹមសត្វ គោ មាន់ និង​ទា ថ្មី​មួយ ដែលមាន​តម្លៃ​វិនិយោគ​ចុះបញ្ជី​រហូតដល់​ទៅជិត​៣២​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​ចំនួន ១៤៤​កន្លែង​។

 
​បើតាម CDC ក្រុមហ៊ុន​វិនិយោគ​កសិដ្ឋាន​នេះ មានឈ្មោះ KANG HWA E & C (CAMBODIA) CO., LTD ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​កកោះ ឃុំ​ត្រពាំង​ព្រះ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។ ក្រៅពី បង្កើត​កសិដ្ឋាន​ចិញ្ចឹមសត្វ ក្រុមហ៊ុន​នេះ ក៏​បង្កើត​រោងចក្រ​កែច្នៃ និង​បង្កើត​ស្ថានីយ៍​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​កម្លាំង ៤,៥​មេ​ហ្គា​វ៉ា​ត់ ដើម្បី​ទុក​សម្រាប់​ប្រើប្រាស់​ក្នុង​កសិដ្ឋាន​។ 
 
​កន្លងមក រដ្ឋាភិបាល​កម្ពុជា បាន​ជំរុញ​ឱ្យ​កសិករ​ទាំងអស់ ខិតខំ​បង្កើន​ផល ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក ដើម្បី​កាត់បន្ថយ​ការនាំ​ចូល​សត្វ​។ កម្ពុជា មាន​តម្រូវការ​សាច់​ជាង ២៩​ម៉ឺន​តោន​ក្នុង​មួយឆ្នាំ ខណៈដែល​កម្ពុជា​អាច​ផ្គត់ផ្គង់​ក្នុងស្រុក​ខ្លួនឯង បាន​ជាង​២៣​ម៉ឺន​តោន ដែល​ស្មើ​៨២​ភា​គា​រយ​ប៉ុណ្ណោះ​៕  
 
 

Tag:
 CDC
  កសិដ្ឋាន​
  គោ​
  កំពង់ចាម
© រក្សាសិទ្ធិដោយ thmeythmey.com