COVID-19
អន្តរជាតិ
ថៃ នឹង​បន្ត​ស្ថានភាព​អាសន្ន​១​ខែ​ទៀត ទោះ​គ្មាន​ការឆ្លង COVID-19 ក្នុងស្រុក​ជិត​ពីរ​ខែ​
22, Jul 2020 , 4:58 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានការណ៍​COVID-19 (CCSA) របស់​ថៃ នៅ​ថ្ងៃទី​២២ ខែកក្កដា សម្រេច​បន្ត​ដាក់​ប្រទេស​ក្នុងស្ថានភាព​អាសន្ន​រយៈ​ពេល ១​ខែ​ទៀត​។ សេចក្តី​សេចក្តីសម្រេច​នេះ នឹងដាក់​ទៅ​រដ្ឋាភិបាល​ថៃ​នៅ​សប្តាហ៍​ក្រោយ ដើម្បី​អនុម័ត​ជាផ្លូវការ។ 



​ប្រសិន​គ្មាន​ការប្រែប្រួល​ទេ សេចក្តីសម្រេច​របស់​ម​ជ្ឈ​មណ្ឌល​គ្រប់គ្រង​ស្ថានការណ៍​COVID-19 ដែល​ស្នើ​ឲ្យ​ដាក់​ប្រទេស​ក្នុងស្ថានភាព​អាសន្ន​១​ខែ​ទៀត នឹងដាក់​ទៅ​គណៈរដ្ឋមន្ត្រី​ថៃ​នៅ​សប្តាហ៍​ក្រោយ ដើម្បី​អនុម័ត ខណៈពេល​ថៃ មិនមាន​ករណី​ឆ្លង COVID-19 នៅក្នុង​ប្រទេស​ជាច្រើន​ថ្ងៃ​។ មួយរយៈ​ចុងក្រោយ ថៃ មាន​ករណី​ឆ្លង​ថ្មី​ដែល​សុទ្ធតែជា​ករណី​នាំចូល​ពី​បរទេស និង​អ្នក​ដែល​ស្នាក់នៅ​ដាក់​នៅ​មជ្ឈមណ្ឌល​ច​ត្តា​ឡី​ស័ក​។ ចំនួន​ករណី COVID-19 របស់​ថៃ​មាន​ចំនួន ៣២៦១​នាក់ និង​អ្នក​ស្លាប់មាន​ចំនួន ៥៨​នាក់​។ 
 
​ការបន្ត​ស្ថានភាព​អាសន្ន​ដែល​ត្រូវ​ចប់​នៅ​ថ្ងៃទី​៣១ ខែកក្កដា ធ្វើឡើង​ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ COVID-19 និង​ការពារ​សុវត្ថិភាព​ប្រជាជន​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក Somsak Rungsita អគ្គលេខាធិការ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​។ ដើម្បី​សង្គ្រោះ​សេដ្ឋកិច្ច​របស់ខ្លួន ថៃ ក៏បាន​ចាប់ផ្តើម​បើក​ប្រទេស​បណ្តើរៗ និង​អនុញ្ញាត​ឲ្យ​ជនបរទេស​ចូលមកក្នុង​ប្រទេស​ដែរ ដោយមាន​ភ្ជាប់​លក្ខខណ្ឌ​មួយចំនួន​។​
 
​យ៉ាងណាក៏ដោយ ការបន្ត​ដាក់​ប្រទេស​ក្នុងស្ថានភាព​អាសន្ន​នេះ ត្រូវបាន​អ្នក​រិះគន់​មួយចំនួន​មើលឃើញថា អាចជា​ឧបករណ៍​ដើម្បី​គ្រប់គ្រង​បាតុកម្ម​នៅក្នុង​ប្រទេស​។ នៅ​ចុង​សប្ដាហ៍​មុន និង​ដើម​សប្ដាហ៍​នេះ បាតុកម្ម​បាន​ផ្ទុះឡើង​ជាថ្មី​ដែល​បានទាមទារ​ឲ្យ​រំលាយ​សភា  បញ្ចប់​ការ​បៀតបៀន​លើ​អ្នក​រិះគន់​រដ្ឋាភិបាល ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ឡើងវិញ និង​ទាមទារ​ឲ្យ​នាយករដ្ឋមន្ត្រី​ចុះ​ចេញពី​តំណែង​។​
 
​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា បានលើកឡើង​នៅមុន​សេចក្តីសម្រេច​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានការណ៍ COVID-19 យ៉ាង​ដូច្នេះ​ថា​៖ « រដ្ឋាភិបាល មិន​បំពាន​អនុ​ក្រឹ​ត្យ​ស្តីពី​ស្ថានភាព​អាសន្ន យកទៅ​ប្រឆាំង​ក្រុមបាតុករ​ថៃ​ឡើយ​»​។ ប៉ុន្តែ​ប្រមុខ​រដ្ឋាភិបាល​ថៃ​រូបនេះ បាន​ព្រមាន​ក្រុមបាតុករ​ឲ្យ​ប្រយ័ត្ន និង​ជៀសវាង​ការបំពានច្បាប់​ស្តីពី​ការដាក់ទោស​ការប្រមាថ​ព្រះមហាក្សត្រ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍​។ 
 
​ទាក់ទង​ភាពអាសន្ន​វិញ លោក Rungsita បាន​អះអាងថា ប្រសិនបើ​សំណើ​បន្ត​ដាក់​ប្រទេស​ក្នុងស្ថានភាព​អាសន្ន​ត្រូវ​រដ្ឋាភិបាល​អនុម័ត រាល់​ការហាមឃាត់​លើ​សកម្មភាព​ជួបប្រជុំ​ជា​សាធារណៈ ដែល​មានចែង​ក្នុង​អនុ​ក្រិ​ត្យ​ស្តីពី​ស្ថានភាព​អាសន្ន នឹងមិន​ត្រូវ​យកមក​ប្រើប្រាស់​ឡើយ​។ ប៉ុន្តែ​រដ្ឋាភិបាល​ថៃ អាច​នឹង​ប្រើ​ច្បាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ជួបប្រជុំ​ជា​សាធារណៈ​ផ្សេងទៀត មក​ជំនួស​វិញ​៕

Tag:
 ថៃ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com