​កៅអី AFC Cup 2021 សម្រាប់​ម្ចាស់​ពាន​ជើងឯក​លី​គ​កំពូល និង​ពាន​សម្តេច ហ៊ុន សែន​
កីឡាជាតិ
ជាតិ
​កៅអី AFC Cup 2021 សម្រាប់​ម្ចាស់​ពាន​ជើងឯក​លី​គ​កំពូល និង​ពាន​សម្តេច ហ៊ុន សែន​
22, Jul 2020 , 11:29 pm        
រូបភាព
​ចាប់ពី​ឆ្នាំ​២០២១​តទៅ កម្ពុជា​នឹងមាន​ក្រុមបាល់ទាត់​ចំនួន​ពីរ​ឡើង​ទៅលេង​ក្នុង​ពានរង្វាន់​បាល់ទាត់​លំដាប់​ទី​ពីរ​ប្រចាំ​ទ្វីបអាស៊ី AFC Cup​។ កៅអី​ទាំងពីរ​នេះ ត្រូវបាន​ផ្តល់​ឲ្យ​ក្រុម​ម្ចាស់​ជើងឯក​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ និង​ពានរង្វាន់​សម្តេច ហ៊ុន សែន ខណៈ​ក្រុម​ជើងឯករ​កលី​គ​កំពូល ក៏​អាច​មានឱកាស​ឡើង​ទៅលេង​ក្នុង​ពានរង្វាន់​នេះ​ផងដែរ​។​

 
​គណៈកម្មការ​ប្រកួត​បា​ល់​ទាត់​ជាតិ​កម្ពុជា​(CNCC)​នៅ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២០ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ស្តីពី​កម្ពុជា​ទទួលបាន​សិទ្ធិ​ក្នុងការ​បញ្ជូន​ក្រុមបាល់ទាត់​ចំនួន​ពីរ​ដើម្បី​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ AFC Cup ខណៈ​កន្លងមក​មានតែ​មួយក្រុម​ប៉ុណ្ណោះ​។ គោលការណ៍​នេះ នឹង​អនុវត្ត​ចាប់ពី​ឆ្នាំ​២០២១ តទៅ​។ 
 
​កម្ពុជា​បាន​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​បាល់ទាត់​លំដាប់​ទី​ពីរ​ប្រចាំ​ទ្វីបអាស៊ី​មួយ​នេះ​លើកដំបូង​នៅ​ឆ្នាំ​២០១៧​។ ក្រុម​ដែលមាន​សិទ្ធិ​ចូលរួមបាន លុះត្រា​ជា​ម្ចាស់​ជើងឯក​លី​គ​កំពូល ឬ​ជើងឯក​រង ហើយ​កាលនោះ​ក្រុម​របស់​កម្ពុជា​ចាំបាច់​ត្រូវ​ឆ្លងកាត់​វគ្គ​ជម្រុះ Playoff មុន​ឈានដល់​វគ្គ​ចែក​ពូ​ល​។  
 
​ប៉ុន្តែ​ចាប់ពី​ឆ្នាំ​២០២១ ក្រុម​ជើងឯក​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ នឹង​ទទួលបាន​កៅអី​ឡើងទៅ​លេង​វគ្គ​ចែក​ពូ​ល​(Group Stage)​នៃ​ពានរង្វាន់ AFC Cup ដោយ​ស្វ័យប្រវត្តិ​។ ចំណែក​ម្ចាស់​ជើងឯក​ពានរង្វាន់​សម្តេច ហ៊ុន សែន ទទួលបាន​កៅអី​លេង​ក្នុង​វគ្គ​ជម្រុះ Play off​។ ក្រុម​ជើងឯក​រង​លី​គ​កំពូល​ក៏​អាចមាន​ឱកាស​លេង​ក្នុង​វគ្គ Playoff នៃ​ពានរង្វាន់​នេះ​ផងដែរ ប្រសិនបើ​ក្រុម​មួយ​គ្រង​ទាំង​ជើងឯក​លី​គ​កំពូល និង​ពាន​សម្តេច ហ៊ុន សែន​។​
 
​មួយវិញទៀត ក្រុម​ទទួលបាន​ចំណាត់ថ្នាក់​ចន្លោះ​ពី​លេខ​១​ដល់​លេខ​៦ ក៏​អាចមាន​សិទ្ធិ​ចូលរួម​លេង​វគ្គ​ចែក​ពូ​ល ឬ​វគ្គ Playoff ផងដែរ ក្នុងករណី​ក្រុម​ជើងឯក​លី​គ​កំពូល និង​ពានរង្វាន់​សម្តេច ហ៊ុន សែន ពុំមាន​លក្ខណៈ​គ្រប់គ្រាន់​តាម​លក្ខខណ្ឌ​តម្រូវ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី ជាពិសេស AFC Club Licensing៕     
 
 

Tag:
 ​បាល់ទាត់​
  Cambodian League 2020
  Hun Sen Cup 2020
© រក្សាសិទ្ធិដោយ thmeythmey.com