អន្តរជាតិ
អាមេរិក បញ្ជាឲ្យចិនបិទកុងស៊ុលនៅ Houston
× ក្រសួងការបរទេសចិន បានប្រកាសនៅថ្ងៃទី២២ ខែកក្កដា ថា អាមេរិកបានប្រាប់ឲ្យខ្លួនបិទកុងស៊ុលប្រចាំទីក្រុង Houston ក្នុងរយៈពេល៧២ម៉ោង។ ចិនចាត់ទុកទង្វើនេះជាការបំពានច្បាប់អន្តរជាតិ ហើយគំរាមសងសឹកវិញ បើអាមេរិកមិនដកការសម្រេចចិត្តនេះទេ។ ប៉ុន្តែក្រសួងការបរទេសអាមេរិកបញ្ជាក់ថា អាមេរិកកំពុងការពារការណ៍សម្ងាត់របស់ប្រជាជនខ្លួន។
នាសន្និសីទសារព័ត៌មានថ្ងៃទី២២ ខែកក្កដា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន និយាយថា ចិនទទូចដោយដាច់អហង្ការឲ្យអាមេរិកដកការសម្រេចចិត្តខុសឆ្ពងវិញ បើមិនចង់ឲ្យចិនចាត់វិធានការតបវិញទេនោះ។ បើតាមលោក Wang អាមេរិកបានជូនដំណឹងពីការបញ្ជាឲ្យបិទស្ថានកុលស៊ុលប្រចាំ Houston នៅថ្ងៃទី២១ ខែកក្កដា។
បើតាមទីភ្នាក់ងារព័ត៌មាន AFP មន្ត្រីចិនដដែលបន្តថា៖ «នេះជាការបង្កហេតុផ្នែកនយោបាយធ្វើឡើងដោយអាមេរិក ដែលបំពានធ្ងន់ធ្ងរច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីស្ដីពីកុងស៊ុលរវាងចិន និងអាមេរិក។
ស្ថានកុងស៊ុលនៅ Houston ជាកុងស៊ុលមួយក្នុងចំណោមការិយាល័យកុងស៊ុលទាំង៥របស់ចិននៅអាមេរិក បន្ថែមពីលើស្ថានទូតនៅវ៉ាស៊ីនតោនឌីស៊ី។
ក្រោយមានសេចក្ដីរាយការណ៍ពីការបញ្ជាឲ្យបិទស្ថានកុងស៊ុលនេះ គេក៏ឃើញមានផ្សែងហ៊ុយចេញពីបរិវេណអាគារកុងស៊ុល។ ប៉ូលិសទីក្រុង Houston ប្រាប់ទូរទស្សន៍ Fox26 ថា បុគ្គលិកកុងស៊ុលដុតឯកសារ ព្រោះត្រូវចាកចេញនៅថ្ងៃទី២៤ ខែកក្កដាខាងមុខ។ ប៉ូលិសមិនអាចចូលបរិវេណកុងស៊ុលដែលជាអធិបតេយ្យរបស់ចិនបានឡើយ។
ទាក់ទងរឿងនេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក Morgan Ortagus អះអាងថា ការបិទកុងស៊ុល មានគោលដៅការពារកម្មសិទ្ធិបញ្ញារបស់អាមេរិក និងព័ត៌មានឯកជនរបស់ប្រជាជន។ អ្នកស្រីមិនបានបញ្ជាក់ច្បាស់ពីមូលហេតុឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com