COVID-19
អន្តរជាតិ
កំណត់ត្រា​! ត្រឹម​២៤​ម៉ោង លោក Jeff Bezos ថៅកែ Amazon មាន​ចំណូល​១៣​ពាន់​លាន​ដុល្លារ​
23, Jul 2020 , 8:29 am        
រូបភាព
លោក Jeff Bezos នាអំឡុងពេលធ្វើដំណើរទៅដល់​ក្រុងញូវដេលី ប្រទេសឥណ្ឌា កន្លងមក។ រូបថត រ៉យទ័រ
លោក Jeff Bezos នាអំឡុងពេលធ្វើដំណើរទៅដល់​ក្រុងញូវដេលី ប្រទេសឥណ្ឌា កន្លងមក។ រូបថត រ៉យទ័រ
ដោយ: ធីតា
​អំឡុង​នៃ​វិបត្តិ​កូ​វីដ​-១៩ ការបញ្ជាទិញ​តាម​អន​ឡាញ​តាមរយៈ​ក្រុមហ៊ុន Amazon បាន​កើនឡើង​យ៉ាងគំហុក​។ ម្ចាស់​ក្រុមហ៊ុន លោក Jeff Bezos ក៏មាន​ទ្រព្យសម្បត្តិ​កាន់តែ​លើស​មុន​ផងដែរ បន្ទាប់ពី​រក​ចំណូល​រហូតដល់​ទៅ​១៣​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​រយៈពេល​ត្រឹមតែ​២៤​ម៉ោង​ប៉ុណ្ណោះ កាលពី​ថ្ងៃទី​២០ ខែកក្កដា​។ តាម​ការផ្សាយ​របស់ Capital ចំណូល​ទាំងនេះ គឺជា​កំណត់ត្រា​ដំបូង​បំផុត បើ​គិត​ចាប់តាំងពី​ការបង្កើត​ស​ទស្សន៍ Bloomberg Billionaires នៅ​ឆ្នាំ​២០១២​មក​។​

 
​ភាគហ៊ុន​ក្រុមហ៊ុន Amazon របស់លោក Jeff Bezos បាន​កើន​ឡើងជា​លំដាប់ ដោយ​ឡើងដល់​៧.៩​ភាគរយ ដែលជា​កម្រិត​ខ្ពស់បំផុត​ចាប់ពី​ខែធ្នូ ឆ្នាំ​២០១៨​។ ការបិទ​ភោជនីយដ្ឋាន ហាង​ទំនិញ និង​ទីផ្សារ​ទំនើប​ផ្សេងៗ បាន​នាំ​ឲ្យ​មាន​ការបញ្ជាទិញ​ទំនិញ​អន​ឡាញ​ដ៏​ច្រើនសន្ធឹក​សន្ធាប់ ខណៈ​មនុស្ស​ជាច្រើន​ត្រូវ​រស់នៅ​ក្រោម​វិធាន​ច​ត្តា​ឡី​ស័ក​ក្នុងផ្ទះ​ដោយ​ខ្លួនឯង​។​
 
​ចន្លោះ​ពី​ខែមីនា ដល់​ខែឧសភា ទ្រព្យសម្បត្តិ​របស់​មហា​សេដ្ឋី​អាមេរិក  ឡើង​ជាង​៣០​ភាគរយ ហើយ​ភាគហ៊ុន​គាត់​នៅ Amazon ឡើង​៤៥​ភាគរយ​។ នេះ​បើតាម​របាយការណ៍​រប​ស់ Americans for Tax Fairness និង​វិទ្យាស្ថាន Institute for Policy Studies Program for Inequality របស់​សហរដ្ឋអាមេរិក​។​
 
​ឈានដល់​វ័យ​៥៦​ឆ្នាំ លោក Bezos ជា​មនុស្ស​ដែលមាន​ជាងគេ​លើ​ពិភពលោក​ជាមួយ​ទ្រព្យសម្បត្តិ ១៨៩.៣​ពាន់​លាន​ដុល្លារ​អាមេរិក ដោយ​នាំមុខ​លោក Bill Gates នៃ​ក្រុមហ៊ុន Microsoft (១១៨​ពាន់​លាន​ដុល្លារ​) និង​លោក Bernard Arnault នៃ​ក្រុមហ៊ុន LVMH (៩៤.៧​ពាន់​លាន​ដុល្លារ​)​។​
 
​ជាមួយគ្នានេះ​ផងដែរ លោកស្រី MacKenzie Bezos ដែលជា​អតីត​ភរិយា​របស់លោក ក៏​ទទួលបាន​ភាគលាភ​ពី​ចំណូល​ដ៏​មហាសាល​ផងដែរ​។ យោងតាម Capital ជាមួយ​ភាគហ៊ុន​៤​ភាគរយ​នៅ Amazon អ្នកស្រី MacKenzie បាន​ចំណូល​បន្ថែម​៤.៦​ពាន់​លាន​ដុល្លារ ហើយ​បច្ចុប្បន្ន​ជា​ស្ត្រី​ទី​២​ដែលមាន​ជាងគេ​លើ​លោក (៦២​ពាន់​លាន​ដុល្លារ​) បន្ទាប់​ម្ចាស់​ក្រុមហ៊ុន L’Oreal គឺ​លោកស្រី Francois Bettencourt Meyers (៦៦.៧​ពាន់​លាន​ដុល្លារ​)៕
 

Tag:
 មហាសេដ្ឋី​
  Jeff Bezos
© រក្សាសិទ្ធិដោយ thmeythmey.com