COVID-19
ជាតិ
COVID-19៖ កម្ពុជា​រកឃើញ​១​ករណី​ទៀត លើ​បុរស​ខ្មែរ​ដែល​មកពី​​រុស្សុី
23, Jul 2020 , 9:30 am        
រូបភាព
ដោយ: ថ្មីៗ
ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រសួងសុខាភិបាល​ប្រកាស​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ (COVID-19) ១​ករណី​ទៀត លើ​បុរស​ខ្មែរ​វ័យ​២៨ឆ្នាំ ដែល​បាន​ត្រឡប់​ពី​ប្រទេស​រុស្សុី កាលពី​ថ្ងៃទី​១៩​កក្កដា ឆ្នាំ​២០២០​។ លទ្ធផល​​វិជ្ជមាន​COVID-19 លើ​បុរស​ខ្មែរ​នេះ បានរ​កឃើញ​នៅ​ថ្ងៃទី​២២ ខែ​កក្កដា បន្ទាប់ពី​ក្រសួង បាន​យក​សំណាក​ធ្វើតេស្ត​ជា​លើក​ទី​ពីរ​។   ករណី​ថ្មី​១​ទៀត​នេះ បានធ្វើឱ្យ​កម្ពុ​ជាមាន​ជំងឺ​កូ​វីដ​-១៩ សរុប ១៩៨​នាក់​។​



ក្រៅពី​រកឃើញ​១​ករណី​ថ្មី​នៃ​ជំងឺ​កូ​វីដ​-១៩​ខាងលើ ក្រសួងសុខាភិបាល​ក៏បាន​ប្រកាស​ព្យាបាល​លើ​បុរស​ខ្មែរ​២​នាក់ ដែលមាន​ស្រុកកំណើត​ខេ​ត្ត​ព្រះសីហនុ ជាសះស្បើយ​ពី​ជំងឺ​នេះ ផងដែរ​។​
 
​គិត​ត្រឹម​ថ្ងៃទី​២៣​កក្កដា កម្ពុជា​បាន​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ជាសះស្បើយ​ចំនួន​១៤២​នាក់​។ រីឯ អ្នកជំងឺ​៥៤​នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​នៅតាម​មន្ទីរពេទ្យ​រដ្ឋ និង​មាន​អ្នកជំងឺ​២​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​បន្ទប់​ដោយឡែក​ក្នុង​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​។ 
 
​ជាមួយនឹង​គ្នា​នេះ ក្រសួងសុខាភិបាល​ក៏បាន​កែតម្រូវ​ចំពោះ​ការប្រកាស​រកឃើញ​ជំងឺ​កូ​វីដ​-១៩ លើ​បុរស​ខ្មែរ​ម្នាក់​ដែល​បានមកពី​ប្រទេស​កូរ៉េខាងត្បូង កាលពី​ថ្ងៃទី​២០​កក្កដា ផងដែរ ដោយ​បញ្ជាក់ថា បុរស​ខ្មែរ​ម្នាក់​ដែលមាន​ជំងឺ​កូ​វីដ​-១៩​នោះ  គឺជា​អ្នកធ្វើដំណើរ​មកពី​ប្រទេស​បារាំង ដោយ​ឆ្លងកាត់​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា នា​ថ្ងៃទី​១៩​កក្កដា ឆ្នាំ​២០២០៕​

© រក្សាសិទ្ធិដោយ thmeythmey.com