កីឡាអន្តរជាតិ
អន្តរជាតិ
Liverpool អបអរ​ពាន EPL ដំបូង ក្រោយ​ឈ្នះ Chelsea ដែល​ត្រូវ​ប្រជែង Top 4
23, Jul 2020 , 12:09 pm        
រូបភាព
Liverpool បាន​លើក​ពានរង្វាន់ Premier League ជា​លើកដំបូង​ក្នុង​រយៈពេល ៣០ ឆ្នាំ​នៅលើ​ទឹកដី Anfield បន្ទាប់ពី​ពួកគេ​យកឈ្នះ Chelsea ក្នុង​លទ្ធផល ៥-៣​។ Chelsea ដែល​បរាជ័យ​ក្នុងជំនួប​សប្តាហ៍​ទី​៣៧​នេះ បាន​ធ្លាក់​ទៅ​លេខ​៤​វិញ ខណៈ Manchester United ឡើងទៅ​ឈរ​លេខ​៣​ជំនួស​កន្លែង​ខ្លួន ឯ Leicester City ខ្ទាត​ចេញពី​តំបន់ Top 4​។​

​ហង្ស​ក្រហម​បាន​សម្រេចយក​ជំនួប​ទល់នឹង​តោ​ខៀវ​នៅ​យប់​ថ្ងៃទី​២២ ខែកក្កដា​នេះ ដើម្បី​លើក​ពាន​លី​គ​កំពូល​អង់គ្លេស​រដូវ​កាល ២០១៩-២០ របស់ខ្លួន​តែម្តង បើ​ទោះ​ពួកគេ​ចាញ់ ឬ​ឈ្នះ​ក៏ដោយ​។ Liverpool បានដឹង​លទ្ធផល​ពី​ការ​ឈ្នះ​ជើងឯក Premier League នេះ​តាំងពី​ការប្រកួត​សប្តាហ៍​ទី​៣១​ម្លេះ ដ្បិត​ពួកគេ​មាន​ពិន្ទុ​នាំ​មុខដាច់​គូប្រជែង Manchester City​។​
  
​បើ​ទោះ​ក្រុម​លោក Jurgen Klopp មិន​ត្រូវការ​ពិន្ទុ​បន្ថែម ប៉ុន្តែ​កូនក្រុម​លោក​នៅតែ​អាច​រក​ជ័យជម្នះ​បាន និង​ជាការ​រក្សា​កំណត់ត្រា​មិន​ចាញ់​សោះ​ក្នុង​ដី​ខ្លួន​រយៈពេល​៣​រដូវ​កាល តាមរយៈ​ការយក​ឈ្នះ Chelsea ដែល​ត្រូវការ​ពិន្ទុ​ជា​ចាំបាច់​ក្នុង​លទ្ធផល ៥-៣​។ ៥​គ្រាប់​របស់ Liverpool សម្រេចបាន​ដោយ Naby Keita, Trent Alexander-Arnold, Georginio Wijnaldum, Roberto Firmino និង Alex Oxlade-Chamberlain ឯ​៣​គ្រាប់​របស់​ក្រុម​លោក Frank Lampard ធ្វើបាន​ដោយ Olivier Giroud, Tammy Abraham និង Christian Pulisic​។​
​ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​អាល្លឺម៉ង់ ក្រុម Liverpool អាច​ឈ្នះ​ពាន​ក្របខណ្ឌ​កំពូល​អង់គ្លេស​នេះ​ជា​លើក​ទី​១៩ ក្រោយ​អាក់ខាន​រយៈពេល​៣០​ឆ្នាំ ពោលគឺ​តាំងពី​រដូវ​កាល ១៩៨៩-៩០ និង​ជាការ​ឈ្នះ​ពាន​ដែល​ប្តូរ​ឈ្មោះ​ទៅជា Premier League ជា​លើកដំបូង​ផងដែរ​។​
 
​ជា​ថ្ងៃ​ដ៏​វិសេស​សម្រាប់ Liverpool ប៉ុន្តែ​ជា​បរាជ័យ​ដែល​ធ្វើ​ឲ្យ Chelsea ត្រូវ​បន្ថែម​ការងារ​ធ្ងន់ធ្ងរ​នៅ​ជំនួប​បិទ​រដូវ​កាល ដែលជា​ការប្រកួត​កាត់សេចក្តី​ដើម្បី​ដណ្តើម​កៅអី​នៅ Champions League រដូវ​កាល​ក្រោយ​។ Chelsea រួមទាំង Leicester City និង Man Utd ត្រូវ​ប្រជែង​គ្នា​ដណ្តើមយក​ចំណាត់ថ្នាក់​ទី​៣ និង​ទី​៤​ក្នុង​តារាង​លី​គ​កំពូល​អង់គ្លេស​រដូវ​កាល​នេះ ដើម្បី​បានបង្ហាញ​ខ្លួន​ក្នុង​ក្រប ខណ្ឌ​កំពូល​អឺរ៉ុប​។​
  
​ក្រុម​បិសាច​ក្រហម តាមរយៈ​លទ្ធផល​ស្មើគ្នា ១-១ ជាមួយ West Ham United ក្នុងការ​ប្រកួត​សប្តាហ៍​ទី​៣៧ បាន​រំកិល​ខ្លួន​ពី​លេខ​៥ ទៅ​លេខ​៣​វិញ​ដោយមាន​៦៣​ពិន្ទុ​ស្មើ Chelsea ដែល​ធ្លាក់​ទៅ​លេខ​៤ ដ្បិត​មាន​សំណល់​គ្រាប់​បាល់​ល្អ​ជាង​។ ដោយឡែក​ក្រុម​រហស្សនាម​កញ្ជ្រោង បាន​ធ្លាក់​ទៅ​លេខ​៥ មាន​៦២​ពិន្ទុ ដែលជា​ចំណាត់ថ្នាក់​ទទួលបាន​ត្រឹម​កៅអី Europa League រដូវ​កាល​ក្រោយ​។​
 
​យ៉ាងណា ក្រុម​ទាំងបី​នឹងត្រូវ​កាត់សេចក្តី​ក្នុងជំនួប​បិទ​រដូវ​កាល ថា​ពីរ​ក្រុម​ណា​ដែល​ត្រូវ​ស្ថិតក្នុង​តំបន់ Top 4​។ ការប្រកួត​ចុងក្រោយ Chelsea ប៉ះ Wolves ខណៈ Man Utd ត្រូវ​តតាំង​ជាមួយ Leicester ផ្ទាល់​តែម្តង​។ Wolves ក៏ត្រូវ​ការ​ឈ្នះ​ជា​ចាំបាច់​ដូចគ្នា ដ្បិត​ត្រូវ​ដណ្តើម​ចំណាត់​ទី​៦ ជាមួយ Spurs ដើម្បី​បាន​កៅអី Europa League រដូវ​កាល​ក្រោយ​។​
 
​ចំណែក ក្រុម​ដែល​ត្រូវ​ប្រជែង​គ្នា​លេង​នៅ​ក្របខណ្ឌ​កំពូល​រដូវ​ក្រោយ រួមមាន Aston Villa, Watford និង AFC Bournemouth​។ ចំណោម​៣​ក្រុម​នេះ មាន​២​ក្រុម​ត្រូវ​ធ្លាក់​ទៅ Champinship ជាមួយ Norwich City​។  Aston Villa ស្ថិតនៅ​តំបន់​សុវត្ថិភាព​មាន​៣៤​ពិន្ទុ ស្មើ Watford ដែល​ស្ថិតនៅ​តំបន់​ត្រូវ​កាត់ចោល​តែមាន​សំណល់​គ្រាប់​បាល់​ច្រើនជាង ហើយ Bournemouth ដែលមាន​ឱកាស​តិច​បំផុត​មាន​៣១​ពិន្ទុ​។​
 
Aston Villa ប៉ះ West Ham ឯ Watford ជួប Arsenal ខណៈ Bournemouth ត្រូវ​តតាំង​ជាមួយ Everton សម្រាប់​ជំនួប​បិទ​រដូវ​កាល ២០១៩-២០៕

 

 

Tag:
 Premier League
  Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com