ជាតិ
សេដ្ឋកិច្ច
កម្ពុជាមានមាស៣៦.៥តោនដែលរក្សាទុកនៅស្វីស អង់គ្លេស និងកម្ពុជា បើតាមសម្តេច ហ៊ុន សែន កំណើនទុនបម្រុងអន្តរជាតិនេះ បង្ហាញថា កម្ពុជាមិនមានជាមាយាទស្រីកញ្ជើរធ្លុះក្នុងការគ្រប់គ្រងសេដ្ឋកិច្ចជាតិនោះទេ។ រូបថត SPM
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាថ្ងៃទី២៣ ខែកក្កដា នេះ បានបង្ហោះឯកសាររបស់ធនាគារជាតិនៃកម្ពុជា ដែលបញ្ជាក់ពីទុនបម្រុងអន្តរជាតិរួមមានរូបិយបណ្ណបរទេស និងមាស ដែលត្រូវបានរក្សាទុកដោយសុវត្ថិភាព។
សេចក្តីបញ្ជាក់របស់ធនាគារជាតិ បានបង្ហាញថា គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២០ កម្ពុជាមានទុនបម្រុងអន្តរជាតិគិតជាដុល្លារអាមេរិកមានចំនួន១៩.៥ប៊ីលាន និងមាសចំនួន៣៦.៥តោន ដោយក្នុងនោះ ១២.៤តោនជាមាសកេរ្តិ៍មរតកពីមុនសម័យសង្គ្រាមដែលរក្សាទុកនៅប្រទេសស្វីស ១៤.១តោន កំពុងវិនិយោគនៅធនាគារកណ្តាលអង់គ្លេស និង១០តោន ត្រូវបានរក្សាទុកនៅកម្ពុជា។
តាមរយៈហ្វេសប៊ុករបស់ខ្លួន សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ពីការបង្ហោះឯកសារនេះថា ជាការឆ្លើយតបនឹងការចង់ដឹងពីមាសដែលជាទុនបម្រុងរបស់ជាតិ។ សម្តេចបានគូសបញ្ជាក់ថា៖ «ការចង់ដឹងរបស់បងប្អូនមួយចំនួនធំ មានភាពសុចរិតពីព្រោះវាជារបស់ជាតិ តែនៅមានជនអាក្រក់មួយចំនួនតូចបាន និងកំពុងប្រើប្រាស់ការបាត់បង់ដំណឹងអំពីមាសដើម្បីវាយប្រហាររាជរដ្ឋាភិបាល ថាចង់បន្លំយកមាសក្នុងពេលមានជំងឺឆ្លងកូវីដ-១៩ ព្រោះមិនដែលឮលោកហ៊ុន សែន និយាយពីមាសនេះទៀតទេ»។
នាពិធីចែកសញ្ញាបត្រមួយកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ សម្តេច ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរ កម្ពុជា មានមាស៣០តោន ដែលតម្កល់ទុកនៅធនាគារប្រទេសស្វីស និងអង់គ្លេស ដើម្បីបម្រុងទុកដោះស្រាយបញ្ហា នៅពេលដែលកម្ពុជា ជួបបញ្ហាសេដ្ឋកិច្ចកើតឡើងជាយថាហេតុ។
ពេលនោះ សម្ដេចនិយាយលម្អិតថា មាសទាំង៣០តោននេះ គឺមាន១២តោនទុកនៅស្វីស មាស១៥តោនទុកនៅអង់គ្លេស និងមាស៣តោន តម្កល់នៅធនាគារជាតិកម្ពុជា។ តែកម្ពុជាអាចមានលទ្ធផលដោះស្រាយបញ្ហាប្រាក់ខែជូនមន្ត្រីរាជការ និងកងកម្លាំងគ្រប់ប្រភេទបាន បើសិនជាមានករណីបញ្ហាសេដ្ឋកិច្ចកើតឡើង ដោយសារសំអាងទៅលើការប្រមូលពន្ធគយ និងសារពើពន្ធផ្សេងៗ ។
សេចក្តីបញ្ជាក់របស់ធនាគារជាតិ បង្ហាញថាទុនបម្រុងជាតិមានការកើនឡើងជាលំដាប់ ពោលគឺមាសដែលរក្សាទុកនៅកម្ពុជាកើនពី៣តោនឡើងដល់១០តោន។ សម្តេច ហ៊ុន សែន បានរំលឹកនៅលើសំណេររបស់ខ្លួនថា៖ «ប្រហែល មួយឆ្នាំមុនខ្ញុំធ្លាប់ប្រកាសថាមាសរបស់យើងមាន៣០តោនតែតាមតួលេខថ្មីនេះមាសរបស់យើងមានដល់៣៦,៥តោន។ នេះមិនមែនជាមាយាទស្រីកញ្ជើរធ្លុះក្នុងការគ្រប់គ្រងសេដ្ឋកិច្ចជាតិនោះទេ»៕
© រក្សាសិទ្ធិដោយ thmeythmey.com