ជាធម្មតាស្នាមសង្វារច្រើនជាប់ទាក់ទងជាមួយនឹងការមានផ្ទៃពោះ ប៉ុន្តែវាក៏អាចកើតឡើងដោយសារស្ថានភាពផ្សេងទៀតដូចជាការកើន ឬស្រកទម្ងន់ខ្លាំងភ្លាមៗ បញ្ហាអតុល្យភាពនៃអ័រម៉ូន និងជំងឺមួយចំនួនផងដែរ។ ប៉ុន្តែកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីគន្លឹះងាយៗកាត់បន្ថយហានិភ័យនៃបញ្ហាឡើងស្នាមសង្វារដោយសារមានផ្ទៃពោះ ៖
១. ទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់
ចូរព្យាយាមទទួលទានទឹកឱ្យបានប្រមាណ ២ លីត្រក្នុងមួយថ្ងៃជាប្រចាំដើម្បីរក្សាជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយ ព្រមទាំងសំណើមនៃស្បែក។ ក្រៅពីកាត់បន្ថយហានិភ័យនៃបញ្ហាឡើងស្នាមសង្វារហើយនោះ ការរក្សាជាតិសំណើមបានត្រឹមត្រូវក៏ចាំបាច់សម្រាប់ស្បែកដែលភ្លឹរលោងក្មេងជាងវ័យផងដែរ។ ស្បែកមានសំណើមមិនងាយនឹងឡើងស្នាមសង្វារឡើយ។
២. ទទួលទានរបបអាហារសុខភាពល្អ
អាហារដែលមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម គឺចាំបាច់ណាស់សម្រាប់រក្សាភាពយឺតនៃស្បែក។ អាហារមានផ្ទុកសម្បូរទៅដោយវីតាមីន A និងវីតាមីន E ក៏ជួយរក្សាស្បែកសុខភាពល្អផងដែរ។ រីឯអាហារមានផ្ទុកអាស៊ីតខ្លាញ់អូមេហ្កា ៣ វិញអាចជួយរក្សាសំណើមស្បែកពីខាងក្នុងមកក្រៅកាត់បន្ថយការលេចឡើងនូវស្នាមសង្វារគួរឱ្យកត់សម្គាល់។
៣. រក្សាទម្ងន់ត្រឹមត្រូវមួយ
ការមានផ្ទៃពោះជាមូលហេតុទូទៅបំផុតមួយដែរនៃបញ្ហាឡើងស្នាមសង្វារ។ ទោះជាយ៉ាងណាអ្នកអាចចៀសផុតពីបញ្ហានៃការឡើងស្នាមសង្វារច្រើនបានយ៉ាងងាយដោយគ្រាន់តែទប់ស្កាត់ការកើនទម្ងន់ខ្លាំងពេក។ ចូរពិគ្រោះជាមួយគ្រូពេទ្យឯកទេសខាងសម្ភពដើម្បីកំណត់បរិមាណទម្ងន់ត្រឹមត្រូវដែលអ្នកគួរកើន។
៤. ធ្វើលំហាត់ប្រាណកម្រិតស្រាលជាប្រចាំ
សកម្មភាពនេះនឹងជួយរក្សាភាពយឺតនៃស្បែក។ វាក៏សម្រួលចរន្តឈាមរត់និងទប់ស្កាត់ការកើនទម្ងន់ជ្រុលកំឡុងពេលមានផ្ទៃពោះផងដែរ។
៥. រក្សាសំណើមដល់ស្បែកជាប្រចាំ
ការលាបផលិតផលផ្ដល់សំណើមដល់ស្បែកក៏អាចជួយកាត់បន្ថយនិងទប់ស្កាត់ស្នាមសង្វារគួរឱ្យកត់សម្គាល់ផងដែរ។ ទោះជាយ៉ាងណាត្រូវជ្រើសរើសប្រើប្រាស់ផលិតផលណាដែលសាកសមសម្រាប់ស្ត្រីមានផ្ទៃពោះ។
៦. ចៀសវាងការជក់បារី
មិនត្រឹមតែបង្កគ្រោះថ្នាក់ដល់សុខភាពម្ដាយនិងទារកក្នុងផ្ទៃប៉ុណ្ណោះទេ ប៉ុន្តែការជក់បារីពន្លឿនដំណើរការនៃភាពចាស់តាមវ័យរបស់ស្បែកនិងបង្កើនឱកាសនៃការលេចឡើងនៃស្នាមសង្វារផងដែរ។ នេះក៏ព្រោះតែការជក់បារីអាចបំផ្លាញកោសិកាស្បែកសុខភាពល្អនិងបំបែកកូឡាជែន៕
ត្រួតពិនិត្យដោយ www.health.com.kh