ពីនេះ ពីនោះ
សុខភាព
សម្រួល​ការរំលាយ​អាហារ កម្ចាត់​ជាតិពុល​ក្នុង​រាងកាយ កុំ​ភ្លេច​បន្ថែម​គ្រឿងផ្សំ​ទាំងនេះ​ក្នុង​ទឹក​
24, Jul 2020 , 6:59 am        
រូបភាព
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ដឹង​ហើយ​ថា​ទឹកជា​ភេសជ្ជៈ​ដ៏​ប្រសើរ​បំផុត​មួយ​ដែល​អ្នក​អាច​ទទួលទាន​ដើម្បី​សម្រួល​ដល់​ការរំលាយ​អាហារ ជម្រុញ​ការដុត​រំលាយ​អាហារ​ក្នុង​រាងកាយ កម្ចាត់​ជាតិពុល​ផ្សេងៗ រក្សា​ជាតិ​ទឹក និង​គ្មាន​ផ្ទុក​កាឡូរី​ឡើយ​។ ប៉ុន្តែ​ថា​តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​ប្រសិនបើ​បន្ថែម​គ្រឿងផ្សំ​មួយចំនួន​ក្នុង​ទឹក​នោះ​វា​នឹង​បង្កើន​អត្ថប្រយោជន៍​សុខភាព​ទ្វេដង​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​គ្រឿងផ្សំ​ដែល​អ្នក​គួរ​សាកល្បង​បន្ថែម​ក្នុង​ទឹក​ដើម្បី​សម្រួល​ការរំលាយ​អាហារ ព្រមទាំង​បន្សាប​ជាតិពុល ៖

 
១. ស្លឹក​ជី​អង្កាម​ស្រស់​
 
​ការបន្ថែម​ស្លឹក​ជី​អង្កាម​ក្នុង​ទឹក​មុននឹង​ទទួលទាន​អាចជួយ​ឱ្យ​លំហូរ​ទឹកប្រមាត់​មាន​លក្ខណៈ​កាន់តែ​ប្រសើរឡើង ព្រមទាំង​បង្កើន​មុខងារ​នៃ​ក្រពេញទឹកមាត់​ថែមទៀត​ផង​។ ស្លឹក​ជី​អង្កាម​ក៏មាន​ផ្ទុក​លក្ខណៈសម្បត្តិ​ផលិត​អង់ស៊ីម​រំលាយ​អាហារ​ផងដែរ​។ អង់ស៊ីម​នេះ​ជួយ​ស្រូបយក​វីតាមីន​និង​សារធាតុចិញ្ចឹម​ក្នុង​អាហារ​។​
 
២. ក្រូចឆ្មារ​
 
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C ខ្ពស់​ដែល​មិន​ត្រឹមតែ​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ល្អ​ក្នុង​ការសម្រួល​ប្រព័ន្ធ​រំលាយ​អាហារ​និង​បង្កើត​អង់ស៊ីម​រំលាយ​អាហារ​ផងដែរ​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹក​ក្រូចឆ្មារ​ស្រស់ ឬ​បន្ថែម​ក្រូចឆ្មារ​ប៉ុន្មាន​ចំណិត​ក្នុង​ទឹក​មុន​ទទួលទាន​។​
 
៣. ទឹកខ្មេះ​ផ្លែ​ប៉ោម​
 
​ការបន្ថែម​ទឹកខ្មេះ​ផ្លែ​ប៉ោម ២ ស្លាបព្រា​បាយ​ក្នុង​ទឹក​មួយ​ដប​មុននឹង​ទទួលទាន​អាចជួយ​កម្ចាត់​ជាតិពុល​ពី​ក្នុង​រាងកាយ​បាន​។ ភេសជ្ជៈ​នេះ​ក៏​សម្រួល​ដល់​ការរំលាយ​អាហារ និង​ជម្រុញ​ការដុត​រំលាយ​អាហារ​ក្នុង​រាងកាយ​ផងដែរ​។ ទឹកខ្មេះ​ផ្លែ​ប៉ោម​លាយ​ទឹក​ក៏​ជួយ​រក្សា​តុល្យភាព pH នៃ​រាងកាយ​គួរឱ្យកត់សម្គាល់​។​
 
៤. ម្សៅ​ឈើអែម​
 
​ការបន្ថែម​ម្សៅ​ឈើអែម​បន្តិច​ក្នុង​ទឹក​មុននឹង​ទទួលទាន​ពិតជា​អាចជួយ​សម្រួល​ចរន្តឈាម​រត់ ធ្វើឱ្យ​ការរំលាយ​អាហារ​កាន់​តែមាន​លក្ខណៈ​ប្រសើរឡើង កាត់បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​ជម្រុញ​ការដុត​រំលាយ​អាហារ​ក្នុង​រាងកាយ​បាន​យ៉ាង​ប្រសើរ​។​
 
៥. មើម​ខ្ញី​
 
​ខ្ញី​មាន​ផ្ទុក​លក្ខណៈសម្បត្តិ​ប្រឆាំង​មេរោគ​បាក់តេរី ព្រមទាំង​ការ​រលាក​ក្នុង​រាងកាយ​ដែល​ជួយ​សម្រួល​ចរន្តឈាម​រត់​និង​ទប់ស្កាត់​ជំងឺមហារីក​។ បន្ថែម​ខ្ញី​ស្រស់ៗ​ប៉ុន្មាន​ចំណិត​ក្នុង​ទឹក​។ រួច​ទុកចោល​សម្រាប់​រយៈពេល ១ យប់​សិន​សឹម​ទទួលទាន​ដើម្បីឱ្យ​ទឹក​អាច​ស្រូបយក​សារធាតុចិញ្ចឹម​ពី​ខ្ញី​បាន​កាន់តែច្រើន​។​
 
៥. ត្រសក់​
 
​មិន​ត្រឹមតែ​ផ្ដល់​រសជាតិ​ត្រជាក់​និង​ស្រស់ស្រាយ​បន្ថែម​ក្នុង​ទឹក​ដែល​អ្នក​ទទួលទាន​ឡើយ ត្រសក់​ក៏​ជួយ​កម្ចាត់​ជាតិពុល​និង​សម្រួល​ដល់​ការរំលាយ​អាហារ​បាន​ផងដែរ​។ ត្រសក់​ថែមទាំង​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស​សៃ​និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ទៀតផង​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​បន្ថែម​ចំណិត​ត្រសក់​ក្នុង​ទឹក​ជាការ​ស្រេច​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com