COVID-19
សង្គមអន្តរជាតិ​
សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អាមេរិក និង​ចិន​កំពុង​ឈ្លោះ​គ្នា​លើ​បញ្ហា​អ្វីខ្លះ​?
23, Jul 2020 , 8:29 pm        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចាប់ដៃប្រធានាធិបតីចិន ស៊ី ជិនភីង នាជំនួបនៅជប៉ុន។ រូបភាព AFP
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចាប់ដៃប្រធានាធិបតីចិន ស៊ី ជិនភីង នាជំនួបនៅជប៉ុន។ រូបភាព AFP
​ការបញ្ជា​ឲ្យ​បិទ​ស្ថាន​កុងស៊ុល​ចិន​នៅ​ទីក្រុង Houston ក្លាយជា​រឿង​ចុងក្រោយ​មួយ​ក្នុង​ទំនាក់ទំនង​អាមេរិក និង​ចិន​ដែលជា​មហាអំណាច​ទីមួយ និង​ទី​ពីរ​របស់​ពិភពលោក​។ សំណុំរឿង​ដែល​មហាអំណាច​ទាំងពីរ​ទាស់​គ្នា​គ្របដណ្ដប់​លើ​វិស័យ​ជាច្រើន​ទាំង​សេដ្ឋកិច្ច​មាន​ជម្លោះ​ពាណិជ្ជកម្ម ក្នុង​វិស័យ​សន្តិសុខ​ដូចជា​សមុទ្រ​ចិន​ខាងត្បូង និង​បញ្ហា​សិទ្ធិមនុស្ស​នៅ​ស៊ីន​ជាំ​ង ព្រមទាំង​បញ្ហា​ហុងកុង​ផង​។ សូម្បីតែ​វិបត្តិ​ជំងឺ​ផ្លូវដង្ហើម COVID-19 ក៏​អាមេរិក និង​ចិន​ទាស់​គ្នា​ដែរ​។​

 
​គេ​មើលឃើញថា អាមេរិក​នៅក្រោម​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ មាន​ជំហរ​តឹងតែង​ខ្លាំង​ក្នុង​ទំនាក់ទំនង​ជាមួយ​ចិន​។ បញ្ហា​ជាច្រើន​បាន​ផ្ទុះ​ឡើងជា​បន្តបន្ទាប់​ក្នុង​ទំនាក់ទំនង​មហាអំណាច​ទាំងពីរ ហើយ​រឹតតែ​តានតឹង​ខ្លាំង​ទៀត ខណៈ​ការបោះឆ្នោត​ប្រធានាធិបតី​ខិត​កាន់តែ​ជិត​។ 
 
​ជំងឺ COVID-19
​ជំងឺ COVID-19 ដែល​ផ្ទុះ​នៅ​ចិន​នៅ​ចុងឆ្នាំ​២០១៩ ជា​ប្រធានបទ​ក្ដៅ​ជាងគេ​ក្នុង​ទំនាក់ទំនង​ចិន និង​អាមេរិក​។ អាមេរិក​ចោទ​ចិន​ថា ទប់ស្កាត់​ការ​រាលដាល​មិនល្អ​នៅ​ដំណាក់កាល​ដំបូង ហើយ​ជា​ប្រភព​វីរុស​ទៅទៀត​។ មិន​ត្រឹមតែ​ខឹង​ចិន​ឡើយ អាមេរិក​ក៏​ពន្លះ​ទាំង​អង្គការ​សុខភាព​ពិភពលោក ដោយ​ចោទថា អង្គការ​នោះ​ចូល​ដៃ​ចូល​ជើង​ជាមួយ​ចិន​។ ចុងក្រោយ អាមេរិក​ក៏​ប្រកាស​ដើរចេញ​ពី​អង្គការ​នេះ​។ ចិន​តែង​ប្រកាសថា ខ្លួន​មាន​តម្លាភាព​ក្នុងការ​ដោះស្រាយ​បញ្ហា​សុខភាព​សាធារណៈ​មួយ​នេះ​។​
 
​សមុទ្រ​ចិន​ខាងត្បូង​
​បញ្ហា​នេះ ជា​រឿង​ចាស់​ក្នុង​ទំនាក់ទំនង​អាមេរិក និង​ចិន​។ ចិន​ទាមទារ​សឹង​៩០​ភាគរយ​នៃ​ដែនសមុទ្រ​ដ៏​មមាញឹក​មួយ​នេះ​។ អាមេរិក​ដែល​មិនមែនជា​ភាគី​ជម្លោះ ចាត់ទុក​ការទាមទារ​នេះ​ជា​រឿង​ខុសច្បាប់​។ ជារឿយៗ អាមេរិក​បញ្ជូន​នាវាចម្បាំង​ទៅកាន់​តំបន់​នេះ ហើយ​ប្រកាស​គាំទ្រ​ប្រទេស​តូចៗ​ដែល​ជាប់​ជម្លោះ​ជាមួយ​ចិន​ដូចជា​វៀតណាម និង​ហ្វីលីពីន​ជាដើម​ផង​។​
 
​ស៊ីន​ជាំ​ង​
​បញ្ហា​ជនភាគតិច​វី​ហ្គ័​រ​នៅ​ស៊ីន​ជាំ​ង ក៏​ជា​រឿងចម្រូងចម្រាស​ខ្លាំង​ដែរ​។ លេខា​បក្ស​កុម្មុយនីស្ត​ស៊ីន​ជាំ​ង Chen Quanguo ជា​មន្ត្រី​ចិន​ជាន់ខ្ពស់​បំផុត​ដែល​រង​ទណ្ឌកម្ម​ពី​អាមេរិក​ដោយសារ​រឿងនេះ​។ អាមេរិក​ចោទ​ចិន​ថា កេង​កម្លាំង​ពលកម្ម​ជនភាគតិច​វី​ហ្គ័​រ និង​ជនភាគតិច​ឯទៀត ឃុំខ្លួន​ពួកគេ​ជាង​មួយ​លាន​នាក់​ក្នុង​តាម​មន្ទីរឃុំឃាំង​ជាច្រើន​។ ចិន​ទាត់​ចោលការ​ចោទ​របស់​អាមេរិក និង​ចាត់ទុកជា​សកម្មភាព​អាមេរិក​ជាការ​លូកលាន់​ផ្ទៃក្នុង​។​
 
​ហុងកុង​
​ការដាក់​ច្បាប់​សន្តិសុខ​ជាតិ​នៅ​ហុងកុង បាន​ដុត​កម្ដៅ​ទំនាក់ទំនង​អាមេរិក និង​ចិន​ទ្វេដង​។ រឿងនេះ​នាំ​ឲ្យ​អាមេរិក​សម្រេច​ដក​ឋានៈ​ពិសេស​របស់​ហុងកុង និង​លែង​នាំចេញ​អាវុធ​ដែល​អាច​ធ្លាយ​ដល់​ចិន​។ មិន​ខុសពី​ស៊ីន​ជាំ​ង​ឡើយ ចិន​ចាត់ទុក​ហុងកុង​ជា​រឿង​ផ្ទៃក្នុង ហើយ​ទង្វើ​របស់​អាមេរិក​ជាការ​បំពាន​កិច្ចការ​ផ្ទៃក្នុង​ខ្លួន​ផង​។​
 
​ជម្លោះ​ពាណិជ្ជកម្ម​
​បញ្ហា​ពាណិជ្ជកម្ម ជា​រឿង​ទីមួយ​ដែល​លោក ត្រាំ ធ្វើ​ឲ្យ​រញ្ជួយ​ដល់​ទំនាក់ទំនង​ទ្វេភាគី​ចិន និង​អាមេរិក ដ្បិតថា លោក​មិន​អស់​ចិត្តនឹង​ជញ្ជីងពាណិជ្ជកម្ម​ដែល​ផ្អៀង​ទៅខាង​ចិន​ខ្លាំងពេក​។ ភាគី​ទាំងពីរ​បានសម្រេច​ដំឡើង​ពន្ធ​នាំចូល​លើ​ទំនិញ​ទៅវិញទៅមក​ក្នុងតម្លៃ​ពាន់​លាន​ដុល្លារ​។ នៅ​ដើមឆ្នាំ​២០២០ កិច្ចព្រមព្រៀង​ដោះស្រាយ​បញ្ហា​ដំណាក់កាល​ទីមួយ ត្រូវបាន​ចុះហត្ថលេខា សំដៅ​ដោះស្រាយ​បញ្ហា​ខ្លះ​។ ប៉ុន្តែ​រឿង​ពាណិជ្ជកម្ម​មិនទាន់​ចប់​ឡើយ ស្របពេល​លោក ត្រាំ ក៏​គ្មាន​បំណង​ជជែក​រឿង​នេះដែរ​៕
 
 
 

Tag:
 អាមេរិក​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com