COVID-19
ជាតិ
​ក្រសួងទេសចរណ៍​ជំរុញ​ឲ្យ​បន្ត​អនុវត្ត​វិធានការ​អនាម័យ​នា​អំឡុង​ថ្ងៃ​ឈប់សម្រាក​ជំនួស​ចូលឆ្នាំ​
23, Jul 2020 , 9:29 pm        
រូបភាព
លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍
លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍
ដោយ:
​ភ្នំពេញ​៖ ដើម្បី​កាត់បន្ថយ​ហានិភ័យ និង​ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ នា​អំឡុងពេល​ឈប់សម្រាក ជំនួស​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ នៅ​ខែសីហា​ខាងមុខ ក្រសួងទេសចរណ៍ នៅ​ថ្ងៃទី​២១ កក្កដា បានចេញ​សេចក្ដីណែនាំ ៥​ចំណុច ឱ្យ​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត​។


​តាមរយៈ​លិខិត​នេះ ក្រសួងទេសចរណ៍ បាន​ណែនាំ​មន្ទីរ​ទេសចរណ៍​ទាំងអស់ ឲ្យ​បន្ត​ជំរុញ​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍  ដែល​រួមមាន​វិធាន​សុវត្ថិភាព​ទេសចរណ៍​កន្លែង​ស្នាក់នៅ​, វិធាន​សុវត្ថិភាព​ទេសចរណ៍​សម្រាប់​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​, វិធាន​សុវត្ថិភាព​ទេសចរណ៍​សម្រាប់​សេវាកម្ម​ដឹកជញ្ជូន​ផ្លូវទឹក និង​ផ្លូវគោក​, វិធាន​សុវត្ថិភាព​ទេសចរណ៍​សម្រាប់​រមណី​យ​ដ្ឋា​ន និង​វិធាន​សុវត្ថិភាព​ទេសចរណ៍​សហគមន៍​ទេសចរណ៍​។ 
 
​ក្រៅពីនេះ មន្ទីរ​ទេសចរណ៍ ត្រូវ​ផ្សព្វផ្សាយ​វិធាន​សុវត្ថិភាព​ទេសចរណ៍ ទៅដល់​ប្រតិបត្តិ​ករ​ទេសចរណ៍ ម្ចាស់​មូលដ្ឋាន​អាជីវកម្ម និង​ទីតាំង​ទេសចរណ៍​ទូទាំងប្រទេស​។ នេះ​បើតាម​លិខិត​របស់​ក្រសួងទេសចរណ៍ ដែល​បាន​ណែនាំ​ទៅ​មន្ទីរ​ទេសចរណ៍​ទាំងអស់​ទៀតថា ឲ្យ​សហការ​ជាមួយ​ប្រតិបត្តិ​ករ​ទេសចរណ៍ ក្នុងការ​គ្រប់គ្រង​គោលដៅ​ទេសចរណ៍ ពង្រឹងគុណភាព​សេវាកម្ម និង​ផលិតផល​ទេសចរណ៍ ដោយ​អនុលោម​តាម​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។ អនាម័យ​ម្ហូបអាហារ បរិស្ថាន ពិសេស​រក្សា​តម្លៃ​ផលិតផល និង​សេវាកម្ម​ឲ្យ​នៅ​សមរម្យ ក៏ត្រូវ​មានការ​ធានា​ផងដែរ ពី​ប្រតិបត្តិ​ករ​ទេសចរណ៍​។​
 
​រដ្ឋាភិបាល បានកំណត់​យក​ថ្ងៃទី​១៧-២១ ខែសីហា ជា​ថ្ងៃ​ឈប់សម្រាក​ជំនួស​បុណ្យចូលឆ្នាំ ប្រពៃណីជាតិ ដែល​ត្រូវបាន​ផ្អាក​ដើម្បី​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​។​
 
​គិត​ត្រឹម​ថ្ងៃទី​២២ ខែកក្កដា កម្ពុជា​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ចំនួន​១៩៨​នាក់ ក្នុងនោះ​មាន​អ្នក​សះស្បើយ​ចំនួន​១៤២​នាក់ និង​៥៦​នាក់​កំពុង​សម្រាក​ព្យ​បាល​។ ដើម្បី​កាត់បន្ថយ​ការឆ្លង​រាលដាល​នៃ​ជំងឺ​នេះ ក្រសួងសុខាភិបាល​នៅតែ​ទទូច​ឲ្យ​ពលរដ្ឋ អនុវត្តន៍​ឲ្យ​ខ្ជាប់ខ្ជួន​នូវ​វិធាន​អនាម័យ និង​ការរស់នៅ​បែប​គន្លង​ថ្មី​៕
 

Tag:
 ចូលឆ្នាំ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com