សង្គមអន្តរជាតិ​
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រមុខ​ការទូត​អាមេរិក ជំរុញ​ឥណ្ឌា​ឲ្យ​កាត់បន្ថយ​ការពឹង​ផ្អែកលើ​ក្រុមហ៊ុន​ចិន​
23, Jul 2020 , 9:59 pm        
រូបភាព
ប្រមុខការទូតអាមេរិក លោក មៃ ប៉ុមប៉េអូ។ រូបភាព៖ Reuters
ប្រមុខការទូតអាមេរិក លោក មៃ ប៉ុមប៉េអូ។ រូបភាព៖ Reuters
​ឥណ្ឌា គួរតែ​ផ្តោតលើ​ចង្វាក់​ផលិតកម្ម​ក្នុងស្រុក និង​កាត់បន្ថយ​ការពឹង​ផ្អែកលើ​ប្រព័ន្ធ​ទូរគមនាគមន៍ និង​ការផ្គត់ផ្គង់​សម្ភារ​ពេទ្យ​របស់​ចិន​។ ប្រមុខ​ការទូត​អាមេរិក លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ បានលើកឡើង​បែបនេះ នៅ​ថ្ងៃទី​២២ ខែកក្កដា​។ ការបញ្ជាក់​របស់លោក​ប្រមុខ​ការទូត​អាមេរិក​រូបនេះ ធ្វើឡើង​ស្របពេល​ទំនាក់ទំនង​អាមេរិក​-​ចិន កំពុង​តែមាន​សភាព​អាប់អួរ​យ៉ាងខ្លាំង​។



​ថ្លែង​នៅក្នុង​វេទិកា​គំនិត​ឥណ្ឌា (India Ideas) របស់​ក្រុមប្រឹក្សា​ជំនួញ​ឥណ្ឌា​-​អាមេរិក​តាម​ប្រព័ន្ធ​អន​ឡាញ រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ បាន​អះអាងថា ឥណ្ឌា​មានឱកាស ក្នុង​ការប្តូរ​ចង្វាក់​ផលិតកម្ម​របស់ខ្លួន​ចេញពី​ចិន និង​កាត់បន្ថយ​ការពឹង​ផ្អែកលើ​ក្រុមហ៊ុន​ចិន​នៅក្នុង​វិស័យ​មួយចំនួន​ដូចជា ប្រព័ន្ធ​ទំនាក់ទំនង ការផ្គត់ផ្គង់​សម្ភារ​ពេទ្យ​របស់​ចិន និង​វិស័យ​ផ្សេងទៀត​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​ជាមួយគ្នានេះ លោក​ប៉ុ​ម​ប៉េ​អូ បាន​សរសើរ​ឥណ្ឌា​ថា អាច​រកបាន​ទំនុកចិត្ត​ពី​បណ្តា​ប្រទេស​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក ជាពិសេស​អាមេរិក​ទៀត​ផង​។ ក្នុងន័យនេះ លោក​ប្រមុខ​ការទូត​អាមេរិក​ទំនងជា​ចង់​ឌឺដង​ដាក់​ចិន ដែលមាន​ប្រទេស​មួយចំនួន​មិន​ទុកចិត្ត​សូម្បីតែ​អាមេរិក​។​
 
​ដ្បិត​ជា​មហាអំណាច​មួយ​ដែរ ឥណ្ឌា​ពឹង​លើ​ចិន​ច្រើន​វិស័យ​។ បន្ទាប់ពី​មានការ​ប៉ះទង្គិច​តាម​ព្រំដែន​រវាង​ឥណ្ឌា​-​ចិន ដែល​បង្ក​ឲ្យ​មាន​ទាហាន​ឥណ្ឌា​ស្លាប់​យ៉ាងហោចណាស់​២០​នាក់ ទីក្រុង​ញូវដែលី​បាន​ហាមឃាត់​កម្មវិធី​ទូរ​សព្ទ​ចិន​ជាច្រើន ក្នុងនោះ​រួមមាន​កម្មវិធី TikTok ផងដែរ​។ លើសពីនេះ ឥណ្ឌា ដែលជា​ប្រទេស​ផ្គត់ផ្គង់​ថ្នាំពេទ្យ​ដ៏​ធំ​មួយ​សម្រាប់​ពិភពលោក បែរ​ពឹង​ផ្អែកលើ​វត្ថុធាតុដើម​របស់​ចិន​ប្រមាណ​ជា ៧០​ភាគរយ ក្នុង​ការផលិត​ថ្នាំសង្កូវ​របស់ខ្លួន​ទៅវិញ​។ 
 
​សូមបញ្ជាក់ថា ទំនាក់ទំនង​ចិន និង​អាមេរិក គឺមាន​សភាព​ល្អក់កក​រ​យ៉ាងខ្លាំង ដោយ​រាប់​ចាប់ពី​បញ្ហា​ពាណិជ្ជកម្ម សមុទ្រ​ចិន​ខាងត្បូង ហុងកុង តៃវ៉ាន់ ដើមកំណើត COVID-19 និង​ការបិទ​កុងស៊ុល​។ ជាមួយគ្នានេះ ចិន និង​ឥណ្ឌា ក៏​មិនត្រូវ​គ្នា​ដែរ​៕

Tag:
 អាមេរិក​
  ចិន​
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com