ជាតិ
មេសហជីព ខកចិត្ត ដែលកម្មករសំណង់និងសេវាកម្មកម្សាន្ត នៅតែមិនទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋ
23, Jul 2020 , 4:02 pm        
រូបភាព
សកម្មភាពអ្នកធ្វើផ្នែកសេវាកម្មកម្សាន្តទាមទារឲ្យក្រសួងការងារជួយឧបត្ថម្ភទឹកប្រាក់៤០ដុល្លារនៅមុនក្រសួងការងារ។
សកម្មភាពអ្នកធ្វើផ្នែកសេវាកម្មកម្សាន្តទាមទារឲ្យក្រសួងការងារជួយឧបត្ថម្ភទឹកប្រាក់៤០ដុល្លារនៅមុនក្រសួងការងារ។
ភ្នំពេញ៖ មេសហជីព ស្នើឲ្យមានការឧបត្ថម្ភប្រាក់ ដល់កម្មករផ្នែកសំណង់និងសេវាកម្មកម្សាន្ត ដូចកម្មករ ក្នុងវិស័យផ្សេងដែរ។ តែមេសហជីពទាំងនោះ ទទួលបានការខកចិត្ត ដោយសារតែក្រសួងការងារ ឆ្លើយតបជាអវិជ្ជមាន នឹងសំណើរបស់ខ្លួន។

 
មេសហជីព អះអាងថា កម្មករផ្នែកសំណង់និងសេវាកម្មកម្សាន្ត ភាគច្រើនជាអ្នកមានជីវភាពខ្វះខាត គ្មានការងារធ្វើនៅអំឡុងពេលកូវីដ-១៩នេះ ទើបស្នើឲ្យមានការជួយឧបត្ថម្ភ និងការយកចិត្តទុកដាក់បន្ថែមលើពួកគេ។  
 
កាលពីថ្ងៃទី១៥ ខែកក្កដា លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ បានសរសេរលិខិតឆ្លើយតបទៅក្រុមសហជីពផ្នែកសេវាកម្មសំណង់និងសេវាកម្មកមន្សាន្ត ដែលស្នើសុំប្រាក់ឧបត្ថម្ភ៧០ដុល្លារដល់អ្នកធ្វើការក្នុងវិស័យសំណងនិង៤០ដុល្លារដល់អ្នកធ្វើការផ្នែកសេវាកម្មកមន្សាន្ត។ តាមរយៈលិខិតឆ្លងតប លោករដ្ឋមន្រ្តី អះអាងថា ក្នុងកាលទេសៈនេះ រដ្ឋាភិបាលកំពុងប្រឹងប្រែងជួយស្រោចស្រង់វិស័យឯកជន និងទ្រទ្រង់កម្មករដែលរងផលប៉ះពាល់ធ្ងន់ធ្ងរប៉ុណ្ណោះ រួមមាន វិស័យទេសចរណ៍ វិស័យអាកាសចរណ៍ និង វិស័យកាត់ដេរ។ 
 
អនុប្រធានសហេព័ន្ធសហជីពកម្មករសំណង់និងព្រៃឈើកម្ពុជា លោក សូ ឆ្លូញ ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅថ្ងៃទី២៣ ខែកក្កដានេះថា កម្មករផ្នែកធ្វើការសំណង់ភាគច្រើនអត់ការងារធ្វើ ហើយភាគច្រើនជាអ្នករកប្រាក់ចំណូលមួយថ្ងៃសម្រាប់តែមួយថ្ងៃ។ ជាក់ស្ដែង សមាជិកនៃសហជីពរបស់លោក ប្រមាណ៩ពាន់នាក់ មាន៦០ភាគរយបានព្យួរការងារ បាត់បង់ការងារ និងមានការងារមិនទៀងទាត់ កំពុងមានជីវភាពខ្វះខាត។ 
 
លោក សូ ឆ្លូញ ថ្លែងថា៖«ខ្ញុំមានខកចិត្តចំពោះការឆ្លើយតបរបស់ក្រសួងការងារ វាបង្ហាញពីភាពខ្វះចន្លោះរបស់ក្រសួង យ៉ាងហោចណាស់ក៏ត្រូវជួយដល់បងប្អូនកម្មករសំណង់ឲ្យទទួលបានការជួយគាំទ្រខ្លះដែរ បើមិនបានឧមត្ថម្ភប្រាក់ក៏ឲ្យកម្មកររងគ្រោះបានទទួលបណ្ណក្រីក្រដែរ ដើម្បីជួយសម្រួលជីវភាពរបស់ពួកគេនៅពេលរងគ្រោះដោយសារកូវីដ-១៩»។ 
 
រីឯ ចំពោះការចុះពង្រឹងការធ្វើអធិការកិច្ចការងាររបស់ក្រសួងការងារ នៅតាមការដ្ឋាន លោក សូ ឆ្លូញ អះអាងថា កន្លងមកដល់បច្ចុប្បន្នមិនឃើញមានប្រសិទ្ធភាពឡើយ ព្រោះកម្មករនិងពលរដ្ឋនៅតែរងរបួសតាមការដ្ឋានសំណង់ដដែល។ 
 
ចំណែក លោក វង្ស បញ្ញា ប្រធានផ្នែកសម្របសម្រួលនៃសហព័ន្ធសហជីពកម្មករចំណីអាហារនិងសេវាកម្ម ចាត់ទុកការឆ្លើយរបស់ក្រសួងការងារថា គោលការណ៍របស់រដ្ឋាភិបាលជួយតែកម្មករនិយោជិតក្នុងវិស័យកាត់ដេរ អាកាសចរណ៍ និង ទេសចរណ៍ ជាការធ្វើការមិនគ្រប់ជ្រុងជ្រោយ។ លើសពីនេះ ការអំពាវនាវឲ្យចុះតម្លៃផ្ទះជួលកន្លងមកគឺខ្វះឆន្ទៈ។ 
 
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរសព័្ទ លោក វង្ស បញ្ញា មានប្រសាសន៍ថា៖«ការឆ្លើយតប និងការបកស្រាយរបស់ក្រសួងការងារមិនសមស្របឡើយ អ្នកធ្វើការងារសេវាកម្មកម្សាន្តក៏ជាផ្នែកមួយនៃវិស័យទេសចរណ៍ដែរ ដូច្នេះគួរទទួលបានការជួយគាំទ្រដល់អ្នករងគ្រោះ ជាក់ដូចអ្នកធ្វើការម៉ាស្សា និង KTV សុទ្ធតែធ្វើការបម្រើការដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ ដោយហេតុផលស្ថិតក្រោមវិស័យការងារនេះ អ្នកធ្វើការផ្នែកសេវាកម្មកម្សាន្តគួរណាស់ទទួលបានការជួយឧបត្ថម្ភ»។ 
 
ពាក់ព័ន្ធនឹងការស្នើឲ្យក្រសួងការងារចុះអន្តរាគមន៍លើតម្លៃផ្ទះជួល ក្រសួងបានឆ្លើយតបវិញថា កន្លងមកមានការអំពាវនាវឲ្យចុះតម្លៃផ្ទះ ហើយក៏បន្តខិតខំបន្តទៀត។ ត្រង់ចំណុចនេះ លោក វង្ស បញ្ញា យល់ថាការអំពាវនាវកន្លងមិនសូវមានប្រសិទ្ធភាព ហើយក្រុមការងារក្រសួងគ្មានឆន្ទៈក្នុងការធ្វើការឲ្យបានល្អឡើយ។ 
 
លោក និយាយដូច្នេះថា៖«ការអំពាវនាវមិនសូវមានសិទ្ធភាព បើក្រសួងមានឆន្ទៈមែន គឺចុះអន្តរាគមន៍ឬសម្របសម្រួលដល់ម្ចាស់ផ្ទះជួលហើយមិនមែនគ្រាន់តែអំពាវនាវនោះទេ»។ 
 
បើទោះបីកន្លែងសេវាកម្មកម្សាន្ត ត្រូវបានប្រកាសឲ្យបើដំណើរការវិញជាភោជនីយដ្ឋានក្ដី ប៉ុន្តែមេសហជីពរូបនេះ អះអាងថា អ្នកធ្វើសេវាកម្មកម្សាន្តនៃក្រុមសហជីពរបស់លោកចុះស្រង់ទិន្ន័យប្រមាណ២០០នាក់ មាន១០ភាគរយប៉ុណ្ណោះ បានចូលធ្វើការវិញ។ លោក បន្ថែមថា ១០ភាគរយដែលធ្វើការភាគច្រើន មិនបានប្រាក់ពេញម៉ោងដូចមុនឡើយ ដោយសារម្ចាស់ហាងខ្លះកាត់ម៉ោងការងារនិងកាត់បន្ថយចំនួនបុគ្គលិក។ លើសពីនេះ អ្នកផ្សែងទៀតដែលគ្មានការងារ កំពុងខ្វះខាតដោយសារបាត់ប្រភពចំណូលហើយមិនអាចស្វែងរកការងារផ្សេងបាន ដោយគ្មានចំណេះនិងជំនាញ។ 
 
មេសហជីពទាំងពីរខាងលើ អះអាងថា ពួកគេខកចិត្តនឹងការឆ្លើយតបរបស់ក្រសួង ហើយកំពុងរង់ចាំការឆ្លើយតបពីខាងខុទ្ទការិយាល័យសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានដាក់ញត្តិ ទៅកាលថ្ងៃទី១៣ ខែកក្កដា។ ប្រសិនបើការឆ្លើយតបពីខុទ្ទការិយាល័យសម្ដេច មិនសមស្របឬខកបំណងទៀតនោះ ក្រុមសហជីពនឹងពិភាក្សាគ្នាបន្តទៀតដើម្បីធ្វើយ៉ាងរកផ្លូវជួយដល់កម្មកររងគ្រោះក្នុងវិស័យទាំងនេះបាន៕ 
 
 
 

Tag:
 សហជីព
  កម្មករ
  សំណង
  សេវាកម្មកម្សាន្ត
© រក្សាសិទ្ធិដោយ thmeythmey.com