COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
ប៉ូលិស បំបែកហ្វូង​អ្នកគាំទ្រ Liverpool អបអរ​ការលើក​ពាន ដើម្បី​បង្ការ COVID-19
23, Jul 2020 , 10:59 pm        
រូបភាព
​ក្រុមប៉ូលិស​អង់គ្លេស​បាន​បំបែកហ្វូង​អ្នកគាំទ្រ​នៅក្បែរ​កីឡដ្ឋាន Anfield ជា​កន្លែង​ក្រុម Liverpool អបអរ​ពានរង្វាន់ Premier League ជា​លើកដំបូង​ក្នុង​រយៈពេល ៣០ ឆ្នាំ​ចុងក្រោយ​។ ចំណាត់ការ​នេះ ធ្វើឡើង​ដើម្បី​ការពារ​សណ្តាប់ធ្នាប់ និង​បង្ការ​ការឆ្លង​ជំងឺ COVID-19 តាមរយៈ​ការប្រមូល​ផ្តុំគ្នា​។​


​អ្នកគាំទ្រ​ក្រុម​ហង្ស​ក្រហម​រាប់ពាន់នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅតាម​ដងផ្លូវ​ដោយមាន​ដុត​ភ្លើង និង​កាំជ្រួច​ផង​ដើម្បី​អបអរ​ការ​ឈ្នះ​ជើងឯក​លី​គ​កំពូល​អង់គ្លេស​របស់​ក្រុម Liverpool នៅក្រោយពេល​ក្រុម​នេះ​បាន​យកឈ្នះ Chelsea ក្នុង​លទ្ធផល ៥-៣ នា​ជំនួប​សប្តាហ៍​ទី​៣៧ នៅ​យប់​ថ្ងៃទី​២២ ខែកក្កដា​។​
 
​ដោយសារ​មាន​មនុស្ស​ច្រើន​ផ្តុំគ្នា​ដែល​អាច​បង្ក​ឲ្យ​មាន​ហានិភ័យ​ខ្ពស់​ក្នុងការ​ឆ្លង​ជំងឺ​រាតត្បាត​សកល ប៉ូលិស​នៅ​តំបន់ Merseyside បាន​បញ្ជា​ឲ្យ​បំបែក​ក្រុម​អ្នកគាំទ្រ​ទាំងនោះ​នៅត្រឹម​រយៈពេល ៤៨ ម៉ោង​។ ការ​ប្រ​មួល​ផ្តុំគ្នា​របស់​អ្នកគាំទ្រ​របៀបនេះ​បានកើត​ឡើង​ម្តង​រួចមកហើយ នៅពេល​ក្រុម​លោក Jurgen Klopp បានដឹង​លទ្ធផល​ថា ក្រុម​លោក​បានឈ្នះ​ពាន Premier League តាំងពី​ប្រកួត​ទី​៣១​មក​នោះ​។​


 
​ការបង្ហាញ​ការអបអរ​ពី​សំណាក់​អ្នកគាំទ្រ​ដោយ​មិន​រអា​នឹង​ការឆ្លង COVID-10 តាមរយៈ​ការប្រមូលផ្តុំ និង​ថែមទាំង​រំលោភច្បាប់​គម្លាត​សុវត្ថិភាព​ផង​នោះ ពី​ព្រោះតែ​ក្រុម Liverpool របស់​ពួក​គ​បាន​រង់ចាំ​រយៈពេល​៣០​ឆ្នាំ​មកហើយ ដើម្បី​លើក​ពាន​នេះ​សារជាថ្មី​។​
 
​ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​អាល្លឺម៉ង់ Liverpool អាច​ឈ្នះ​ពាន​ក្របខណ្ឌ​កំពូល​អង់គ្លេស​នេះ​ជា​លើក​ទី​១៩ ពោលគឺ​តាំងពី​រដូវ​កាល ១៩៨៩-៩០ និង​ជាការ​ឈ្នះ​ពាន​ដែល​ប្តូរ​ឈ្មោះ​ទៅជា Premier League ជា​លើកដំបូង​។​
 
​គិត​ត្រឹម​ថ្ងៃទី​២៣ ខែកក្កដា​នេះ ចក្រភព​អង់គ្លេស​មាន​ករណី​ឆ្លង​ជំងឺ COVID-19 ជិត​៣​សែន​នាក់ ក្នុងនោះ​ស្លាប់​ជាង ៤៥០០០​នាក់​៕



Tag:
 COVID-19
  Premier League
  Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com