ជាតិ
សង្គមជាតិ
​តំបន់​ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិ និង​កែច្នៃ នៅ​តាកែវ ទាក់ទាញ​ទេសចរណ៍​ជាង​៦០​ម៉ឺន​នាក់​ក្នុង​១​ឆ្នាំៗ​
23, Jul 2020 , 8:59 am        
រូបភាព
ដោយ:
​ខេត្តតាកែវ មាន​តំបន់​ទេសចរណ៍​សក្ដានុពល​ចំនួន​៩​កន្លែង មាន​ទាំង​តំបន់​វប្បធម៌​ប្រវត្តិសាស្ត្រ  វប្បធម៌ និង​ធម្មជាតិ រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ និង​រមណីយដ្ឋាន​កែច្នៃ​។ ខេត្តតាកែវ ទទួលបាន​ទេសចរណ៍​ប្រមាណ ៦០​ម៉ឺន​នាក់ ក្នុង​មួយឆ្នាំៗ​។ នេះ​បើតាម​លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ​នៅក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី «​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ត​របស់​រដ្ឋ​បាល​ខេត្តតាកែវ​» នៅ​ថ្ងៃទី​២៣ កក្កដា ២០២០​។​

 
​បើតាម​លោក​អភិបាលខេត្ត តំបន់​ទេសចរណ៍​ទាំងនោះ មាន​តំបន់​វប្បធម៌​ប្រវត្តិសាស្ត្រ និង​ធម្មជាតិ​ចំនួន​៥​កន្លែង មាន​ភ្នំ​ដា ភ្នំ​បា​យ៉ង់​កោរ ភ្នំ​ជី​សូរ្យ ភ្នំ​តា​ម៉ៅ និង​ទន្លេបាទី​។ រមណីយដ្ឋាន​ទេសចរណ៍វប្បធម៌ និង​ធម្មជាតិ​មាន ២​កន្លែង គឺ​ភ្នំ​ខ្លែង និង​ភ្នំ​ជីតា​ពេជ្រ​។ រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​មាន ១​កន្លែង គឺ​ជ្រោះ​ផ្អោ​ក និង​សម្រាប់​រមណីយដ្ឋាន​ទេសចរណ៍​កែច្នៃ មាន ១​កន្លែង គឺ​កំពូល​ពេជ្រ​។ ក្នុងចំណោម​តំបន់​ទាំងនេះ មាន​រមណីយដ្ឋាន​ដែល​ល្បី និង​មាន​ភាព​ទាក់ទាញ​ភ្ញៀវទេសចរ​ច្រើន​ចំនួន ៦​កន្លែង គឺ​ភ្នំ​ជី​សូរ្យ ភ្នំ​តា​ម៉ៅ ទន្លេបាទី កំពូល​ពេជ្រ ភ្នំ​ដា និង​ជ្រោះ​ផ្អោ​ក​។ នេះ​បើតាម​លោក អ៊ូច ភា​។ 
 
​នៅក្នុង​សន្និសីទ​ដដែល លោក អ៊ូច ភា ក៏​បញ្ជាក់ដែរថា ខេត្តតាកែវ នៅមាន​តំបន់​ទេសចរណ៍​សក្តានុពល​ជាច្រើន​ទៀត ដែល​មិនទាន់បាន​អភិវឌ្ឍន៍​ឲ្យ​ក្លាយជា​រមណីយដ្ឋាន​ទេសចរណ៍​នៅឡើយ​។ តំបន់​ទាំងនោះ​រួមមាន ប្រាសាទនាងខ្មៅ និង​ប្រាសាទជប់​ពល សារមន្ទីរ​ខេត្ត និង​សារមន្ទីរ​អង្គរ​បូរី និង​មណ្ឌល​ឧក្រិដ្ឋកម្ម​ចំនួន​១​កន្លែង​(​ក្រាំង​តា​ចាន់​)​ទំនប់ទឹក​ខ្ពប​ត្របែក ស្ថិតនៅ​ស្រុក​ត្រាំកក់​, ទំនប់ទឹក​ត្នោត​ទេរ ស្ថិតនៅ​ស្រុក​សំរោង​, វត្តភ្នំ​សន្លុង ស្ថិតនៅ​ស្រុក​ទ្រាំង​, តំបន់​អភិរក្ស​សត្វ​ក្រៀល ស្ថិតនៅ​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ​ជាដើម​៕ 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com