ជាតិ
ក្រសួង​ព័ត៌មាន និង​យូណេស្កូ សម្ពោធ​សៀវភៅ វិជ្ជាជីវៈ​សារព័ត៌មាន «​ដំណឹង​ក្លែងក្លាយ​» និង «​ព័ត៌មាន​មិន​ពិត​»
24, Jul 2020 , 12:29 am        
រូបភាព
រូបភាពពី​លោក ខឹម សុវណ្ណារ៉ា
រូបភាពពី​លោក ខឹម សុវណ្ណារ៉ា
ដោយ:
​ភ្នំពេញ​៖ កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែកក្កដា ក្រសួង​ព័ត៌មាន សហការ​ជាមួយ​អង្គការ​យូណេស្កូ បានរៀបចំ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​សៀវភៅ​ជា​ភាសា​ខ្មែរ វិជ្ជាជីវៈ​សារព័ត៌មាន​«​ដំណឹង​ក្លែងក្លាយ​» និង «​ព័ត៌មាន​មិន​ពិត​»​។ សៀវភៅ​នេះ ជា​មេរៀន​សម្រាប់​ការអប់រំ និង​ការបណ្តុះបណ្តាល​ផ្នែក​វិជ្ជាជីវៈ​សារព័ត៌មាន សម្រាប់​អ្នកសារព័ត៌មាន និង​អ្នក​អប់រំ​ផ្នែក​សារព័ត៌មាន​។


​ការសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​សៀវភៅ​មួយ​ក្បាល​នេះ មាន​គោលបំណង​ណែនាំ ទ្រឹស្ដី និង​បរិបទ សម្រាប់​សារព័ត៌មាន និង​អ្នក​អប់រំ​ផ្នែក​វិជ្ជាជីវៈ​សារព័ត៌មាន ព្រមទាំង​និស្សិត ក្នុងការ​អនុវត្ត​កិច្ចការ​សារព័ត៌មាន​ដែលមាន​វិជ្ជាជីវៈ និង​ក្រមសីលធម៌​។ លើសពីនេះ សៀវភៅ​នេះ នឹង​បម្រើ​ជា​ជម្រើស​មួយ​មានតម្លៃ​ខ្ពស់ និង​គួរ​ឲ្យ​ទុកចិត្ត ក្នុងការ​ប្រឆាំងនឹង​ព័ត៌មាន​មិន​ពិត និង​ព័ត៌មាន​ខុស​។ 


 រូបភាពពី​លោក ខឹម សុវណ្ណារ៉ា

​ក្នុង​ពិធី​សម្ពោធ​សៀវភៅ វិជ្ជាជីវៈ​សារព័ត៌មាន «​ដំណឹង​ក្លែងក្លាយ​» និង «​ព័ត៌មាន​មិន​ពិត​» លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​លើកឡើងថា​៖ «​ខ្ញុំ​សង្ឃឹមថា សៀវភៅ​នេះ នឹង​ឲ្យ​អ្នកអាន​មើល​យល់ និង​ចេះ​បែងចែក ពី​កម្រិត​សេរីភាព​នៃ​ការបញ្ចេញមតិ​»​។ 
 
​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បន្តថា ដំណឹង​ក្លែងក្លាយ​នេះ ក៏​ផ្ដល់​ផលប្រយោជន៍​ផងដែរ ដែល​ធ្វើ​ឲ្យ​អ្នកអាន​ចេះ​ពិចារណា និង​ផ្ទៀងផ្ទាត់​មុននឹង​អាន និង​ចែករំលែក​។ 
 
​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អង្គការ​យូណេស្កូ និង​ក្រសួង​ព័ត៌មាន សៀវភៅ​មួយ​ក្បាល​នេះ អាច​ឲ្យ​អ្នក​វិជ្ជាជីវៈ​សារព័ត៌មាន និង​និស្សិត​ផ្នែក​វិជ្ជាជីវៈ​សារព័ត៌មាន ចេះ​នូវ​ជំនាញ​ផ្ទៀងផ្ទាត់​ការពិត និង​ផ្នែក​អក្ខរកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ព័ត៌មាន ដើម្បី​លើកកម្ពស់​ភាពជឿជាក់​បាន​នៃ​វិជ្ជាជីវៈ​សារព័ត៌មាន​។ 
​សៀវភៅ វិជ្ជាជីវៈ​សារព័ត៌មាន «​ដំណឹង​ក្លែងក្លាយ​» និង «​ព័ត៌មាន​មិន​ពិត​» មាន​កម្រាស់​១៨៩​ទំព័រ និង​មាន​មេរៀន​ចំនួន ៧ ដែល​បកប្រែ​ដោយ​វិទ្យាស្ថាន​សារព័ត៌មាន​ហ្វូ​ចូ និង​បោះពុម្ព​ដោយ យូណេស្កូ​៕ 
 
 

Tag:
 ព័ត៌មាន​
  យូណេស្កូ​
  សៀវភៅ​
  ដំណឹង​ក្លែងក្លាយ​
© រក្សាសិទ្ធិដោយ thmeythmey.com