COVID-19
ជាតិ
ក្រសួង បំភ្លឺថា បុរសខ្មែរ ដែលស្លាប់ពេលធ្វើចត្តាឡីស័ក អាចមកពីខ្យល់គរ ឬប្រតិកម្មថ្នាំ តែមិនមែនកូវីដទេ សកម្មភាពក្រុមគ្រួពេទ្យចុះពិនិត្យ នៅមណ្ឌលចត្តាឡីស័ក ក្រោយទទួលដំណឹងពីមរណភាពរបស់បុរសវ័យ២១ឆ្នាំ
× ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹង បំភ្លឺពីការស្លាប់របស់បុរសខ្មែរវ័យ២១ឆ្នាំម្នាក់ កាលពីម៉ោង៧កន្លះយប់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ក្នុងអំឡុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កមួយកន្លែង ក្នុងឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
ក្រសួងសុខាភិបាល បានឲ្យដឹងថា ក្រោយបុរសនោះស្លាប់ភ្លាមៗ ក្រុមអ្នកជំនាញផ្នែកកោសលវិច្ច័យសាកសព ក៏បានធ្វើកោសលវិច្ច័យលើសាកសពរបស់បុរសនោះ។ ក្រសួងសុខាភិបាល ថ្លែងទៀតថា បន្ទាប់មក ក្រុមអ្នកជំនាញ ក៏បានធ្វើសេចក្តីសន្និដ្ឋានបឋម៤យ៉ាង លើករណីស្លាប់របស់បុរសនោះ គឺ ទី១ អាចដោយសារតែខ្យល់គរភ្លាមៗ ទី២ អាចមកពីប្រតិកម្មថ្នាំ ដែលលេបច្រើមុខពេក និងមានសមាសធាតុដូចគ្នាច្រើន ទី៣ អាចដោយសារតែការលេបថ្នាំច្រើនមុខ ក្នុងពេលតែមួយ ហើយក៏ឈ្លក់និងចូលបំពង់ខ្យល់ ទី៤ អាចមានបញ្ហាសុខភាពមិនជាក់លាក់ផ្សេងទៀត។
ក្រសូងសុខាភិបាល បានឲ្យដឹងទៀតថា ក្រុមអ្នកជំនាញ អាចត្រឹមធ្វើសេចក្តីសន្និដ្ឋានបឋម ដោយមិនទាន់អាចធ្វើសេចក្តីសន្និដ្ឋានចុងក្រោយ គឺដោយសារតែត្រូវរង់ចាំការធ្វើតេស្តពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាសិន។ ក្រៅពីធ្វើកោសលវិច្ច័យ ក្រុមអ្នកជំនាញ ថែមទាំងយកសំណាកពីសាកសពបុរសនោះ ទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រ ដើម្បីដឹងលទ្ធផលកាន់ច្បាស់និងជាក់លាក់។
តាមរយៈសេចក្តីជូនដំណឹង ដែលចេញនៅយប់ថ្ងៃទី២៣ ខែកក្កដា ក្រសួងសុខាភិបាល បំភ្លឺថា៖«លទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រ ដែលចេញនៅល្ងាចថ្ងៃទី២៣ ខែកក្កដា បង្ហាញថា បុរសនោះ មិនមានវីរុសកូវីដ-១៩នោះទេ។ ដូច្នេះ ការសន្និដ្ឋានលើករណីស្លាប់នេះ គឺអាចបណ្តាលមកពីខ្យល់គរ គួបផ្សំនឹងការលេបថ្នាំច្រើនមុខពេក ដែលសរីរាង្គគាត់ មិនអាចទ្រាំបាន»។
បុរសនោះ មិនមែនប្រតិកម្មថ្នាំ ដែលក្រុមគ្រួពេទ្យប្រចាំនៅមណ្ឌលចត្តាឡីស័ក ផ្តល់ឲ្យនោះទេ តែជាថ្នាំដែលរូបគេ លួចទិញពីខាងក្រៅ យកទៅលេប។ ក្រសួងសុខាភិបាល អះអាងថា បុរសនោះ បានឲ្យបុរសម្នាក់ទៀត មានវ័យ៣២ឆ្នាំ ដែលជាបង ទៅទិញថ្នាំពីខាងក្រៅ។
ក្រសួងសុខាភិបាល បន្តថា បុរសជាបង បានរៀបរាប់រឿងទាំងនោះ ទៅក្រុមគ្រូពេទ្យ ក្រោយប្អូន បាត់បង់ជីវិត។ ក្រសួងសុខាភិបាល បន្ថែមថា បុរសជាបង ឧស្សាហ៍ទៅជួបប្អូន នៅមណ្ឌលចត្តាឡីស័ក។
ក្រសួងសុខាភិបាល លើកឡើងថា បុរសជាប្អូនដែលស្លាប់នោះ បានលេបថ្នាំ៥មុខចូលគ្នា ក្នុងម្តងៗ និងលេបអស់៤លើក រួមមាន លេប Paracetamol អស់៤គ្រប់ លេប Dexamethasone អស់៤គ្រប់ លេប Chlorpheniramine អស់៤គ្រាប់ លេប Tetracycline អស់៤គ្រប់ និង លេប Moxy Cold អស់៤គ្រប់។ ផ្នែកលើក្រសួងសុខាភិបាលដដែល បុរសជាបង បានប្រាប់ក្រុមគ្រូពេទ្យថា ប្អូនខ្លួន មានជំងឺផ្តាសាយពីរ-បីថ្ងៃមកហើយ ហើយក៏បានទិញថ្នាំទាំងនោះ យកឲ្យទៅប្អូន នៅពេលយកបាយទៅឲ្យ។
ក្រសួងសុខាភិបាល បកស្រាយថា ការប្រើថ្នាំទាំងនោះ គឺជាការសម្រេចចិត្តដោយសាមីខ្លួន (អ្នកស្លាប់) និងមានការលាក់លៀម មិនឲ្យក្រុមគ្រួពេទ្យដឹង។ ក្រសួងសុខាភិបាល បញ្ជាក់ថា ក្រោយលេបថ្នាំទាំងនោះហើយ នៅល្ងាចថ្ងៃទី២២ ខែកក្កដា បុរសជាប្អូន ក៏មានអាការថប់ដង្ហើម ងងឹតមុខ រួចក៏សន្លប់ រហូតបាត់ដង្ហើម ទោះជាក្រុមគ្រូពេទ្យ ព្យាយាមជួយសង្គ្រោះ ដោយម៉ាស្សាបេះដូង និងដាក់អ៊ុកស៊ីសែន រួមទាំងជំនួយផ្សេងៗទៀតក៏ដោយ ក៏មិនអាចជួយសង្គ្រោះបានដែរ។
ក្រសួងសុខាភិបាល បរិយាយថា ក្នុងអំឡុងស្នាក់នៅមណ្ឌលចត្តាឡីស័ក បុរសនោះ ត្រូវបានក្រុមគ្រួពេទ្យ តាមដានសុខភាពជាប្រចាំ និងវាស់កម្តៅផងដែរ តែមានសភាពធម្មតា ដោយមិនមានបញ្ហាអ្វីគួរឲ្យគត់សម្គាល់ឡើយ ហើយរូបគេ ក៏មិនដែលប្រាប់ក្រុមគ្រូពេទ្យពីអាការមិនស្រួលខ្លួន ឬអាការផ្តាសាយដែរ។
បើតាមប្រវត្តិ ដែលក្រសួងសុខាភិបាល បានបង្ហាញ បុរសនោះ គឺជាពលករខ្មែរ នៅម៉ាឡេស៊ី ហើយបានចេញពីម៉ាឡេស៊ី នៅថ្ងៃទី១៥ ខែកក្កដា ធ្វើដំណើរតាមផ្លូវគោក ឆ្លងកាត់ថៃ ហើយបានចូលមកកម្ពុជា តាមច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ពេលចូលដល់ទឹកដីកម្ពុជា មន្រ្តីសុខាភិបាលខេត្តបន្ទាយមានជ័យ បានយកសំណាកបុរសនោះ ទៅធ្វើតេស្ត និងដាក់រូបគេ ឲ្យធ្វើចត្តាឡីស័ក ដើម្បីរង់ចាំលទ្ធផល។
នៅថ្ងៃទី១៩ ខែកក្កដា លទ្ធផលធ្វើតេស្ត បង្ហាញថា បុរសនោះ មិនមានជំងឺកូវីដ-១៩ឡើយ ហើយមន្រ្តីសុខាភិបាលខេត្តបន្ទាយមានជ័យ ក៏អនុញ្ញាតឲ្យរូបគេ បន្តដំណើរទៅស្រុកកំណើត ហើយត្រូវបន្តធ្វើចត្តាឡីស័ក ក្នុងស្រុកកំណើត។ បុរសនោះ ត្រូវបានដាក់ឲ្យបន្តធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កសាលាបឋមសិក្សាភូមិ៥ ក្នុងឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្វារ ខេត្តត្បូងឃ្មុំ។ បីថ្ងៃក្រោយមក រូបគេ ក៏ស្លាប់។
មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ត្រូវបង្ខំចិត្តបញ្ចុះសពបុរសនោះទាំងយប់ (ថ្ងៃ២២កក្កដា) និងមិនអនុញ្ញាតឲ្យចំអាសទឹកឡើយ ដើម្បីជៀសវាងការចម្លងរោគជាយថាហេតុ។
ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាល បានអំពាវនាវកុំឲ្យប្រជាពលរដ្ឋ ប្រើប្រាស់ថ្នាំដោយខ្លួនឯង ដែលមានហានិភ័យខ្ពស់ ដល់សុខភាពនិងអាចបាត់បង់ជីវិត។ ក្រសួងសុខាភិបាល ណែនាំថា បើមានបញ្ហាសុខភាព ត្រូវទៅស្វែងរកការពិគ្រោះជំងឺនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ ដើម្បីទទួលបានវេជ្ជបញ្ជាត្រឹមត្រូវ៕ Tag:
COVID-19
ស្លាប់ពេលធ្វើចត្តាឡីស័ក
© រក្សាសិទ្ធិដោយ thmeythmey.com