COVID-19
ជាតិ
COVID-19៖ កម្ពុជាមាន៤ករណីទៀតដែលជាក្រុមមួកខៀវទើបមកពីម៉ាលី
24, Jul 2020 , 8:06 am        
រូបភាព
ក្រសួងសុខាភិបាល​បាន​ប្រកាសពី​ការរកឃើញ៤ករណីទៀត ដែលមាន​ប្រុស​៣នាក់ និង​ស្រី១នាក់។ ពួក​គាត់ជាសមាជិក​ក្រុមមួកខៀវនៃអង្គការសហប្រជាជាតិ​ដែល​ទើបវិល ត្រឡប់មកពីម៉ាលី កាលពីថ្ងៃទី១០ ខែកក្កដា។ នេះជាលទ្ធផល​តេស្តលើកទី២ ខណៈការធ្វើតេស្តលើកទី១ក្នុងចំណោម​៨០នាក់ សុទ្ធតែអវិជ្ជមាន។ ករណី​ថ្មីទាំងនេះ នាំឲ្យ​កម្ពុជាមាន​អ្នក​ឆ្លងសរុបឡើងដល់​២០២នាក់ ក្នុងនោះ​១៤២នាក់បានជាសះស្បើយ។



អ្នកជំងឺ​កូ​វីដ​-១៩​ទាំង​៤​នាក់​ខាងលើ​នោះ​មាន ស្ត្រី​វ័យ​២៩ មាន​អាស័យដ្ឋាន​នៅ​រាជធានី​ភ្នំពេញ​, បុរស​វ័យ​៤៧​ឆ្នាំ មាន​ស្រុកកំណើត​នោ​ខេត្ត​កែប​, បុរស​វ័យ​៣៧ មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ស្ពឺ និង​បុរស​វ័យ​២៨​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្ត​ត្បូងឃ្មុំ​។ ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​នៅ​ទី​២៤​កក្កដា បាន​បញ្ជាក់ថា អ្នក​៤​នាក់​នេះ បានធ្វើ​តេស្ត​រកឃើញ​ជំងឺ​កូ​វីដ​-១៩​នេះ នៅ​ថ្ងៃទី​២៣​កក្កដា ឆ្នាំ​២០២០ ចំ​នឹង​ថ្ងៃទី​១៣​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​របស់​ពួកគាត់​។​
 
​គិត​ត្រឹម​ថ្ងៃទី​២៤​កក្កដា កម្ពុ​ជាមាន​ជំងឺ​កូ​វីដ​-១៩ សរុប​២០២​នាក់ ដោយ​ក្នុងនោះ​មាន ១៤២​នាក់ បានជា​សះស្បើយ​។ រីឯ អ្នកជំងឺ​កូ​វីដ​-១៩  ៦០​នាក់​ទៀត​នោះ មាន​៥៨​នាក់ កំពុង​សម្រាក​ព្យាបាល​នៅតាម​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​រដ្ឋ​នានា និង​២​នាក់​ទៀត  កំពុង​សម្រាក​ព្យាបាល​នៅ​បន្ទប់​ដោយឡែក​ក្នុង​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​។​

© រក្សាសិទ្ធិដោយ thmeythmey.com