អន្តរជាតិ
ចិន បញ្ជូន​យានអវកាស​គ្មាន​មនុស្ស​ទៅ​ភព​អង្គារ​ដោយ​ខ្លួនឯង​
24, Jul 2020 , 9:22 am        
រូបភាព
រ៉ុក្កែត Long March-5 ដែលបញ្ជូនយានអវកាសចិនទៅភពអង្គារ។ រូបភាព៖ AFP
រ៉ុក្កែត Long March-5 ដែលបញ្ជូនយានអវកាសចិនទៅភពអង្គារ។ រូបភាព៖ AFP
​ចិន កាលពី​ថ្ងៃទី​២៣ ខែកក្កដា បាន​បាញ់​បង្ហោះ​យានអវកាស​របស់ខ្លួន​មួយ​ទៅ​ភព​អង្ការ​។ ក្នុង​ការបាញ់​បង្ហោះ​យានអវកាស​លើក​នេះ ចិន​មិន​ពឹង​រុស្ស៊ី​ដូច​ឆ្នាំ​២០១១​ឡើយ​។ ការបញ្ជូន​យានអវកាស​របស់​ចិន​ទៅ​ភព​អង្គារ​នេះ ត្រូវបាន​គេ​មើលឃើញថា គឺ​ដើម្បី​ប្រកួតប្រជែង​បច្ចេកវិទ្យា​ជាមួយ​អាមេរិក​តែម្ដង​។


Tianwen-1 ដែល​មានន័យថា សំណួរ​ទៅ​ឋានសួគ៌ (Questions to Heaven) គឺជា​ឈ្មោះ​បេសកកម្ម​របស់​ចិន ដែល​ត្រូវបញ្ជូន​យានអវកាស ទៅ​ភព​អង្គារ​នៅ​ថ្ងៃទី​២៣ ខែកក្កដា​នេះ​។ តាម​ការរំពឹងទុក​យា​ន​អវកាស​ចិន នឹង​ទៅដល់​ភព​អង្គារ នៅក្នុង​ខែកុម្ភៈ​ឆ្នាំ ២០២១ បន្ទាប់ពី​ធ្វើដំណើរ​រយៈពេល ៧​ខែ លើ​ចម្ងាយ​ផ្លូវ ៥៥​លាន​គីឡូម៉ែត្រ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។ 
 
​រ៉ុក្កែត Long March 5 គឺជា​ឧបករណ៍ ដែល​នាំ​យានអវកាស​គ្មា​មនុស្ស​របស់​ចិន ពី​កោះ​ហៃ​ណាន​(Hainan) ទៅ​ភព​អង្គារ​។ បេសកកម្ម Tianwen-1 គឺ​រួមមាន​យាន Mars orbiter សម្រាប់​អង្កេត​គន្លង​របស់​ភព​ព្រះ​អង្គារ​, យាន​ចុះចត​លើ​ភព​ព្រះ​អង្គារ​, និង​យាន Rover សម្រាប់​សិក្សា​ពី​ដី​នៅលើ​ភព​អង្គារ​។ 
 
​តាមរយៈ​បេសកកម្ម​លើក​នេះ ចិន មិន​ពឹង​លើ​រុស្ស៊ី​ដូច​កាលពី​ឆ្នាំ ២០១១​ឡើយ​។ កាលនោះ បេសកកម្ម​រួម​រវាង​ចិន និង​រុស្ស៊ី​ទៅ​ភព​អង្គារ បានទទួល​បរាជ័យ ដោយសារ​បញ្ហា​បច្ចេកទេស​មួយចំនួន​។ ដោយសារ​ការបរាជ័យ​ក្នុង​ឆ្នាំ​២០១១ ចិន​សម្រេច​បញ្ជូន​យានអវកាស​ទៅ​ភព​ព្រះ​អង្គារ​ដោយ​ខ្លួនឯង​លើក​នេះ​។ 
 
​ការបញ្ជូន​យានអវកាស​ទៅ​ភព​អង្គារ​នេះ ចិន​មិន​អាចធ្វើ​អ្វី​លើសពី​អាមេរិក ដែល​ធ្លាប់​បានធ្វើ​កន្លង​មកឡើ​យ​។ លោក Jonathan McDowell តារាវិទូ នៅ​មជ្ឈមណ្ឌល​តារាសាស្ត្រ​Harvard-Smithsonian បានលើកឡើង​បែបនេះ ដោយ​បន្ថែមថា កន្លងមក អាមេរិក បាន​បញ្ជូន​យាន Rover ចំនួន ៤​ហើយ ទៅ​ភព​អង្គារ​តាំងពី​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៩០​។  នាពេល​ឆាប់ៗ​ខាងមុខ អាមេរិក នឹង​បញ្ជូន​យាន Perseverance ទៅ​ភព​អង្គារ​ទៀត​។ 
 
​សូមបញ្ជាក់ថា ចិន បាន​ចំណាយលុយ​ជាច្រើន​ពាន់​លាន​ដុល្លារ ទៅក្នុង​កម្មវិធី​អវកាស​របស់ខ្លួន ដើម្បី​តាម​ឲ្យ​ទាន់​អាមេរិក រុស្ស៊ី និង​អឺរ៉ុប​។ នៅក្នុង​ឆ្នាំ​២០០៣ ចិន​បាន​ក្លាយជា​ប្រទេស​ទី​៣ បន្ទាប់ពី​អាមេរិក និង​រុស្ស៊ី ដែល​បញ្ជូន​មនុស្ស​ទៅក្នុង​អវកាស​។ នៅក្នុង​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៩ ចិន​បានទទួល​ជោគជ័យ​ក្នុងការ​បញ្ជូន​យាន Jade Rabbit ទៅ​ភព​ព្រះ​ចន្ទ​៕
 

Tag:
 ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com