ពីនេះ ពីនោះ
សុខភាព
ប្រយ័ត្ន​! តម្រងនោម​នឹងមាន​បញ្ហា​មិន​ខាន បើ​បន្ត​ទម្លាប់​ទាំងនេះ​
24, Jul 2020 , 8:59 pm        
រូបភាព
​តម្រងនោម​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​ការរក្សា​សុខភាព​រាងកាយ​ល្អប្រសើរ​។ វា​ជួយ​ផលិត​កោសិកា​គ្រាប់​ឈាមក្រហម​, គ្រប់គ្រង​កម្រិត​នៃ​សម្ពាធ​ឈាម​, បន្សាប​ជាតិពុល​សរីរាង្គ​ខាងក្នុង​, បញ្ចេញ​ជាតិ​ទឹក ឬ​សារធាតុ​រាវ​ដែល​លើស​, បញ្ចេញ​កាកសំណល់​តាមរយៈ​ទឹកនោម​, ច្រោះ​ឈាម​, ផលិត​អ័រម៉ូន និង​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​រ៉ែ​ចាំបាច់​ទាំងអស់​ក្នុង​ឈាម​។ ទម្លាប់​មួយចំនួន​អាច​ជះ​ផលប៉ះពាល់​គួរឱ្យ​ព្រួយបារម្ភ​ចំពោះ​សុខភាព​តម្រងនោម​ដែល​យក​ល្អ​អ្នក​ចាំបាច់​ត្រូវ​ផ្លាស់ប្ដូរ​ចេញ​។​ថា​តើ​ទម្លាប់​ទាំងនោះ​មាន​អ្វី​ខ្លះទៅ​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​ទម្លាប់​ដែល​បង្កើន​ហានិភ័យ​នៃ​បញ្ហា​តម្រងនោម ៖

 
១. ការជក់បារី​
 
​ទម្លាប់​នេះ​មិន​ត្រឹមតែ​បង្កបញ្ហា​ដល់​តម្រងនោម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ចំពោះ​រាងកាយ​ទាំងមូល​តែម្ដង​! នេះ​ក៏​ព្រោះតែ​ការជក់បារី​អាច​បង្ក​ជំងឺ​លើស​សម្ពាធ​ឈាម​ដែល​បណ្ដាលអោយ​មានការ​កាត់បន្ថយ​លំហូរ​ឈាម​ទៅកាន់​តម្រងនោម​។​
 
២. ទទួលទាន​គ្រឿង​ស្រវឹង​លើស​កម្រិត​
 
​ប្រសិនបើ​អ្នក​ឧស្សាហ៍​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​លើសពី ១ កែវ​ក្នុង​មួយថ្ងៃ​សម្រាប់​នារី និង ២ កែវ​ក្នុង​មួយថ្ងៃ​សម្រាប់​បុរស​នោះ អ្នក​ប្រាកដជា​ត្រូវ​ប្រឈមមុខ​នឹង​ហានិភ័យ​នៃ​បញ្ហា​តម្រងនោម​មិនខានឡើយ​។​
 
៣. ទទួលទាន​របប​អាហារ​មាន​ផ្ទុក​ប្រូតេអ៊ីន​ខ្ពស់​
 
​រាងកាយ​ត្រូវការ​ប្រូតេអ៊ីន ប៉ុន្តែ​មិនមែន​ច្រើនពេក​ឡើយ ក៏​ព្រោះ​វា​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​តម្រងនោម​។ ហើយ​ការ​ទទួលទាន​ជាតិ​ប្រ​តេ​អ៊ី​ន​ចេញពី​សាច់សត្វ​ច្រើនពេក​បង្កើត​ជាតិ​អាស៊ីត​ក្នុង​ឈាម​ដែល​បណ្ដាលឱ្យ​កើត​ជំងឺ acidosis ស្ថានភាព​មួយ​ដែល​តម្រងនោម​របស់​អ្នក​មិនអាច​រក្សា​កម្រិត pH ក្នុង​រាងកាយ​ឱ្យមាន​តុល្យភាព​បាន​។ យូរ​ទៅ​បញ្ហា​នេះ​បង្ក​ជា​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ផ្សេងទៀត​ដូចជា បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ និង​ជំងឺ​តម្រងនោម​រ៉ាំរ៉ៃ​។​
 
៤. ការប្រើប្រាស់​ថ្នាំ​បំបាត់​ការឈឺចាប់​ក្នុង​រយៈពេល​យូរ​
 
​ទម្លាប់​នៃ​ការទទួល​ទាន​ថ្នាំ​បំបាត់​ការឈឺចាប់​សឹងតែ​ជាប្រចាំ គឺ​មិនល្អ​សោះឡើយ​ចំពោះ​តម្រងនោម​។ ហើយ​អ្នក​ក៏​មិនគួរ​ទទួលទាន​ថ្នាំ​បំបាត់​ការឈឺចាប់ ដើម្បី​បំបាត់​ការឈឺចាប់​តិចតួច​ឡើយ​។ ការទទួល​ទាន​ថ្នាំ​នេះ​ជាប្រចាំ​អាច​បណ្ដាលឱ្យ​ខូច​តម្រងនោម​ធ្ងន់ធ្ងរ ហើយ​វា​ក៏បង្ក​ផលប៉ះពាល់​គួរឱ្យ​ព្រួយបារម្ភ​លើ​មុខងារ​នៃ​តម្រងនោម​ផងដែរ​។​
 
៥. ការ​ទទួលទាន​កាហ្វេ​ច្រើនពេក​
 
​ការ​ទទួលទាន​ភេសជ្ជៈ​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើន​ផ្សារភ្ជាប់​នឹង​ហានិភ័យ​ខ្ពស់​នៃ​បញ្ហា​ក្រួស​ក្នុង​តម្រងនោម​។​
 
៦. ទទួលទាន​អាហារ​ប្រៃ​ច្រើនពេក​
 
​ការទទួល​ទាន​អាហារ​ប្រៃ​ច្រើនពេក​ជាប្រចាំ គឺ​មិនល្អ​សោះឡើយ​ចំពោះ​តម្រងនោម ក៏ដូចជា​សុខភាព​រាងកាយ​ទាំងមូល​។ ការទទួល​ទាន​អាហារ​ជាតិ​អំបិល​ច្រើន​នឹងធ្វើ​ឱ្យ​តម្រងនោម​ទទួលបន្ទុក​លើស​កម្រិត​។ មិនយូរប៉ុន្មាន​តម្រងនោម​ចាប់ផ្ដើម​ចុះខ្សោយ​ប៉ះពាល់​សមត្ថភាព​មុខងារ ហើយ​បង្កើន​ការ​ស្ដុក​ទុក​សារធាតុ​រាវ​។​
 
៧. ការ​ទប់​នោម​យូរ​
 
​ការ​ទប់​នោម​យូរ គឺជា​មូលហេតុ​ចម្បង​នៃ​បញ្ហា​តម្រងនោម​។ ប្រសិនបើ​អ្នក​ឧស្សាហ៍​ទប់​នោម នោះ​ទឹកនោម​នឹងត្រូវ​ស្ថិតនៅក្នុង​ផ្លោក​នោម​យូរ ហើយ​បាក់តេរី​ចាប់ផ្ដើម​លូតលាស់​កាន់តែ​លឿន​។ នៅ​ទីបំផុត​វា​អាច​បណ្ដាលឱ្យ​កើតមាន​ផលវិបាក​ធ្ងន់ធ្ងរ​មួយចំនួន​ដូចជា ការឆ្លង​មេរោគ​ក្នុង​តំរងនោម និង​អាកា​រៈ​នោម​ទាស់​។​
 
៨. ការ​ទទួលទាន​ទឹកបាន​តិច​
 
​តម្រងនោម ក៏​ដូច​ទៅនឹង​ផ្នែក​ផ្សេងទៀត​នៃ​រាងកាយ​ផងដែរ គឺ​ត្រូវការ​ជាតិ​ទឹក​គ្រប់គ្រាន់​ដើម្បី​រក្សាបាន​នូវ​សុខភាព​ល្អប្រសើរ និង​ដំណើរការ​មុខងារ​ត្រឹមត្រូវ​។ កង្វះ​ជាតិ​ទឹក​អាច​នាំអោយមាន​លំហូរ​ឈាម​តិច​ទៅ​តម្រងនោម​។ ជា​លទ្ធផល​ឈាម​នឹង​ប្រែជា​ខាប់​បង្ក​ផលប៉ះពាល់​ដល់​សមត្ថភាព​នៃ​តម្រងនោម​ក្នុងការ​កម្ចាត់​ជាតិពុល​ចេញពី​រាងកាយ​។ ថា​តើ​អ្នក​អាច​ដឹងបាន​ថា​ខ្លួនឯង​ទទួលទាន​ទឹកបាន​គ្រប់គ្រាន់​ឬ​នៅ​បែបណា​ទៅ​? ងាយ​ណាស់ ប្រសិនបើ​អ្នកទទួល​ទាន​ទឹកបាន​គ្រប់គ្រាន់​នោះ​ទឹកនោម​របស់​អ្នកនឹង​មាន​ពណ៌​លឿង​ស្រាល ហើយ​ទឹកនោម​ដែលមាន​ពណ៌​ដិត​ណាមួយ​នោះ​អាចជា​រោគសញ្ញា​នៃ​បញ្ហា​ខូច​តម្រងនោម​។​
 
៩. ការទទួល​ទាន​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ Oxalate ច្រើន​
 
Oxalate ជា​សារធាតុ​ដែលមាន​សមត្ថ​ភាពរលាយ​ចូល ឬ​ភ្ជាប់​គ្នា​ខ្លាំង​។ ក្រួស​ក្នុង​តម្រងនោម​ភាគច្រើន​មាន​ផ្ទុក​សារធាតុ​កាល់ស្យូម Oxalate​។ ការកាត់បន្ថយ​ការទទួល​ទាន​អាហារ​មាន​ផ្ទុក​សារធាតុ Oxalate រួមមាន​សូកូឡា មើម​ឆៃថាវ មើមត្រាវ និង​ផលិតផល​សណ្តែក​ជាដើម គឺជា​វិធី​ដ៏​ងាយ​បំផុត​មួយ​ដើម្បី​ជៀសផុត​ពី​បញ្ហា​នៃ​ជំងឺ​ក្រួស​ក្នុង​តម្រងនោម​។ អ្នក​មិនចាំបាច់​ត្រូវ​ឈប់​ទទួលទាន​អាហារ​មាន​ផ្ទុក​សារធាតុ Oxalate ទាំងស្រុង​តែម្ដង​ឡើយ គ្រាន់តែ​ទទួលទាន​វា​ក្នុង​កម្រិត​មធ្យម​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com