COVID-19
សង្គមអន្តរជាតិ​
អន្តរជាតិ
ចលនា​យុវជន​ថៃ​ងើបឡើង​ជាថ្មី ទាមទារ​ឲ្យ​រដ្ឋាភិបាល ប្រា​យុទ្ធ ចុះចេញ និង​កែ​រដ្ឋធម្មនុញ្ញ​
24, Jul 2020 , 10:44 am        
រូបភាព
អ្នកខ្លះ លើក Ipad ដែលមានសរសេរសាររិះគន់ ឬការទាមទាររបស់ខ្លួន ហើយអ្នកខ្លះ លើកទូរសព្ទបើកពិលក្រវីទៅមក។ (Reuters)
អ្នកខ្លះ លើក Ipad ដែលមានសរសេរសាររិះគន់ ឬការទាមទាររបស់ខ្លួន ហើយអ្នកខ្លះ លើកទូរសព្ទបើកពិលក្រវីទៅមក។ (Reuters)
ដោយ:
​យុវជន​ថៃ​រាប់រយ​នាក់​បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ជាយក្រុង​បាងកក នៅ​យប់​ថ្ងៃទី​២៣ ខែកក្កដា ដោយ​តវ៉ា​ទាមទារ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា លាលែង និង​រំលាយ​សភា​ចោល​។  បាតុកម្ម​បែបនេះ កើតឡើង​មិន​ត្រឹមតែ​ក្នុង​ទីក្រុង​បាងកក​ប៉ុណ្ណោះ​ទេ តែ​ខេត្ត​ថៃ​ដទៃទៀត ក៏​មើលឃើញ​ការតវ៉ា​របស់​យុវជន​ដូចគ្នានេះដែរ​។ ទន្ទឹមនេះ ពួកគេ​ក៏មាន​ផែនការ​ប្រមូលគ្នា​ទៅ​តវ៉ា​នៅ​បាងកក​នា​ចុង​សប្តាហ៍​នេះ​ទៀត​។​

 
​បណ្ដាញ​និស្សិត​ថៃ​មួយក្រុម ហៅ​ខ្លួនឯង «​យុវជន​សេរី (Free Youth)» បាន​កៀងគរ​គ្នា នៅ​ជាយក្រុង បាងកក ទាំងយប់​ថ្ងៃទី​២៣ ខែ​ក​ក្កថា​។ ទោះជា​រង​ការព្រមាន​ពី​អាជ្ញាធរ​ថា ការធ្វើ​បាតុកម្ម​នេះ​ខុសច្បាប់​ព្រោះ​ល្មើស​បម្រាម COVID-19 ក្ដី គេ​មិនឃើញ​មាន​វត្តមាន​ប៉ូលិស​នៅក្បែរ​នោះឡើយ​។ 
 
​ក្នុង​បាតុកម្ម​នេះ ក្រុមយុវជន​ថៃ បានធ្វើ​សកម្ម​ភាពខុសៗ​គ្នា ដើម្បី​តំណាង​ឲ្យ​ការមិន​ពេញចិត្ត​ចំពោះ​រដ្ឋាភិបាល​។ អ្នកខ្លះ លើក Ipad ដែលមាន​សរសេរ​សារ​រិះគន់ ឬ​ការទាមទារ​ខ្លួន​ឡើងលើ ហើយ​អ្នកខ្លះ លើក​ទូរ​សព្ទ​បើក​ពិល​គ្រវី​ទៅមក​។ ចំណែក អ្នកខ្លះ លើក​ម្រាមដៃ​៣​ឡើងលើ ដែលជា​សញ្ញា​នៃ​ការធ្វើ​បាតុកម្ម​។​
 
«​យើង​មក​ទីនេះ​ដើម្បី​ទាមទារ​ឲ្យ​បង្កើត​រដ្ឋធម្មនុញ្ញ​ថ្មី ព្រោះ​រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន ពុំ​គាំទ្រ​សេរីភាព​និង​សិទ្ធិ​របស់​យើង​ឡើយ​។ វា​បន្ត​មកពី​ការធ្វើ​រដ្ឋប្រហារ​យោធា​ក្នុង​ឆ្នាំ​២០១៤»​។ និស្សិត​ជា​បាតុករ​ម្នាក់ ឈ្មោះ Thanachai Aurlucha អាយុ ២៥ ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters បែបនេះ​។ 
 
​និស្សិត​ស្រី​ថៃ​ម្នាក់ទៀត ឈ្មោះថា Fufu អាយុ ២២ ឆ្នាំ និយាយថា រដ្ឋាភិបាល​ទទួល​បរា​ជ័យ​ក្នុង​ការជំរុញ​សេដ្ឋកិច្ច​។ នាង​បន្តថា​៖«​យើង​ជិត​បញ្ចប់​ការសិក្សា​ហើយ តែ​យើង​អត់​ដឹងថា យើង​នឹង​ធ្វើការ​អ្វី​ដើម្បី​ចិញ្ចឹមជីវិត​យើង​ឡើយ​។ ប្រសិនបើ​ខ្ញុំ​មិន​ចេញ​ធ្វើបាតុកម្ម​ថ្ងៃនេះ​ទេ អនាគត​ខ្ញុំ​មិនដឹង​នៅទីណា​នោះទេ​»​។ 
 
​បាតុករ​ម្នាក់ទៀត ហៅ​ខ្លួនឯង​ថា Ron អាយុ ៣៩​ឆ្នាំ បាន​អះអាង​ដូច្នេះ​ថា​៖«​ខ្ញុំ​ចង់បាន​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​ក្នុងប្រទេស​ថៃ​»​។ បើតាម Reuters អ្នក​ទាំងពីរ​នេះ បដិសេធ​ប្រើ​ឈ្មោះ​ពិតប្រាកដ​។ 
 
​បាតុកម្ម​បែបនេះ មិនកើត​ឡើង​តែ​ក្នុង​ទីក្រុង បាងកក ប៉ុណ្ណោះ​ទេ ។ វា​ក៏បាន​ផ្ទុះឡើង​ផងដែរ​ក្នុង​ខេត្ត​ថៃ​ចំនួន​៤​ផ្សេងទៀត ដូចជា Ayutthaya, Khon Kaen, Sakon Nakhon និង Pattani ។ យុវជន​ថៃ ក៏​កំពុង​រៀបចំ​ប្រមូល​ផ្ដុំគ្នា​ធ្វើការ​តវ៉ា​ក្នុង​ទីក្រុង​បាងកក និង​ខេត្ត​ដទៃទៀត​នា​ចុង​សប្តាហ៍​ខាងមុខ​ផងដែរ​។ 


 ចំណែក អ្នកខ្លះ លើកម្រាមដៃ៣ឡើងលើ ដែលជាសញ្ញានៃការធ្វើបាតុកម្ម (Reuters)

​មែនទែនទៅ បាតុកម្ម​ទាំងនេះ កើតឡើង​ក្រោយ​ផ្ទុះ​បាតុកម្ម​មួយ​ក្នុង​ទីក្រុង បាងកក កាលពី​ចុង​សប្តាហ៍​មុន ដោយមាន​មនុស្ស​ចូលរួម ២៥០០ នាក់ ហើយ​នេះ​គឺជា​ការចេញ​តវ៉ា​តាម​ដង​ផ្លូវធំ​បំផុត​មួយ ចាប់តាំងពី​មាន​រដ្ឋប្រហារ​ឆ្នាំ​២០១៤​មក ដែល​ទម្លាក់​រដ្ឋាភិបាល​ស្របច្បាប់​ថៃ​។ 
 
​នៅ​បាតុកម្ម​នេះ ក្រុមអ្នកតវ៉ា ភាគច្រើន​ជា យុវជន បានទាមទារ​ឲ្យ​រដ្ឋាភិបាល​លោក ប្រា​យុទ្ធ រំលាយ​សភា​ចោល និង​បញ្ឈប់​ការ​បៀតបៀន​លើ​អ្នក​រិះគន់ ។​
 
​បច្ចុប្បន្ន រដ្ឋាភិបាល លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា ត្រូវបាន​មើលឃើញ កំពុង​រង្គោះរង្គើ​ខ្លាំង ដ្បិត​សមាជិក​គណៈរដ្ឋមន្ត្រី​លោក​បាន​លាលែង​ពី​តំណែង​ជា​បន្តបន្ទាប់​។ គិត​ត្រឹម​ថ្ងៃទី​២១ ខែកក្កដា រដ្ឋមន្ត្រី​សរុប​៦​នាក់​ហើយ​បាន​ដើរចេញ​។ 
 
​ការចាកចេញ​របស់​ស​មា​ជិ​ក​រដ្ឋាភិបាល​ថៃ​នេះដែរ កើតឡើង​ស្រប​ពេលដែល​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ ប្រឈម​បញ្ហា​សេដ្ឋកិច្ច​ដោយ​បង្កឡើង​ដោយសារ​ជំងឺ​រាតត្បាត​សកល COVID-19 ។ ទាក់ទិន​បញ្ហា​នេះ ធនាគារកណ្ដាល​ថៃ បាន​អះអាងថា កំណើនសេដ្ឋកិច្ច​ថៃ អាច​ធ្លាក់ចុះ ៨,១ ភាគរយ​ក្នុងឆ្នាំនេះ ៕

Tag:
 ថៃ​
  បាតុកម្ម​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា
© រក្សាសិទ្ធិដោយ thmeythmey.com