អន្តរជាតិ
សងសឹក​វិញ​! ចិន បញ្ជា​ឲ្យ​បិទ​កុងស៊ុល​អាមេរិក​ប្រចាំ​ទីក្រុង​ឆឹង​ទូ ខេត្ត​ស៊ី​ឈ័ន​
24, Jul 2020 , 11:20 am        
រូបភាព
កុងស៊ុលអាមេរិកប្រចាំទីក្រុងឆឹងទូ ខេត្តស៊ីឈ័ន ។ រូបភាព AFP
កុងស៊ុលអាមេរិកប្រចាំទីក្រុងឆឹងទូ ខេត្តស៊ីឈ័ន ។ រូបភាព AFP
​ចិន បាន​បញ្ជា​ឲ្យ​អាមេរិក​បិទ​ស្ថាន​កុងស៊ុល​របស់ខ្លួន​នៅ​ទីក្រុង​ឆឹង​ទូ ក្នុង​ខេត្ត​ស៊ី​ឈ័ន​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃទី​២៤ ខែកក្កដា​។ នេះ​ជា​វិធានការ​របស់​ចិន​ដើម្បី​តបត​នឹង​អាមេរិក​ដែល​បញ្ជា​ឲ្យ​បិទ​កុងស៊ុល​ខ្លួន​ប្រចាំ​ទីក្រុង Houston រដ្ឋ Texas ។​


​អាមេរិក បាន​ប្រាប់​ឲ្យ​ចិន​បិទ​កុងស៊ុល​នៅ Houston កាលពី​ថ្ងៃទី​២១ ខែកក្កដា​កន្លងទៅ ដោយ​អះអាងថា ដើម្បី​ការពារ​កម្មសិទ្ធិបញ្ញា និង​ឯកជន​ភាព​ប្រជាជន​អាមេរិក​។ ក្រោយមក មន្ត្រី​អាមេរិក​បញ្ជាក់ថា កុងស៊ុល​ចិន នេះ​ជា​មជ្ឈមណ្ឌល​កណ្ដាល​ដែល​ចិន​ប្រើប្រាស់​ដើម្បី​លួច​ការសម្ងាត់ និង​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​អាមេរិក​រាប់សិប​ឆ្នាំ​មកហើយ​។ 
 
​កន្លងទៅ ក្រោយ​អាមេរិក បញ្ជា​ឲ្យ​បិទ​កុងស៊ុល​នៅ Houston គេ​ឃើញ​មានការ​លើកឡើង​ជាច្រើន​ថា​ចិន​អាច​បិទ​កុងស៊ុល​ណាមួយ​របស់​អាមេរិក​វិញ ក្នុងនោះ​កុងស៊ុល​នៅ​វូ​ហាន ខេត្ត​ហ៊ូ​ប៊ី ត្រូវបាន​គិតថា ជា​មុខសញ្ញា ព្រោះ​អាមេរិក​បាន​បិទ​កុងស៊ុល​នេះ​ក្រោយ​ផ្ទុះ​ជំងឺ COVID-19 ។ 
 
​ក្រសួងការបរទេស​ចិន​បញ្ជាក់ថា ការលុបចោល​ការអនុញ្ញាត​ឲ្យ​បើក​កុងស៊ុល​នេះ ជាការ​ឆ្លើយតប​ស្របច្បាប់ និង​ចាំបាច់​ទៅនឹង​សកម្មភាព​មិនមាន​ហេតុផល​របស់​អាមេរិក​។ អាមេរិកមានពេល៧២ម៉ោងដើម្បីរើឥវ៉ាន់ចេញពីកុងស៊ុលមួយនេះ។ 

ក្រៅពីឆឹងទូ អាមេរិកក៏មានកុងស៊ុលនៅគ័ងចូវ និងហុងកុងផងដែរ៕
 
 

Tag:
 ចិន​
  អាមេរិក​
  កុងស៊ុល
© រក្សាសិទ្ធិដោយ thmeythmey.com