COVID-19
អន្តរជាតិ
COVID-19៖ កាលីហ្វ័រ​នីញ៉ា និង​ញូវយ៉ក កំពុង​រងគ្រោះ​ធ្ងន់​ជាងគេ​នៅ​អាមេរិក
24, Jul 2020 , 12:19 pm        
រូបភាព
រូបភាព៖​ Reuters
រូបភាព៖​ Reuters
​តួលេខ​ករណី​ឆ្លង​COVID-19 សរុប​នៅ​អាមេរិក គិត​ត្រឹម​ថ្ងៃទី​២៣ ខែកក្កដា បាន​កើន​ដល់​ជាង ៤​លាន​ករណី ខណៈ​អ្នក​ស្លាប់មាន​ចំនួន​ជាង ១៤​ម៉ឺន​នាក់​។ នេះ​បើតាម​តួលេខ​របស់​វេ​ប​សាយ Worldometer​។ រដ្ឋ​កាលីហ្វ័រ​នីញ៉ា និង​រដ្ឋ​ញូវយ៉ក ក្លាយជា​រដ្ឋ​មាន​ករណី COVID-19 ឈរ​នៅ​ជួរមុខ​គេ ខណៈ​រដ្ឋ​ផ្លរីដា និង​រដ្ឋ​តិច​សាស់ ត្រូវគេ​រំពឹងថា នឹងមាន​ករណី​ឆ្លង​កាន់តែច្រើន​ដែរ​។


​ក្នុងចំណោម​រដ្ឋ​ទាំងអស់​របស់​អាមេរិក រដ្ឋ​ញូវយ៉ក នៅតែមាន​ករណី​ឆ្លង​កូ​រ៉ូ​ណា​វីរុស​ច្រើនជាងគេ ពោល​គឺមាន​ចំនួន​៤៣៧៥២៩​ករណី ដែល​តាម​ពីក្រោយ​ដោយ រដ្ឋ​California មាន ៤៣២៣៤៥​ករណី​, រដ្ឋ Florida មាន​៣៨៩៨៦៨​ករណី​, រដ្ឋ​Texas មាន​៣៧៧៣៩៦​ករណី និង​រដ្ឋ​ផ្សេងទៀត​។ នេះ​បើតាម​ការ​ស្រង់​ទិន្នន័យ​របស់​វេ​ប​សាយ Worldometers​។ 
 
​ប៉ុន្តែ​ក្នុងពេល​ឆាប់ៗ​ខាងមុខ រដ្ឋ​California, រដ្ឋ Florida, រដ្ឋ Texas ត្រូវបាន​គេ​រំពឹងថា នឹងមាន​ករណី​ឆ្លង​ច្រើនជាង រដ្ឋ​ញូវយ៉ក​ទៅទៀត ព្រោះ​រដ្ឋ​ទាំងបី​នេះ មាន​ករណី​ឆ្លង​ក្នុង​មួយថ្ងៃ​មាន​ជាង ១​ម៉ឺន​ករណី និង​ជិត​មួយ​ម៉ឺន​ករណី​ឯណោះ​។ ចំណែក​រដ្ឋ​ផ្សេងទៀត​របស់​អាមេរិក គឺមាន​ករណី​ឆ្លង​ចាប់ពី​១​ពាន់ ទៅ​៤​ពាន់​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ​។ 
 
​មកទល់ពេលនេះ អាមេរិក​នៅតែ​ឈរលើ​កំពូល​តារាង​នៃ​បណ្តា​ប្រទេស​មាន​កូ​រ៉ូ​ណាវី​រ៉ុ​ស​ទាំងអស់​។ ជា​មធ្យម​ក្នុង​មួយ​ម៉ោង អាមេរិក បាន​រាយការណ៍​ពី​ករណី​ឆ្លង​COVID-19 ចំនួន​២៦០០​ករណី​។ នៅក្នុង​ថ្ងៃទី​២៣ ខែកក្កដា អាមេរិក​បានប្រកាសរ​ក​ឃើញ​ករណី​ឆ្លង​កូ​រ៉ូ​ណាវី​រុស​ថ្មី​ចំនួន ៦៩១១៦​ករណី និង​មាន​អ្នកស្លាប់​ចំនួន ១១៥០​នាក់​។ ចំនួន​នេះ គឺ​ថយ​បន្តិច បើ​ធៀប​នឹង​ថ្ងៃទី​២២ ខែកក្កដា ដែលមាន​ករណី​ឆ្លង​រហូតដល់ ៧១៩៦៧​ករណី និង​អ្នកស្លាប់​ចំនួន ១២០៥​នាក់​។ 
 
​តួលេខ​សរុប​COVID-19 នៅ​អាមេរិក មាន​ចំនួន ៤១៦៩៩៩១​ករណី អ្នកស្លាប់​មាន​ចំនួន ១៤៧៣៣៣​នាក់​។ ចំណែក​អ្នកជា​សះស្បើយ​មាន​ចំនួន ១៩៧៩៦១៧​នាក់​។ 
 
​ដោយសារ​តែមាន​ករណី​ឆ្លង​COVID-19 ច្រើនពេក​នៅក្នុង​ទឹកដី​អាមេរិក សូម្បីតែ​ប្រធានាធិបតី លោក ដូ​ណា​ល់ ត្រាំ ដែល​កន្លងមក ដែល​បដិសេធ​មិន​ពាក់​ម៉ាស និង​បដិសេធ​វិធានការ​ចាប់បង្ខំ​ឲ្យ​ពាក់​ម៉ាស់​ជា​សាធារណៈ​នោះ ក៏បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​អាមេរិក​ទាំងអស់​ពាក់​ម៉ាស់​ដែរ នៅពេលដែល​មិនអាច​រក្សា​គម្លាត​សុវត្ថិភាព​បាន ដើម្បី​បង្ការ​ការ​រាតត្បាត COVID-19​។ 
 
​សូមបញ្ជាក់ថា នាពេល​កន្លងមក លោក​វេជ្ជបណ្ឌិត Anthony Fauci អ្នកជំនាញ​ជំងឺឆ្លង​នៅ​អាមេរិក បាន​ព្រមាន​ថា ករណី​ឆ្លង​COVID-19 ក្នុង​មួយថ្ងៃ​នៅ​អាមេរិក អាច​នឹង​ហក់​ឡើងដល់ ១០​ម៉ឺន​ករណី ដោយសារតែ​ការបើក​តំបន់​ឆាប់​ពេក ចំណាត់ការ​របស់​រដ្ឋ​នីមួយៗ​មិន​ស៊ីសង្វាក់​គ្នា និង​ការមិន​ចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋ​ដូចជា​មិន​ពាក់​ម៉ាស់ ឬ​រក្សា​គម្លាត​សុវត្ថិភាព​ជាដើម​៕ 

Tag:
 អាមេរិក​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com