ជាតិ
ផលិតផល «​ពង​ទា​កូន​ស្រែ​រនោង​» នាំ​ឲ្យ​នាយករដ្ឋមន្ត្រី​ចាត់ទុក​តាកែវ​ជា​ខេត្ត​នៃ​អធិរាជ​ពង​ទា​កូន​
24, Jul 2020 , 12:00 pm        
រូបភាព
ផលិតផលពងទាកូនស្រែរនោង។ ប្រភពហ្វេសប៊ុក ពងទាកូនស្រែរនោង ខេត្តតាកែវ
ផលិតផលពងទាកូនស្រែរនោង។ ប្រភពហ្វេសប៊ុក ពងទាកូនស្រែរនោង ខេត្តតាកែវ
ដោយ:
​ពង​ទា​កូន​ស្រែ​រនោង ក៏​ជា​ផលិតផល​កសិកម្ម​រប​ស់​ខេត្តតាកែវ មាន​ភាពល្បីល្បាញ​ទូទាំងប្រទេស​។ បើតាម​លោក​អភិបាលខេត្ត អ៊ូច ភា ផលិតផល​សម្គាល់​ភូមិសាស្ត្រ​ដែល​ចេញពី​ឃុំ​ស្រែ​រនោង​នេះហើយ ដែល​នាំ​ឲ្យ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុក​ខេត្តតាកែវ​ជា «​ខេត្ត​នៃ​អធិរាជ​ពង​ទា​កូន​»​។​

 
​ផលិតឡើង​ដោយ​សហគមន៍​កសិករ នៅ​ឃុំ​ស្រែ​រនោង ស្រុក​ត្រាំកក់ ខេត្តតាកែវ ជាមួយនឹង​ការយកចិត្តទុកដាក់ និង​ប្រើប្រាស់​បច្ចេកទេស​ចិញ្ចឹម និង​ថែទាំ​តាម​ធម្មជាតិ ពង​ទា​កូន​ស្រែ​រនោង កំពុង​ផ្គត់ផ្គង់​លើ​ទីផ្សារ​ទូទាំងប្រទេស​។ 
 
​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​វឌ្ឍនភាព និង​ទិសដៅ​ការងារ​របស់​ខេត្តតាកែវ កាលពី​ថ្ងៃទី​២៣ ខែកក្កដា លោក អ៊ូច ភា បាន​អះអាងថា ផលិតផល​សហគមន៍​ពង​ទា​ស្រែ​រនោង ចូលរួម​បង្កើត​ការងារ និង​លើកកម្ពស់​កម្រិតជីវភាព​កសិករ នៅក្នុង​ឃុំ​ស្រែ​រនោង​កាន់តែ​ធូរធារ​។ បើតាម​លោក​អភិបាលខេត្ត ពង​ទា​កូន​ស្រែ​រនោង ក៏​ជា​ទិសដៅ​ម្ហូបអាហារ​សម្រាប់​ភ្ញៀវទេសចរ​ផងដែរ​។​
 
​តាម​របាយការណ៍​រដ្ឋ​បាល​ខេត្តតាកែវ ខេត្ត​ទាំងមូល​ចិញ្ចឹម​ទា​សរុប​ជាង​១.៦​លាន​ក្បាល ក្នុងនោះ មានការ​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ និង​កសិដ្ឋាន​១៧២​កន្លែង និង​កន្លែង​ភ្ញាស់ពងទា​៧២​កន្លែង​។​


លោក អ៊ូច ភា អភិបាល​ខេត្ត​តាកែវ នាសន្និសីទសារព័ត៌មាន​នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី​២៣ ខែកក្កដា។ ថតដោយ ប៉ាន់ បូនី
 
​លោក ញិ​ប ស្រ៊ន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ ខេត្តតាកែវ ក៏បាន​បញ្ជាក់​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​ផងដែរ​ថា ទា​នៅ​សហគមន៍​ស្រែ​រនោង ផលិត​១​ថ្ងៃ​បាន​ជាង​៥០​ម៉ឺន​ពង ដែល​ធ្វើជា​ពង​ទាប្រៃ ពង​ទា​សាប ក៏ដូចជា​ផលិត​ឲ្យ​ភ្ញាស់​ចេញ​ជា​ពង​ទា​កូន​ផងដែរ​។​
 
​ប្រធាន​មន្ទីរ​កសិកម្ម បាន​អះអាងថា ផលិតផល​ពង​ទា​ពី​ស្រែ​រនោង បាន​ផ្គត់ផ្គង់​នៅ​ទីផ្សារ​ក្នុង​ខេត្ត ក៏ដូចជា​នាំចេញ​ទៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​ផងដែរ​។ «​អ្នកទិញ​មិនចាំបាច់​ទៅដល់​កន្លែង​ឡើយ គ្រាន់តែ​បញ្ជា​ទិញ អ្នកលក់​អាច​វេច​ខ្ចប់​ផ្ញើ​ទៅបាន​»​។ នេះ​ជាការ​លើកឡើង​របស់លោក ញិ​ប ស្រ៊ន​។​
 
​ខេត្តតាកែវ បាន​ក្លាយជា​ទីតាំង​ប្រមូលផ្តុំ​នៃ​រោងចក្រ សហគ្រាស ឧស្សាហកម្ម​ផ្នែក​កមន្តសាល និង​សិប្បកម្ម ហើយក៏​ជា​គោលដៅ​និ​យោគ​ក្នុង​វិស័យ​ឧ​ស្សហកម្ម របស់​អ្នកវិនិយោគ​ជាតិ និង​អន្តរជាតិ​ដែរ​។ ជាមួយគ្នានេះ វិស័យ​កសិកម្ម​ខេត្តតាកែវ ក៏​ជាប់​ចំណាត់ថ្នាក់​លេខ​៣ នៅ​ទូទាំងប្រទេស​ផងដែរ​៕
 
 
 

Tag:
 ​ពង​ទា​កូន​
 ​កសិកម្ម​
 ​តាកែវ​
© រក្សាសិទ្ធិដោយ thmeythmey.com