កីឡាអន្តរជាតិ
អន្តរជាតិ
Tyson ឡើងសង្វៀនជាថ្មីដោយត្រូវប៉ះ Roy Jones ក្នុងខែកញ្ញា
× Mike Tyson អតីតម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោក វិលចូលសង្វៀនប្រដាល់វិញហើយ ដោយត្រូវប៉ះអតីតម្ចាស់ខ្សែក្រវាត់៤ស្ថាប័ន Roy Jones Jr. នាការប្រកួតដើម្បីសប្បុរសធម៌មួយនៅទឹកដីអាមេរិក។ ជំនួបនេះ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី១២ ខែកញ្ញា នៅទីក្រុង Los Angeles។
ជំនួបរវាង Tyson និង Roy Jones នេះ ត្រូវបានគណៈកម្មការរៀបចំកីឡាប្រដាល់នៃរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាចមេរិកសម្រេចឲ្យការប្រកួតនេះមានចំនួន ៨ទឹក និងចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ដោយមានការបង់ប្រាក់។
Tyson ដែលសព្វថ្ងៃឈានចូលដល់វ័យ ៥៤ ឆ្នាំ ធ្លាប់ទទួលបានការចាប់អារម្មណ៍ពីពិភពប្រដាល់កាលពីខែឧសភាពកន្លងទៅបន្ទាប់ពីរូបគាត់បោះពាក្យថា គ្រោងនឹងពាក់ស្រោមដៃប្រដាល់ឡើងវិញសម្រាប់យុទ្ធនាការសប្បុរសធម៌មួយដើម្បីរៃអង្គាសប្រាក់។ ខ្សែវីដេអូថ្មីបំផុតដែលបានបង្ហោះនោះ Tyson បានស្រែកខ្លាំងៗអំឡុងពេលហ្វឹកហាត់ដើម្បីបង្ហាញពីថាមពលដ៏សាហាវដែលមើលទៅគួរឲ្យខ្លាចបំផុត។
អតីតកីឡាករប្រដាល់សញ្ជាតិអាមេរិក បានក្លាយជាអ្នកប្រដាល់ទម្ងន់ធ្ងន់វ័យក្មេងដំបូងគេត្រឹមវ័យ២០ឆ្នាំ ដោយអាចក្តោបបានខ្សែក្រវាត់ពិភពលោក WBA, WBC និង IBF។ Tyson បង្ហាញខ្លួនលើសង្វៀនចុងក្រោយក្នុងអាជីពនៅឆ្នាំ ២០០៥ នៅពេលចាញ់កីឡាករអៀរឡង់ Kevin McBride ដោយសន្លប់ក្នុងទឹកទី ៦។
ប្រវត្តិប្រកួតចំនួន៥៨ដងរបស់ Mike Tyson គឺឈ្នះ៥០ដង ចាញ់៦ និងមិនមានការប្រកាសលទ្ធផលផ្លូវការ២លើក។
ចំណែកដៃគូ Tyson ដែលជាមិត្តរួមជាតិអាមេរិក Roy Jones សព្វថ្ងៃក៏បានប្រកាសចូលនិវត្តន៍ពីអាជីពកីឡាប្រដាល់នេះហើយដែរ។ អតីតម្ចាស់ខ្សែក្រវាត់ពិភពលោក៤ស្ថាប័នផ្សេងគ្នា វ័យ៥១ឆ្នាំរូបនេះបញ្ចប់អាជីពរបស់ខ្លួន ក្រោយផ្តួលកីឡាករ Scott Sigmon នាខែកុម្ភៈ ឆ្នាំ២០១៨។
Jones ដែលមានប្រវត្តិប្រកួត៧៥ដង ឈ្នះ៦៦ដង ចាញ់៩ដង ផ្តួលដៃគូឲ្យសន្លប់៤៧លើក ធ្លាប់ដណ្តើមបានខ្សែក្រវាត់ពិភពលោកលើប្រភេទទម្ងន់ Middleweight, Super-Middleweight, Light-Heavyweight និង Heavyweight អំឡុងពេលប្រកបអាជីពប្រដាល់នេះរយៈពេល៣០ឆ្នាំ៕
Tag:
Mike Tyson
Roy Jones Jr.
© រក្សាសិទ្ធិដោយ thmeythmey.com