ជាតិ
អ្នកផលិតវីដេអូ ឬភាពយន្តគ្រប់ប្រភេទ ត្រូវទៅសុំការអនុញ្ញាតពីក្រសួង មុនផ្សាយស្នាដៃរបស់ខ្លួន លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ (រូបពីហ្វេសប៊ុក Pok Borak)
× ភ្នំពេញ៖ រាល់ការផលិត ជាខ្សែភាពយន្តខ្នាតវែង ខ្នាតខ្លី ជាឈុតអប់រំខ្លី ជាភាពយន្តឯកសារ ជាវីដេអូគំនូរជីវចល និងជាចម្រៀងកាយវិកាខារាអូខេ ជាដើម ត្រូវទៅសុំការអនុញ្ញាតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ បើតាមការបញ្ជាក់របស់លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ការណ៍នេះគឺដើម្បីឱ្យក្រសួងអាច ត្រួតពិនិត្យ និងកែតម្រូវខ្លឹមសារមុនចេញផ្សាយ។
លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់សារព័ត៌មានថ្មីៗ ដោយផ្ដោតសំខាន់លើការផ្សាព្វផ្សាយតាមបណ្ដាញសង្គម។ លោកថា បុគ្គលគ្រប់រូបមានសិទ្ធិ ក្នុងការបង្កើតទំព័រហ្វេសប៊ុក ឬយូធូប (page facebook, Chanel Youtube)។ ប៉ុន្តែប្រសិនបើពួកគេ មានបំណងបង្ហោះវីដេអូរបស់ខ្លួន ក្នុងបណ្ដាញសង្គមទាំងនោះ ពួកគេត្រូវតែទៅសុំការអនុញ្ញាតពីក្រសួង។
លោក ប៉ុក បូរក្ស បន្តថា បុគ្គលដែលមានបំណងចង់ផលិតភាពយន្តខ្នាតវែង ឬខ្នាតខ្លី ឈុតអប់រំខ្លី ភាពយន្តឯកសារ វីដេអូគំនូរជីវចល និងចម្រៀងខារាអូខេ ជាដើម ត្រូវតែទៅចុះបញ្ជីបើកផលិតកម្ម តាមនិតិវិធីច្បាប់ជាមុនសិន។
ដោយឡែក ចំពោះការផលិតរឿង របស់ផលិតករភាពយន្តឯករាជ ឬក៏ផលិតករភាពយន្តវ័យក្មេង ពួកគេមិនចាំបាច់បង្កើតផលិតកម្មឡើយ។ ការលើកលែងនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានគោលបំណងចង់លើកកម្ពស់ និងជំរុញឱ្យយុវជនងាកមកស្រឡាញ់ និងចង់ផលិតភាពយន្តឱ្យបានកាន់តែច្រើន។
ទោះជាយ៉ាងណា ទាំងផលិតកម្ម និងផលិតករភាពយន្តឯករាជ រួមទាំងផលិតករភាពយន្តវ័យក្មេង មុននឹងចេញថត គឺត្រូវតែទៅស្នើសុំក្រសួងវប្បធម៌ ដើម្បីសុំថតលើមាតិកាណាមួយ បន្ទាប់មកត្រូវឆ្លងសេណារីយោ និងឆ្លងខ្លឹមសារ។ ក្រោយពីថតជាវីដេអូចប់ ផលិតករទាំងអស់ ត្រូវតែយកផលិតផលសម្រេចរបស់វីដេអូនោះ ទៅឆ្លងនៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈម្ដងទៀត។ នៅពេលដែលត្រួតពិនិត្យចប់សព្វគ្រប់ នោះក្រសួងនឹងផ្ដល់លិខិតអនុញ្ញាតឱ្យផ្សព្វផ្សាយ។
លោក ប៉ុក បូរក្ស បញ្ជាក់បន្ថែមដូច្នេះ៖«ដើម្បីឱ្យប្រាកដថា ខ្លឹមសារ និងរូបភាព របស់វីដេអូ ឬភាពយន្ត គ្រប់ប្រភេទ មិនប៉ះពាល់ដល់ សេចក្ដីថ្លៃថ្នូររបស់វប្បធម៌ជាតិ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តម្រូវឱ្យអ្នកនិពន្ធ ដែលមានបំណង ផ្សព្វផ្សាយវីដេអូរបស់ខ្លួន តាមបណ្ដាញសង្គមទាំងអស់ ត្រូវទៅសុំការអនុញ្ញាតពីក្រសួងសាមីជាមុនសិន។ ក្នុងករណីគាត់(ផលិតកម្ម ឬផលិតករ) មិនឆ្លងស្នាដៃរបស់គាត់ ហើយស្នាដៃនោះមានផលប៉ះពាល់ នោះគាត់នឹងទទួលខុសត្រូវចំពោះមុខច្បាប់។ ដូច្នេះក្នុងករណីនេះ យើងអាចនឹងប្ដឹងគាត់តាមច្បាប់»៕
Tag:
ចម្រៀង
សិល្បៈ
តន្ត្រី
ភាពយន្ត
ក្រសួងវប្បធម៌
វីដេអូ
ផលិត
ផលិតកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com