ជាតិ
អ្នក​ផលិត​វីដេអូ ឬ​ភាពយន្ត​គ្រប់​ប្រភេទ ត្រូវ​ទៅសុំ​ការអនុញ្ញាត​ពី​ក្រសួង មុន​ផ្សាយ​ស្នាដៃ​របស់ខ្លួន​
24, Jul 2020 , 9:29 pm        
រូបភាព
លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ (រូប​ពី​ហ្វេសប៊ុក Pok Borak)
លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ (រូប​ពី​ហ្វេសប៊ុក Pok Borak)
​ភ្នំពេញ​៖ រាល់​ការផលិត ជា​ខ្សែភាពយន្ត​ខ្នាត​វែង ខ្នាត​ខ្លី ជា​ឈុត​អប់រំ​ខ្លី ជា​ភាពយន្ត​ឯកសារ ជា​វីដេអូ​គំនូរជីវចល និង​ជា​ចម្រៀង​កាយវិកា​ខា​រា​អូ​ខេ ជាដើម ត្រូវ​ទៅសុំ​ការអនុញ្ញាត​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។ បើតាម​ការបញ្ជា​ក់រប​ស់លោក ប៉ុក បូរ​ក្ស ប្រធាន​នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ការណ៍​នេះ​គឺ​ដើម្បីឱ្យ​ក្រសួង​អាច ត្រួតពិនិត្យ និង​កែតម្រូវ​ខ្លឹមសារ​មុន​ចេញផ្សាយ​។


​លោក ប៉ុក បូរ​ក្ស ប្រធាន​នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ ដោយ​ផ្ដោត​សំខាន់​លើ​ការ​ផ្សា​ព្វ​ផ្សាយ​តាម​បណ្ដាញ​សង្គម​។ លោក​ថា បុគ្គល​គ្រប់រូប​មាន​សិទ្ធិ ក្នុងការ​បង្កើត​ទំព័រ​ហ្វេ​ស​ប៊ុ​ក ឬ​យូ​ធូប (page facebook, Chanel Youtube)​។ ប៉ុន្តែ​ប្រសិនបើ​ពួកគេ មានបំណង​បង្ហោះ​វីដេអូ​របស់ខ្លួន ក្នុង​បណ្ដាញ​សង្គម​ទាំងនោះ ពួកគេ​ត្រូវតែ​ទៅសុំ​ការអនុញ្ញាត​ពី​ក្រសួង​។  
 
​លោក ប៉ុក បូរ​ក្ស បន្តថា បុគ្គល​ដែលមាន​បំណង​ចង់​ផលិត​ភាពយន្ត​ខ្នាត​វែង ឬ​ខ្នាត​ខ្លី ឈុត​អប់រំ​ខ្លី ភាពយន្ត​ឯកសារ វីដេអូ​គំនូរជីវចល និង​ចម្រៀង​ខា​រា​អូ​ខេ ជាដើម ត្រូវតែទៅ​ចុះបញ្ជី​បើក​ផលិតកម្ម តាម​និតិ​វិធី​ច្បាប់​ជាមុនសិន​។ 
 
​ដោយឡែក ចំពោះ​ការផលិត​រឿង របស់​ផលិតករ​ភាពយន្ត​ឯករាជ ឬក៏​ផលិតករ​ភាពយន្ត​វ័យក្មេង ពួកគេ​មិនចាំបាច់​បង្កើត​ផលិតកម្ម​ឡើយ​។ ការលើកលែង​នេះ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ មាន​គោលបំណង​ចង់​លើកកម្ពស់ និង​ជំរុញ​ឱ្យ​យុវជន​ងាក​មក​ស្រឡាញ់ និង​ចង់​ផលិតភាព​យន្ត​ឱ្យបាន​កាន់តែច្រើន​។​
 
​ទោះជា​យ៉ាងណា ទាំង​ផលិតកម្ម និង​ផលិតករ​ភាពយន្ត​ឯករាជ រួមទាំង​ផលិតករ​ភាពយន្ត​វ័យក្មេង មុននឹង​ចេញ​ថត គឺ​ត្រូវតែទៅ​ស្នើសុំ​ក្រសួង​វប្បធម៌ ដើម្បី​សុំ​ថត​លើ​មាតិកា​ណាមួយ បន្ទាប់មក​ត្រូវ​ឆ្លង​សេណារីយោ និង​ឆ្លង​ខ្លឹមសារ​។ ក្រោយពី​ថត​ជា​វីដេអូ​ចប់ ផលិតករ​ទាំងអស់ ត្រូវតែ​យក​ផលិតផល​សម្រេច​របស់​វីដេអូ​នោះ ទៅ​ឆ្លង​នៅ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ម្ដងទៀត​។ នៅពេលដែល​ត្រួតពិនិត្យ​ចប់សព្វគ្រប់ នោះ​ក្រសួង​នឹង​ផ្ដល់​លិខិត​អនុញ្ញាតឱ្យ​ផ្សព្វផ្សាយ​។​
 
​លោក ប៉ុក បូរ​ក្ស បញ្ជាក់បន្ថែម​ដូច្នេះ​៖«​ដើម្បីឱ្យ​ប្រាកដថា ខ្លឹមសារ និង​រូបភាព របស់​វីដេអូ ឬ​ភាពយន្ត គ្រប់​ប្រភេទ មិន​ប៉ះពាល់​ដល់ សេចក្ដីថ្លៃថ្នូរ​របស់​វ​ប្ប​ធម៌​ជាតិ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ តម្រូវឱ្យ​អ្នកនិពន្ធ ដែលមាន​បំណង ផ្សព្វផ្សាយ​វីដេអូ​របស់ខ្លួន តាម​បណ្ដាញ​សង្គម​ទាំងអស់ ត្រូវ​ទៅសុំ​ការអនុញ្ញាត​ពី​ក្រសួងសាមី​ជាមុនសិន​។ ក្នុងករណី​គាត់​(​ផលិតកម្ម ឬ​ផលិតករ​) មិន​ឆ្លង​ស្នាដៃ​របស់គាត់ ហើយ​ស្នាដៃ​នោះ​មាន​ផលប៉ះពាល់ នោះ​គាត់​នឹង​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​។ ដូច្នេះ​ក្នុងករណីនេះ យើង​អាចនឹងប្ដឹង​គាត់​តាមច្បាប់​»៕
 

Tag:
 ចម្រៀង​
  សិល្បៈ​
  តន្ត្រី​
  ភាពយន្ត​
  ក្រសួង​វប្បធម៌​
  វីដេអូ​
  ផលិត​
  ផលិតកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com