ជាតិ
សង្គមជាតិ
ក្រសួងទេសចរណ៍ព្រមានបិទ KTV បន្ថែមទៀតដែលលួចបន្តអាជីវកម្ម ម្ចាស់អាជីវកម្មKTV ស្ថិតនៅខេត្តសៀមរាប ដែលត្រូវបានអាជ្ញាធរផ្អាកអាជីវកម្មដោយសារផ្ទុយពីការណែនាំរបស់រាជរដ្ឋាភិបាលនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ រូបភាពពីមន្ទីរទេសចរណ៍ខេត្តសៀមរាប
×
ភ្នំពេញ៖ ក្រសួងទេសចរណ៍បានព្រមានទៅម្ចាស់ KTV ណាដែលលួចបើកសេវាកម្មច្រៀង ដែលផ្ទុយពីការណែនាំរបស់រាជរដ្ឋាភិបាល។ ក្រសួងនឹងឲ្យអាជ្ញាធរគ្រប់មូលដ្ឋានចុះទៅណែនាំ និងឈានដល់ការផ្អាកអាជីវកម្មបណ្តោះអាសន្ន។
លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍បានបញ្ជាក់ថា ក្រសួងទេសចរណ៍ នៅតែសង្កេតឃើញថាមានម្ចាស់អាជីកម្ម KTVខ្លះបានបន្តបើកសេវាកម្មរបស់ខ្លួន ដោយពុំមានការអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការការពាររបស់ក្រសួងសុខាភិបាលឡើយ។ ជាក់ស្តែងកន្លងមកក្រសួងក៏បានផ្អាកអាជីវកម្ម KTVចំនួន៣ទីតាំងដែលស្ថិតនៅក្នុងខេត្តសៀមរាប និងបានចុះណែនាំដល់ម្ចាស់អាជីវកម្មមួយចំនួនទៀតឲ្យបញ្ឈប់សេវាកម្មរបស់ខ្លួន។
ដើម្បីរារាំងកុំឲ្យម្ចាស់អាជីកម្មដទៃបន្តបើកដូច្នេះទៀត ក្រសួងបានបង្គាប់ឲ្យអាជ្ញាធរចុះត្រួតពិនិត្យទៅតាមគោលដៅក្នុងខេត្តរៀងៗខ្លួន។ លោក តុប សុភ័ក បាននិយាយដូច្នេះថា៖«សម្រាប់អាជីវកម្មដែលហ៊ានលួចបើកអាជីវកម្ម អាជ្ញាធរដែនដីនឹងមានសិទ្ធិចុះទៅបិទអាជីវកម្មនោះ។ ហើយបើគាត់នៅរឹងទទឹងបើកទៀត អាជ្ញាធរនឹងចាត់ទៅតាមនីតិវិធីច្បាប់»។
បើតាមលោក តុប សុភ័ក សម្រាប់ម្ចាស់អាជីវកម្មដែលមិនមានលទ្ធភាពបើកអាជីវកម្មដោយកែប្រែទៅជាភោជនីយដ្ឋាននោះ ក្រសួងស្នើឲ្យម្ចាស់អាជីវកម្មនោះរងចាំបើកអាជីវកម្មនៅពេលដែលរាជរដ្ឋាភិបាលអនុញ្ញាតឲ្យបើកដំណើរឡើងវិញ។
លោក តុប សុភ័ក មិនទាន់អាចបញ្ជាក់ថា មានចំនួនម្ចាស់ KTVប៉ុន្មានដែលបន្តលួចបើកសេវាកម្មរបស់ខ្លួន។ លោកគ្រាន់តែបញ្ជាក់ថា ក្រសួងនឹងសហការជាមួយនឹងអាជ្ញាធរគ្រប់តំបន់បន្តវិធានការចុះត្រួតពិនិត្យ និងណែនាំទៅម្ចាស់អាជីវកម្មឲ្យគោរពតាមគោលការណ៍របស់រាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា រដ្ឋាភិបាលក៏បានសម្រេចឱ្យបើកកាស៊ីណូ ដែលមានតែល្បែងភ្នាល់ និងស្លតម៉ាស៊ីនប៉ុណ្ណោះ។ ចំណែកសាលារៀនវិញរដ្ឋាភិបាល ក៏អនុញ្ញាតឱ្យដំណើរការឡើងវិញចំពោះសាលាឯកជនចំនួន២០នៅខែសីហា ប៉ុន្តែត្រូវអនុវត្តជាដំណាក់កាល៕
© រក្សាសិទ្ធិដោយ thmeythmey.com