COVID-19
អន្តរជាតិ
អ្នកស្លាប់​ដោយសារ COVID-19​នៅ​ឥណ្ឌា កើន​លើស​៣​ម៉ឺន​នាក់​
24, Jul 2020 , 4:21 pm        
រូបភាព
មន្ត្រីសុខាភិបាលឥណ្ឌា ពិនិត្យកម្តៅប្រជាជន ក្នុងទីក្រុង ម៉ុមប៉ៃ  នៅថ្ងៃទី៤ ខែកក្កដា (AFP)
មន្ត្រីសុខាភិបាលឥណ្ឌា ពិនិត្យកម្តៅប្រជាជន ក្នុងទីក្រុង ម៉ុមប៉ៃ នៅថ្ងៃទី៤ ខែកក្កដា (AFP)
ដោយ:
​ករណី​ស្លាប់​ដោយសារ​ជំងឺ​រាតត្បាត​សកល COVID-19 ក្នុងប្រទេស​ឥណ្ឌា បាន​កើន​លើស​ប្រទេស​បារាំង​ហើយ នៅ​ថ្ងៃទី ២៤ ខែកក្កដា ដោយ​ទិន្នន័យ​ផ្លូវការ បង្ហាញថា មនុស្ស​សរុប​រហូតដល់ ៣០ ៦០១​នាក់ បាន​ស្លាប់​ពី​ជំងឺ​នេះ​។  បច្ចុប្បន្ន បារាំង​មាន​ករណី​ស្លាប់​ដោយសារ COVID-19 សរុប ៣០១៨២​នាក់​។

 
​ក្នុងពេល​២៤​ម៉ោង ប្រទេស ឥណ្ឌា បាន​រាយការណ៍​ករណី​ស្លាប់​ដោយសារ COVID-19 ថ្មី​ចំនួន ៧៤០​នាក់ ហើយ​ករណី​ឆ្លង​ថ្មី​ជិត​៥​ម៉ឺន​នាក់​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងសុខាភិបាល​ឥណ្ឌា ដែល​ដកស្រង់​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP​។ 
 
​ឥណ្ឌា​ជា​ប្រទេស​ដែលមាន​ករណី​ស្លាប់​ដោយសារ COVID-19 ច្រើន​បំផុត​លំដាប់​ទី​៦ ដោយ​តាម​ពីក្រោយ សហរដ្ឋអាមេរិក​ដែលមាន​ជាង​១៤,៦​ម៉ឺន​នាក់​, ប្រេ​ស៊ី​ល​មាន​ជាង​៨,៤​ម៉ឺន​នាក់​, ចក្រភព​អង់គ្លេស​មាន​ជាង​៤,៥​ម៉ឺន​នាក់​, ម៊ិ​ក​ស៊ិ​កមាន​ជាង​៤,១​ម៉ឺន​នាក់ និង​អ៊ីតាលី​មាន​ជាង​៣,៥​ម៉ឺន​នាក់ ។  ម្យ៉ាងទៀត ឥណ្ឌា ក៏​ជា​ប្រទេស​មាន​ករណី​ឆ្លង​ច្រើន​បំផុត​លំដាប់​ទី​៣ ជាមួយ​តួលេខ ១,៣​លាន​ករណី​។ 
 
​ទោះជា​បែបនេះ​ក្តី អ្នកជំនាញ​ជាច្រើន អះអាងថា ខណៈ​ការធ្វើ​តេស្ត COVID-19 មាន​កម្រិត​ទាប តួលេខ​ឆ្លង​ពិតប្រាកដ​ក្នុងប្រទេស​ដែលមាន​ប្រជាជន​ច្រើន​បំផុត​លំដាប់​ទី​២​របស់​ពិភពលោក​នេះ ប្រហែលជា​អាក្រក់​ខ្លាំង​ជាង​អ្វីដែល​បាន​រាយការណ៍​។​
 
​ការសិក្សា​មួយ​របស់​រដ្ឋាភិបាល​ឥណ្ឌា​ដែល​ចេញ​ក្នុង​សប្ដាហ៍​នេះ បាន​បង្ហាញថា ជិត​១​ភាគ​៤​នៃ​ប្រជាជន​រស់នៅក្នុង​ទីក្រុង​ញូ​វ​ដេលី​ដែលមាន​ជិត​៣០​លាន​នាក់ មាន​ផ្ទុក​ជំងឺ COVID-19 ។ តួលេខ​នេះ គឺមាន​ជិត​៤០​ដង​លើស​តួលេខ​រាយការណ៍​ផ្លូវការ​។ 
 
​រដ្ឋាភិបាល​នាយករដ្ឋមន្ត្រី នា​រិ​ន្ទ្រា ម៉ូ​ឌី បានដាក់​សម្រេច​បិទ​ប្រទេស​នៅ​ចុងខែ​មីនា តែ​ចាប់ផ្ដើម​បន្ធូរបន្ថយ​វិធានការ​នេះ​វិញ ក្នុង​គោលដៅ​ជួយ​សេដ្ឋកិច្ច​ដែល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារ​ជំងឺ COVID-19 ។ យ៉ាងណាមិញ រដ្ឋ​ជាច្រើន​ក្នុងប្រទេស​នេះ បាន​ផ្ដើម​ដាក់​ចំណាត់ការ​ទប់ស្កាត់ COVID-19​ឡើងវិញ ខណៈ​ករណី​បន្ត​ហក់​ឡើង​៕  
 
 

Tag:
 ឥណ្ឌា​
  COVID-19
  បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com